ពិតណាស់ ការរួមភេទផ្ដល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរបស់ស្រីៗយើង ដូចជាកាត់បន្ថយស្រេ្តស ពង្រឹងប្រព័ន្ធភាពស៊ាំ បន្ថយសម្ពាធឈាម ក៏ដូចជាជួយឲ្យគេងលក់ស្រួល។ ជាមួយគ្នានេះដែរ ការរួមភេទក៏ជួយដល់សម្រស់របស់ស្រីៗយើងដូចគ្នា ដោយធ្វើឲ្យស្បែក និងសក់រឹងមាំ ជួយឲ្យយើងនៅក្មេងជាងវ័យ ព្រមទាំងកាត់បន្ថយមុន។ ប៉ុន្តែពេលខ្លះ បន្ទាប់ពីបញ្ចប់ប្រតិបត្តិការរួច ក៏មានស្រីៗមួយចំនួនជួបប្រទះអាការៈផ្សេងៗដូចជាចង្អោរជាដើម។ តើអាការៈក្អួតចង្អោរក្រោយរួមភេទរួច បណ្ដាលមកពីបញ្ហាអ្វី?
១. ការចូលជ្រៅ
មូលហេតុចម្បងមួយដែលធ្វើឲ្យយើងមានអារម្មណ៍ចង់ចង្អោរ បន្ទាប់ពីរួមភេទរួច គឺដោយសារតែប្រដាប់ភេទរបស់ដៃគូចូលទៅជ្រៅហួសពីតំបន់សុខស្រួល ដែលប៉ះពាល់ដល់សរីរាង្គអាងត្រគាក ដូចជាស្បូន និងមាត់ស្បូន ជាហេតុបណ្ដាលឲ្យស្រីៗយើងកើតមានអាការៈក្អួតចង្អោរ។
២. បញ្ចេញកម្លាំងខ្លាំងក្លាពេក
អាការៈចង្អោរបន្ទាប់ពីរួមភេទរួច អាចមកពីយើងបញ្ចេញកម្លាំងស្វាហាប់ខ្លាំងជ្រុល នៅអំឡុងពេលប្រតិបត្តិការលើគ្រែ។ ជាក់ស្ដែង ការផ្លាស់ទីចុះឡើងឥតឈប់ឈរ នឹងធ្វើឲ្យយើងចង់ក្អួត ដែលប្រៀបដូចជាអាការៈពុលឡាន ឬទូកដូចគ្នាដែរ។
៣. ការឈានដល់ចំណុចកំពូល
ទន្ទឹមនឹងនេះដែរ ការឈានដល់ចំណុចកំពូលក៏អាចជាមូលហេតុនៃអាការៈចង្អោរនេះដែរ។ ចាប់ពីពេលដែលស្បូនរួមតូច អំឡុងពេលឈានដល់ចំណុចកំពូល វាអាចបង្កើតបានជាការឆ្លើយតបនិងគ្រឿងក្នុងដែលធ្វើឲ្យយើងមានអារម្មណ៍មិនស្រួលខ្លួន។ សម្រាប់ស្រីៗមួយចំនួន ការបង្រួមនេះ អាចបង្កជាការឈឺចាប់ ដែលអាចបណ្ដាលឲ្យក្អួតចង្អោរ។
៤. ដុំស្បូន ឬគីសក្រពេញអូវែ
អាការៈចង្អោរក៏អាចជាសញ្ញាបង្ហាញពីបញ្ហាធ្ងន់ធ្ងរផងដែរ។ ការរួមភេទអាចរលាកគីសក្រពេញអូវែ ឬប៉ះចំដុំស្បូន ដែលយើងនឹកស្មានមិនដល់។ កត្តានេះអាចបណ្ដាលឲ្យមានការរំខានដល់សរីរាង្គអាងត្រគាក ដែលនាំឲ្យយើងកើតមានអាការៈក្អួតចង្អោរ។
៥. ប្រតិកម្មខាងអារម្មណ៍
ប្រសិនបើយើងកំពុងស្ថិតក្នុងទំនាក់ទំនងដែលមិនល្អ ឬ រំលោភបំពាន វាក៏អាចបណ្ដាលឲ្យយើងកើតមានអារម្មណ៍ក្អួតចង្អោរ នៅអំឡុង និងបន្ទាប់ពីរួមភេទជាមួយនឹងដៃគូរួច។ ម្យ៉ាងវិញទៀត ក្នុងករណីដែលយើងមានទំនាក់ទំនងពោរពេញទៅដោយសេចក្ដីសុខ បញ្ហាប៉ះទង្គិចផ្លូវចិត្តពីស្នេហាចាស់ ដែលលេចឡើងខណៈពេលរួមភេទជាមួយនឹងគូស្នេហ៍បច្ចុប្បន្ន ក៏អាចជាហេតុធ្វើឲ្យយើងមានបញ្ហាចង្អោរ។
៦. លេបទឹកកាម
លើសពីនេះ ការលេបទឹកកាមរបស់ដៃគូក៏អាចធ្វើឲ្យយើងមានអារម្មណ៍មិនស្រួលខ្លួន។ ក្រោយបញ្ចប់ការសម្រេចកាមដោយប្រើមាត់ ស្រីៗយើងគប្បីជៀសវាងការលេបទឹកកាម ប្រសិនបើយើងតែងតែមានអាការៈចង្អោរបន្ទាប់ពីរួមភេទរួច។
[embed-health-tool-ovulation]