ការរួមភេទមិនបានការពារ មិនត្រឹមតែធ្វើឲ្យដៃគូរួមភេទប្រឈមនឹងការឆ្លងជំងឺកាមរោគ ឬមានផ្ទៃពោះដោយចៃដន្យនោះទេ តែក៏អាចមានហានិភ័យឆ្លងវីរុសថ្លើមប្រភេទB ដូចគ្នា បើដៃគូម្ខាងណាមានផ្ទុកវីរុសនេះ។ ប៉ុន្តែ អត្រាហានិភ័យឆ្លងវីរុសថ្លើមប្រភេទB លើបុរសតាមរយៈការរួមភេទជាមួយដៃគូជាស្រ្តី គេរកឃើញថាមានទាបជាងភាគីខាងស្រី។ ហេតុអ្វី?
ជំងឺថ្លើមអាចឆ្លងតាមឈាម ទឹកកាម និងសារធាតុរាវរបស់រាងកាយមួយចំនួនទៀត និងអាចចម្លងពីម្នាក់ទៅម្នាក់ទៀតពេលរួមភេទមិនបានការពារ បើសិនជាដៃគួម្ខាងមានផ្ទុកវីរុសនេះ។
១. សារធាតុរាវរបស់រាងកាយ
ទឹកកាម ទឹករម្អិលចេញពីទ្វារមាសស្រ្តី សុទ្ធតែអាចផ្ទុកវីរុសថ្លើមប្រភេទB។ វីរុសថ្លើមមានកម្រិតខ្ពស់ កម្រិតឆ្លងក៏ខ្ពស់ដែរ តាមរយៈសារធាតុរាវទាំងនេះ។ ប៉ុន្តែ ទោះបីជាដៃគូមានផ្ទុកវីរុសមានកម្រិត ទាប ក៏នៅតែមានលទ្ធភាពចម្លងទៅដៃគូម្ខាងទៀតដែរ នៅពេលរួមភេទតាមទ្វារមាស។ នេះមានន័យថាបុរសមានផ្ទុកវីរុសថ្លើមប្រភេទB ទោះមិនអាចរកឃើញវត្ដមាន របស់វីរុសនៅក្នុងខ្លួន ក៏នៅតែអាចចម្លងទៅកាន់ដៃគូជាស្រ្តីបាន ព្រោះថាទឹកកាមមានផ្ទុកវីរុសនេះជាស្រេចទៅហើយ។
ក្នុងការរួមភេទរវាងបុរស និងស្រ្តី ភាគីខាងស្រ្តីហាក់មានហានិភ័យខ្ពស់ជាងដៃគូខាងប្រុសពេលរួមភេទមិនបានការពារ។ ការណ៍នេះ កើតឡើងបានក៏ដោយសារតែខាងស្រីជាអ្នកទទួលទឹកកាមរបស់បុរសដែលមានផ្ទុកវីរុសថ្លើមប្រភេទBនៅក្នុងសរីរាង្គភេទរបស់ខ្លួន។ ផ្ទុយមកវិញ បើខាងស្រីមានផ្ទុកវីរុសថ្លើមប្រភេទBមែន ពេលរួមភេទមិនបានការពារ ខាងប្រុសអាចឆ្លងវីរុសថ្លើមតាមរយៈទឹករម្អិល តែមានហានិភ័យទាបជាង។
២. សកម្មភាពផ្លូវភេទ
សកម្មភាពផ្លូវភេទមួយចំនួនអាចបង្កជាហានិភ័យខ្ពស់ក្នុងការឆ្លងវីរុសថ្លើមប្រភេទB។ ឧទាហរណ៍ ដូចជាការរួមភេទតាមរន្ធគូទ មានហានិភ័យឆ្លងខ្ពស់ ដោយហេតុថាអាចមានដាច់រហែកស្បែកអំឡុងពេលរួមភេទ។ មួយវិញទៀត ការរួមភេទតាមមាត់ ក៏ត្រូវបានគេសន្និដ្ឋានថាមានហានិភ័យឆ្លងវីរុសថ្លើមប្រភេទB ទាបជាងការរួមភេទតាមទ្វារមាសផងដែរ។
វីរុសថ្លើមប្រភេទB ត្រូវគេដឹងថាអាចឆ្លង ហើយមិនមានចេញរោគសញ្ញា ធ្វើឲ្យអ្នកឆ្លងមិនដឹងថាខ្លួនមានផ្ទុកវីរុស។ ក្រៅពីការរួមភេទ វីរុសថ្លើមប្រភេទB ក៏អាចឆ្លងតាមការប្រើប្រាស់ម្ជុល សឺរ៉ាំង ឬរបស់មុតស្រួចរួមគ្នាផងដែរ។
៣. វិធីបង្ការ
ការចាក់វ៉ាក់សាំងបង្ការជំងឺថ្លើមប្រភេទB ជារឿងល្អបំផុតមួយសម្រាប់មនុស្សគ្រប់គ្នា។ ក្រៅពីទារក ដែលតម្រូវឲ្យមានការចាក់វ៉ាក់សាំងបង្ការជំងឺថ្លើមប្រភេទBតាំងពីកើតភ្លាម មនុស្សធំក៏អាចចាក់វ៉ាក់សាំងប្រភេទនេះបានដែរ។ ពិសេសអ្នកស្ថិតក្នុងវ័យរួមភេទ បុរសស្រឡាញ់បុរស និងអ្នកមានសមាជិកគ្រួសារកើតជំងឺថ្លើមប្រភេទB ជាដើម ក៏គួរស្វែងរកការចាក់វ៉ាក់សាំងបង្ការវីរុសនេះផងដែរ។
[embed-health-tool-ovulation]