ជាធម្មតា ស្រីៗយើងត្រូវរងចាំរហូតលែងមានឈាមហូរតាមទ្វារមាស ទើបអាចចាប់ផ្ដើមរួមភេទសារជាថ្មីបានបន្ទាប់ពីសម្រាលកូនរួច។ មនុស្សជាច្រើនចាប់ផ្ដើមការរួមភេទឡើងវិញ ក្នុងរយៈពេល ៣សប្ដាហ៍ក្រោយស្រ្តីសម្រាលកូនរួច ដោយត្រូវរង់ចាំឲ្យកន្លែងដែលសុកទំជ្រុះ ជាសះស្បើយវិញសិន ព្រោះបើឆាប់រួមភេទទាំងរបួសមិនទាន់ជា អាចបណ្ដាលឲ្យឆ្លងរោគបាន។

អត្ថបទពាក់ព័ន្ធ៖
បើសម្រាលកូនហើយស្រីៗយើងមិនទាន់មានអារម្មណ៍ចង់រួមភេទវិញ ក៏កុំទាន់ភ័យដែរ ព្រោះថាវាជារឿងធម្មតាទេ។ មានស្ត្រីខ្លះមិនចង់រួមភេទរាប់ខែក្រោយសម្រាលក៏មាន។ ពេលសម្រាលកូន ស្រីៗយើងត្រូវចំណាយកម្លាំងច្រើន ហើយត្រូវមើលថែកូនក្រោយសម្រាលទៀត ដូចនេះហើយតើឲ្យស្រីៗយើងមានអារម្មណ៍ចង់រួមភេទវិញយ៉ាងម៉េចបានលឿននោះ។ ពេលខ្លះអារម្មណ៍ស្រីៗមិននឹងន អាចសប្បាយពេលឃើញមុខកូន ឬភ័យគេងមិនលក់ខ្លាចកូនមានរឿងអ្វីមួយកើតឡើង។ ប្រសិនបើម៉ាក់ៗបំបៅដោះកូនទៀត នោះអ័រម៉ូនប្រូឡាក់ទីន ក៏ធ្វើឲ្យម៉ាក់ៗមិនសូវចង់គិតដល់រឿងលើគ្រែហ្នឹងដូចគ្នា។
អត្ថបទពាក់ព័ន្ធ៖
ពេលកើតកូន គ្រូពេទ្យអាចដេរត្រង់ទ្វារមាសប្រសិនបើមានការដាច់រហែក នេះជាមូលហេតុសំខាន់ ដែលម៉ាក់ៗមិនត្រូវឆាប់រួមភេទទេ។ ម៉ាក់ត្រូវចាំឲ្យគ្រូពេទ្យកាត់ចេស និងជាមុខរបួសសិន។ ទោះបីជាម៉ាក់សម្រាលដោយមិនមានដាច់រលាត់កន្លែងណាក្ដី តែក៏ចៀសមិនផុតពីការឈឺចាប់នៅត្រង់ទ្វារនោះទេ បើមិនជឿអាចសាកយកដៃទៅស្ទាបមើលក៏បាន។ រាល់បញ្ហាទាំងអស់ហ្នឹង នឹងបាត់ទៅវិញដោយខ្លួនឯង។
ករណីខ្លះ ម៉ាក់ៗមិនអាចរួមភេទវិញបានដោយសារកត្តាផ្លូវចិត្ដរបស់ខ្លួនដែរ។ ស្រីៗយើងមួយចំនួនមិនពេញចិត្ដជាមួយដងខ្លួនក្រោយពេលពពោះ និងក្រោយសម្រាលនោះទេ ស្រីៗយើងខ្លះបាត់ភាពជឿជាក់លើខ្លួនឯង។
មានម៉ាក់ៗខ្លះទៀត ទៅជាកើតជំងឺបាក់ទឹកចិត្ដក្រោយសម្រាលកូន ហើយជំងឺហ្នឹងក៏ធ្វើឲ្យម៉ាក់ៗខ្លះមិនគិតដល់រឿងលើគ្រែវិញដែរ។ បើម៉ាក់គិតថាខ្លួនឯងបាក់ទឹកចិត្ដខ្លាំង រហូតប៉ះពាល់ដល់ការមើលថែខ្លួនឯង និងកូន ម៉ាក់គួរទៅជួបជាមួយគ្រូពេទ្យឯកទេស ដើម្បីទទួលការព្យាបាល។
ត្រង់ចំណុចនេះ មានការណែនាំឲ្យយើងប្រាប់ប្តីយើងតាមត្រង់តែម្ដងទៅ ព្រោះភាពស្មោះត្រង់ជួយឲ្យទំនាក់ទំនងផ្លូវភេទយើង អាចរក្សាបានយូរអង្វែង ទោះស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ។ បើស្វាមីចង់រួមភេទ តែយើងមិនទាន់ចង់ នោះស្វាមីអាចនឹងអន់ចិត្ដ តែស្រីៗយើងត្រូវដឹងថា រឿងលើគ្រែនេះគឺជារឿងសប្បាយ ដូចនេះបើវាមិនធ្វើឲ្យយើងសប្បាយចិត្ដទេ កុំធ្វើវាអី។ កុំដាក់សម្ពាធលើខ្លួនឯងខ្លាំងពេក។ ទោះមិនរួមភេទ ក៏មានវិធីជាច្រើនផ្សេងទៀត សម្រាប់បង្ហាញក្ដីស្រលាញ់នៅតែមាន ដូចជាការថើប ការឱប ឬញ៉ាំអាហារឆ្ងាញ់ៗជុំគ្នាជាដើម។
មានពេលខ្លះប្ដីក៏បារម្ភមអំពីរឿងលើគ្រែនេះដូចគ្នា ប្ដីខ្លាចធ្វើឲ្យប្រពន្ធឈឺចាប់។ អ៊ីចឹងហើយបានគេណែនាំឲ្យនិយាយគ្នាចំៗ កុំលាក់បាំងអី។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Sex after the birth. https://www.babycentre.co.uk/a536362/sex-after-the-birth. Accessed May 17, 2017.
កំណែប្រែបច្ចុប្បន្ន
26/06/2020
អត្ថបទដោយ ណៃ ទូច
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Solika
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