អ្នកខ្លះយល់ថាភ្នែកឡើងលឿង គឺអ្នកនោះមានជំងឺខាន់លឿង។ ប៉ុន្តែភ្នែកឡើងលឿងខ្លះមិនមែនដោយសារជំងឺខាន់លឿងនោះទេ បើមិនមានចេញរោគសញ្ញាស្បែកលឿងមកជាមួយគ្នាដែរនោះ។
ភ្នែកឡើងលឿងនៅពេលខ្លះ គ្រាន់តែបង្កឡើងដោយមូលហេតុសាមញ្ញៗ តែក៏អាចជាសញ្ញាសុខភាពធ្ងន់ធ្ងរផ្សេងដែរ។ បើអ៊ីចឹងភ្នែកឡើងលឿងអាចមកពីអ្វីខ្លះ?
១. សារធាតុbilirubinឡើងខ្ពស់
សារធាតុ bilirubin ផលិតឡើងនៅពេលថ្លើមបំបែកកោសិកាឈាមក្រហមចាស់ៗ។ សារធាតុ bilirubin ក៏ប្រមូលផ្ដុំ និងផលិតទឹកប្រមាត់ហើយថង់ទឹកប្រមាត់ក៏បញ្ចេញវាទៅកាន់ពោះវៀនតូចពេលត្រូវការ ដើម្បីបំបែកខ្លាញ់នៅពេលដំណើរការរំលាយអាហារ។
សារធាតុ bilirubin ត្រូវបញ្ចេញពីរាងកាយតាមរយៈលាមក និងធ្វើឲ្យលាមកនៅរក្សាពណ៌ត្នោតជាធម្មតា។ នៅពេលមួយដែលចំនួនកោសិកាឈាមក្រហមត្រូវបំបែកច្រើនខុសប្រក្រតី សារធាតុ bilirubin អាចនឹងកើនឡើងក្នុងរាងកាយលឿនដែរ។ អ្នកមានជំងឺថ្លើម ក៏អាចធ្វើឲ្យសារធាតុ bilirubin កើនឡើងក្នុងកម្រិតខ្ពស់ខុសធម្មតាដែរ។
សារធាតុ bilirubin កើនឡើងច្រើនខ្លាំង ជាមូលហេតុមួយក្នុងចំណោមមូលហេតុផ្សេងទៀតបង្កជំងឺខាន់លឿង។ គ្រូពេទ្យអាចណែនាំឲ្យអ្នកជំងឺធ្វើតេស្តដំណើរការរបស់ថ្លើមច្រើនប្រភេទ មុននឹងអាចវាយតម្លៃពីប្រភេទបញ្ហាកើតមានលើថ្លើម។ ចំណែកការព្យាបាលវិញ គឺអាស្រ័យលើមូលហេតុបង្កនាំឲ្យសារធាតុ bilirubin កើនឡើង។
២. ឆ្លងបាក់តេរី
ភ្នែកឆ្លងបាក់តេរីប្រភេទ Leptospira ក៏អាចធ្វើឲ្យភ្នែកឡើងលឿងបានដែរ។ មនុស្សនៅតំបន់មានអាកាសធាតុក្ដៅ និងប៉ះពាល់ទឹកមានផ្ទុកទឹកនោមសត្វច្រើន សុទ្ធតែអាចប្រឈមនឹងការឆ្លងបាត់តេរីនេះ។
អ្នកឆ្លងបាក់តេរីប្រភេទនេះ នឹងវិវដ្ដទៅជាក្អក ឈឺក ឈឺក្បាល ឈឺសាច់ដុំ និងឈឺពោះ ហើយក៏មានហើមកូនកណ្ដុរផងដែរ។ ជាមួយគ្នានេះ ក៏អាចធ្វើឲ្យអណ្ដើក ឬថ្លើមរីកធំផងដែរ
៣. ញៀនស្រា
ញៀនស្រាជាជំងឺរ៉ាំរ៉ៃមួយដែលធ្វើឲ្យយើងចេះតែចង់ផឹកស្រា។ ការផឹកគ្រឿងស្រវឹងច្រើនហួសកម្រិតពេក អាចធ្វើឲ្យខូចថ្លើម។ អ្នកផឹកស្រាជោគជាំប្រចាំថ្ងៃ មានហានិភ័យខ្ពស់វិវដ្ដទៅជាជំងឺថ្លើមដោយសារគ្រឿងស្រវឹង។ ជំងឺថ្លើមរួមមាន រលាកថ្លើម ក្រិនថ្លើម អាចនាំឲ្យកើតលឿង ជាលទ្ធផលធ្វើឲ្យភ្នែកឡើងលឿងដែរ។ វិធីព្យាបាល គឺត្រូវឈប់ផឹកគ្រឿងស្រវឹង និងវិធីសាស្រ្តផ្សេងតាមការណែនាំរបស់គ្រូពេទ្យ។
៤. រលាកលំពែង
រលាកលំពែង កើតឡើងពីការឆ្លងរោគនៅលំពែង។ ការណ៍នេះធ្វើឲ្យលំពែងហើម និងរលាក។ រលាកលំពែងធ្វើឲ្យឈឺក្នុងពោះ ក៏ដូចជាមានកើតលឿងនៅស្បែក និងភ្នែក។ ជំងឺនេះត្រូវការការព្យាបាលដោយគ្រូពេទ្យជំនាញ។
៥. Hemolytic Anemia
Hemolytic Anemia គឺជាបញ្ហាឈាមដែលកើតឡើងដោយសាររាងកាយបំបែកកោសិកាឈាមក្រហមលឿនពេក នាំឲ្យមានជំងឺស្លេកស្លាំងធ្ងន់ធ្ងរ។ កម្រិតសារធាតុ Bilirubin កើនឡើងពេលដែលកោសិកាឈាមក្រហមត្រូវបំបែកលឿនពេក នាំឲ្យផ្នែកពណ៌សរបស់ភ្នែកប្រែជាលឿង។
[embed-health-tool-ovulation]