ជំងឺគ្រុនផ្តាសាយងាយឆ្លងណាស់ ហើយអាចលេចចេញជារោគសញ្ញារយៈពេលច្រើនថ្ងៃ ព្រមទាំងអាចបង្កជាផលវិបាកធ្ងន់ធ្ងរថែមទៀតផង។ ជំងឺផ្លូវដង្ហើមដែលឆ្លងខ្លាំងមួយនេះ ចម្លងទៅមនុស្សរាប់លាននាក់ ក្នុងមួយឆ្នាំៗ ដោយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងវិញ មានអត្រាមរណៈ ចន្លោះពី ២៩០ ០០០នាក់ ដល់ ៦៥០ ០០០នាក់ឯណោះ។ ប៉ុន្តែ គ្នាយើងដឹងអត់ថា វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយ អាចការពារខ្លួនយើងបានល្អបំផុត។
អ្វីទៅជាវ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយ?
វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយ អាចជួយឱ្យប្រព័ន្ធភាពស៊ាំរបស់យើងប្រយុទ្ធនឹងជំងឺគ្រុនផ្តាសាយបានយ៉ាងមានប្រសិទ្ធភាព។ ពិតណាស់ ដោយសារតែវីរុសគ្រុនផ្តាសាយមានបម្រែបម្រួលជារៀងរាល់ឆ្នាំ វ៉ាក់សាំងក៏ត្រូវធ្វើបច្ចុប្បន្នភាពរាល់ឆ្នាំដូចគ្នា។ យ៉ាងណាមិញ វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយមិនអាចការពារយើងបានពេញ១ជីវិតនោះទេ ដូច្នេះហើយទើបយើងត្រូវចាក់វ៉ាក់សាំងប្រភេទនេះជារៀងរាល់ឆ្នាំ។























