មានគ្នាយើងមួយចំនួនធ្វើការងារជាមួយកុំព្យូទ័រច្រើន ខ្លះអាច ៨ម៉ោង/ថ្ងៃ ដែលធ្វើឲ្យយើងជួបបញ្ហាឈឺ ស្ពឹកភ្នែកជារឿយៗ ដោយសារខំប្រឹងសម្លឹងអេក្រង់ខ្លាំងពេក។ មិនតែប៉ុណ្ណោះ ការសម្លឹងមើលអេក្រង់យូរ មិនថា កុំព្យូទ័រ ទូរស័ព្ទ ឬក៏ទូរទស្សន៍ទេ វាក៏ធ្វើឲ្យភ្នែកយើងឆាប់ស្ងួតថែមទៀតផង។
ក្រៅពីនេះ មូលហេតុនៃការបង្កឲ្យមានជំងឺភ្នែកស្ងួតមានដូចជា ការរលាករ៉ាំរ៉ៃនៃត្របកភ្នែក ខ្វះខាតទឹកភ្នែក ឬទឹកភ្នែកគ្មានគុណភាព។ សូម្បីតែក្រោមកង្ហារ ឬនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់យូរក៏ធ្វើឲ្យស្ងួតភ្នែកបានដែរ។ នេះបើតាមការឲ្យដឹងពីមន្ទីរពេទ្យ កាល់ម៉ែត។
ចំពោះបញ្ហាភ្នែកស្ងួតនេះ យើងអាចដោះស្រាយតាមតិចនិកងាយៗខាងក្រោមនេះបាន ព្រោះជំងឺភ្នែកស្ងួត ក៏អាចផ្ដល់ផលប៉ះពាល់ដល់អ្នកជំងឺមិនតិចដែរ ហើយតិចនិកទាំងនោះរួមមាន៖
១. ចៀសវាងខ្យល់បក់ចំភ្នែក៖ យើងគួរចៀសវាងបណ្ដោយឲ្យខ្យល់បក់ត្រូវភ្នែកចំៗ ដូចជានៅពេលប្រើម៉ាស៊ីនផ្លុំសក់ ម៉ាស៊ីនត្រជាក់ ឬកង្ហារជាដើម។
២. សម្រាកភ្នែក៖ បើយើងកំពុងអាន ឬធ្វើអ្វីដែលត្រូវប្រើភ្នែកសម្លឹងយូរ គួរតែមានពេលសម្រាកភ្នែកខ្លះដោយបិទភ្នែក ។ មួយវិញទៀត យើងក៏ត្រូវធ្មេចភ្នែកឲ្យបានញឹកញាប់ដែរ ដើម្បីជួយបង្កើនទឹកភ្នែកផ្ដល់ភាពសើមខ្លះឲ្យភ្នែក។
៣. ដាក់អេក្រង់ឲ្យក្រោមកម្ពស់ភ្នែក៖ បើយើងដាក់អេក្រង់កុំព្យូទ័រខ្ពស់ជាងកម្ពស់ភ្នែក យើងត្រូវបើកភ្នែកធំៗសម្លឹងមើលអេក្រង់ ធ្វើឲ្យយើងខំប្រឹងបើកភ្នែក និងងាយធ្វើឲ្យភ្នែកស្ងួត។
៤. ឈប់ជក់បារី ឬចៀសវាងផ្សែង៖ ផ្សែងអាចធ្វើឲ្យអាការៈភ្នែកស្ងួតកាន់តែយ៉ាប់យ៉ឺន ដូចនេះហើយសម្រាប់យើងត្រូវព្យាយាមចៀសឲ្យឆ្ងាយពីកន្លែងមានផ្សែង ហើយបើខ្លួនយើងផ្ទាល់ជាអ្នកបង្កើតផ្សែងដោយការជក់បារី គួរតែពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីរកវិធីសាស្ត្រក្នុងការផ្ដាច់បារី។
៥. ប្រើថ្នាំបន្តក់ភ្នែក៖ ប្រសិនបើយើងមានបញ្ហាភ្នែកស្ងួតរ៉ាំរ៉ៃ គួរប្រើថ្នាំបន្តក់ភ្នែក ដើម្បីជួយផ្ដល់សំណើមដល់ភ្នែក។
ទាក់ទងនឹងបញ្ហាភ្នែកស្ងួតនេះ អ្នកជំងឺអាចទទួលផលប៉ះពាល់ផ្សេងៗដូចជា ភ្នែកឆ្លងមេរោគ អាចរលាកភ្នែក បាត់បង់គំហើញ បើមិនបានព្យាបាលត្រឹមត្រូវ និងធ្វើឲ្យយើងបាត់បង់គុណភាពក្នុងការរស់នៅ។
[embed-health-tool-ovulation]