ការពត់ធ្មេញឱ្យត្រង់ដើម្បីឱ្យធ្មេញស្អាតកំពុងទទួលការពេញនិយមក្នុងចំណោមស្រទាប់យុវវ័យ និងមនុស្សពេញវ័យ។ ដូច្នេះហើយទើបមានចម្ងល់ជាច្រើនទាក់ទងនឹងការពត់ធ្មេញ ជាពិសេសអ្នកដែលមានបំណងចង់ពត់ធ្មេញ។ តើព័ត៌មានអ្វីខ្លះដែលយើងតែងតែចង់ដឹងពីការពត់ធ្មេញ?
ទន្តបណ្ឌិតឯកទេស ជុំ ម៉ូនី ពិនិត្យ និងព្យាបាលមាត់ធ្មេញនៅមន្ទីរព្យាបាលមាត់ធ្មេញអេឡេហ្គង់បានបកស្រាយពីសំណួរទាំង ៥ ដែលត្រូវបានសួរញឹកញាប់ទាក់ទងនឹងព័ត៌មានពីការពត់ធ្មេញដូចខាងក្រោម៖
១. ក្រោយពេលដោះឧបករណ៍ពត់ធ្មេញហើយ ធ្មេញយើងនឹងត្រង់រហូតឬយ៉ាងណា?
បន្ទាប់ពីដោះឧបករណ៍ពត់ធ្មេញហើយ ធ្មេញយើងនឹងនៅត្រង់ជួរជារៀងរហូតដរាបណាយើងនៅប្រើឧបករណ៍ទប់ធ្មេញ (Retainer)។ មានន័យថា យើងត្រូវប្រើឧបករណ៍ទប់ធ្មេញហ្នឹងរហូតដើម្បីទប់ធ្មេញកុំឱ្យរត់ទៅរកភាពដើមវិញ បើមិនដូច្នោះទេ ធ្មេញយើងអាចរត់ទៅរកភាពដើមវិញយ៉ាងហោចណាស់ ១០%-២០%។
២. ការពត់ធ្មេញត្រូវការពេលប៉ុន្មាន?
ចំពោះការពត់ធ្មេញជាទូទៅត្រូវការពេលពី ១៦ ទៅ ២៤ ខែទៅតាមស្ថានភាពធ្មេញ ហើយចែកចេញជា ៣ ដំណាក់កាលគឺ៖
- ដំណាក់កាលទី ១៖ ត្រូវការពេលប្រហែលពី ៤ ទៅ ៦ ខែ
- ដំណាក់កាលទី ២៖ ត្រូវការពេលពី ៦ ទៅ ៨ ខែ
- ដំណាក់កាលទី ៣៖ ត្រូវការពេលប្រហែលពី ៤ ទៅ ៦ ខែ
៣. ក្រោយពេលពត់ធ្មេញហើយ ទម្រង់មុខយើងអាចប្តូរប្រែប្រួល?
ពេលខ្លះក្រោយពីពត់ធ្មេញហើយ ទម្រង់មុខរបស់យើងក៏អាចផ្លាស់ប្តូរខ្លះដែរ។ ឧទាហរណ៍ បើងាំធ្មេញ ឬឆ្អឹងថ្គាមរបស់យើងដុះខុសប្រក្រតី ហើយធ្វើឱ្យយើងវៀចមុខ ការពត់ធ្មេញអាចផ្លាស់ប្តូរទម្រង់ឆ្អឹងថ្គាម ទម្រង់ធ្មេញ និងទម្រង់មុខរបស់យើង។
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
៤. ឧបករណ៍ពត់ធ្មេញមានប៉ុន្មានប្រភេទ?
