ក្រោយជាសះស្បើយពីកូវីដ១៩ អាចរួមភេទវិញបាននៅពេលណា? ជឿថាសំណួរនេះពិតជាមានគ្នាយើងនឹកឆ្ងល់ក្នុងចិត្តមិនខាន។ ពិតណាស់ថាពេលសង្ស័យ ឬតេស្តឃើញវិជ្ជមានកូវីដ១៩ យើងមិនអាចរួមភេទបានទេ ដើម្បីចៀសវាងការចម្លងវីរុសនេះទៅកាន់ដៃគូររបស់យើង។ ចុះក្រោយពីជាសះស្បើយយូរប៉ុនណាទើបអាចរួមភេទវិញបាន?
១. កូវីដ១៩ និងការរួមភេទ
រាល់ការនៅជិតស្និទ្ធគ្នា ឬនៅជិតគ្នាតិចជាង២ម៉ែត្រអាចធ្វើឲ្យយើងយើងឆ្លងវីរុសកូវីដ១៩ ពីអ្នកផ្ទុកវីរុសនេះបាន មិនថាចាំបាច់ទាល់តែយើងមានសកម្មភាពផ្លូវភេទនោះទេ។
ក្នុងករណីសង្ស័យថាយើងអាចឆ្លងកូវីដ១៩ ដោយសារបានពាក់ព័ន្ធ ឬប៉ះពាល់អ្នកវិជ្ជមានកូវីដ១៩ យើងក៏មិនគួររួមភេទជាមួយដៃគូដែរ ព្រោះថាយើងអាចឆ្លងវីរុស តែមិនទាន់មានចេញរោគសញ្ញា។ ដូចគ្នាដែរ បើសិនជាយើង និងដៃគូមានអារម្មណ៍មិនស្រួល ចូរកុំថើបគ្នា ឬរួមភេទ គួរតែតេស្តរកកូវីដ១៩ ជាមុន ដើម្បីប្រាកដថាអ្នកទាំងពីរអវិជ្ជមាន និងមានអារម្មណ៍ស្រួលខ្លួនឡើងវិញ។
២. រួមភេទក្រោយជាសះស្បើយពីកូវីដ១៩
ការសិក្សាថ្មីៗនេះបានរកឃើញថាវីរុសកូវីដ១៩ អាចបន្តមានវត្តមាននៅក្នុងខ្លួនអ្នកជាសះស្បើយពីជំងឺដល់ទៅបីខែគិតតាំងពីថ្ងៃរកឃើញវីរុសក្នុងខ្លួនដំបូង។ ការណ៍នេះហើយបានជាអ្នកជាសះស្បើយខ្លះបានតេស្តឃើញវិជ្ជមានវីរុសនេះជាថ្មី តែមិនមែនមានន័យថាវីរុសនោះអាចឆ្លងទៅអ្នកផ្សេងបានទៀតនោះទេ។
ដូចគ្នាដែរ ការសិក្សាលើអ្នកជំងឺ ជាសះស្បើយពីកូវីដ១៩ នៅប្រទេសចិនបានរកឃើញថា ទោះជាជាពីជំងឺហើយមែន ប៉ុន្តែវីរុសកូវីដ១៩ នៅអាចមានវត្តមាននៅក្នុងទឹកកាមបុរស។ ទោះបីជាវីរុសកូវីដ១៩ មិនមែនជាវីរុសឆ្លងតាមការរួមភេទ តែអ្នកជំនាញនៅតែណែនាំថាអ្នកជាសះស្បើយពីកូវីដ១៩ គួររង់ចាំគ្រប់រយៈពេល២៨ ទៅ៣០ថ្ងៃ ក្រោយជាសះស្បើយចាំរួមភេទ និងត្រូវរួមភេទដោយប្រើស្រោមអនាម័យទៀតផង។
ការមានវត្តមានវីរុសកូវីដ១៩ នៅក្នុងទឹកកាម ត្រូវបានក្រុមអ្នកស្រាវជ្រាវអះអាងថាវីរុសនេះអាចឆ្លងតាមចរន្តឈាម ចូលទៅក្នុងទឹកកាមរបស់អ្នកជំងឺ ដែលជាហេតុនាំឲ្យមានវីរុសនៅក្នុងទឹកកាម។
ដោយសារតែវត្តមានរបស់វីរុសកូវីដ១៩ អាចបន្តនៅក្នុងទឹកកាម អ្នកជំនាញសុខាភិបាលថៃ ក៏បានណែនាំដល់អ្នកជាពីជំងឺកូវីដ១៩ ឲ្យរង់ចាំរហូត៣០ក្រោយជាសះស្បើយ ចាំចាប់ផ្ដើមសកម្មភាពផ្លូវភេទរបស់ខ្លួនឡើងវិញដែរ ខណៈដែលការសិក្សារបស់បណ្ណាល័យវេជ្ជសាស្រ្តនៃវិទ្យាស្ថានជាតិសុខភាពអាមេរិក ថាយ៉ាងហោចណាស់បាន២៨ថ្ងៃក្រោយជាសះស្បើយ។
[embed-health-tool-ovulation]