ឧបករណ៍ពត់ធ្មេញមាន ៣ ប្រភេទគឺ៖
- ប្រភេទដែកដាក់ខាងក្រៅ៖ យើងមើលឃើញគ្រាប់ៗ
- ប្រភេទដែកដាក់នៅខាងក្នុង៖ យើងមើលអត់ឃើញ
- ប្រភេទជ័រថ្លា(Invisalign)៖ យើងអាចមើលឃើញធ្មេញ
[embed-health-tool-bmi]
៥. ការពត់ធ្មេញមានផលរំខានឬអត់? គួរថែទាំបែបណា?
ការពត់ធ្មេញអាចធ្វើឱ្យយើងប្រឈមនឹងដង្កូវស៊ីធ្មេញក្នុងករណីដែលយើងថែធ្មេញមិនបានដិតដល់ដូចជាដុសធ្មេញមិនស្អាតល្អជាដើម។ ដើម្បីចៀសវាងបញ្ហា យើងត្រូវដុសធ្មេញឱ្យស្អាត និងញឹកញាប់ជាងមុន។
ឧទារហណ៍ បើមុនពេលពត់ធ្មេញ យើងប្រើពេល ៣០ វិនាទី ឬ ១ នាទីក្នុងការដុសធ្មេញ ក្នុងអំឡុងពេលពត់ធ្មេញយើងត្រូវប្រើពេល ១ ទៅ ២ នាទីក្នុងការដុសធ្មេញដើម្បីដុសចុះដុសឡើងឱ្យសព្វគ្រប់កន្លុកកន្លៀតធ្មេញ។
បន្ទាប់ពីដុសធ្មេញហើយ យើងត្រូវប្រើច្រាសដុសធ្មេញពិសេសដែលមានទំហំតូចមកដុសចូលក្នុងប្រឡោះនីមួយៗរបស់ឧបករណ៍ពត់ធ្មេញដើម្បីកុំឱ្យនៅជាប់កម្ទេចកម្ទីចំណីអាហារ រួចត្រូវខ្ពុរមាត់ជាមួយទឹកខ្ពុរមាត់ដែលមានសារធាតុ Fluoride ទៀតដើម្បីជួយឱ្យធ្មេញរឹងមុំា ព្រោះអំឡុងពេលពត់ធ្មេញ គ្រាប់ៗនៅលើឧបករណ៍ពត់ធ្មេញហ្នឹងបាំងធ្មេញយើងដែលធ្វើឱ្យសារធាតុ Fluoride ពីថ្នាំដុសធ្មេញមិនអាចជ្រាបចូលធ្មេញបានច្រើនដូចមុន។
លើសពីនេះទៅទៀត យើងត្រូវចៀសវាងការខាំអាហាររឹងៗដូចជា ឆ្អឹងមាន់ ជើងមាន់ ផ្លែប៉ោម ឬត្របែកជាដើម តែយើងអាចញុំា និងទំពារបានធម្មតាតាមរយៈការហែកស្បែក ឬសាច់ចេញពីឆ្អឹង ឬចិតផ្លែឈើជាចំណិតតូចៗជាដើម។
អត្ថបទគួរអាន៖
- ឧស្សាហ៍ឈឺអញ្ចាញធ្មេញ អាចពាក់ព័ន្ធបញ្ហាសុខភាពទាំងនេះ
- ទម្លាប់អាក្រក់ ៨ យ៉ាងធ្វើឲ្យធ្មេញខូចដោយមិនដឹងខ្លួន
- រោគសញ្ញាសាមញ្ញទាំងនេះកុំថាមិនអី បញ្ជាក់ថាធ្មេញចាប់ផ្តើមពុកហើយ
- ឧស្សាហ៍ស្រៀវធ្មេញ សាកតិចនិកទាំងនេះលមើល៍
- ឧស្សាហ៍ស្រៀវធ្មេញ សាកតិចនិកទាំងនេះលមើល៍
- ជំងឺមាត់ធ្មេញ ២ ប្រភេទគួរឲ្យបារម្ភបំផុត បើមានឆាប់ទៅព្យាបាលឲ្យលឿន