គ្នាយើងភាគច្រើនមិនសូវគិតអំពីសុខភាពមាត់ធ្មេញឲ្យបានដិតដល់នោះទេ មានគ្នាយើងខ្លះតែងតែបរិភោគអាហារនិងភេសជ្ជៈតាមចិត្តចង់ដោយមិនបានដឹងថាទម្លាប់នេះអាចប៉ះពាល់ដល់សុខភាពមាត់ធ្មេញនោះទេ។ ទម្លាប់និងសកម្មភាពទាំងនេះអាចនឹងធ្វើឲ្យធ្មេញរបស់យើងមានបញ្ហាបាន។
១- ទំពារទឹកកក
ទោះបីជាទឹកកកមានលក្ខណៈធម្មជាតិ និងគ្មានជាតិស្ករក៏ដោយ តែទឹកកកក៏អាចធ្វើឲ្យប៉ះពាល់ដល់ធ្មេញរបស់យើងធ្ងន់ធ្ងរជាងរបស់ផ្អែមផងដែរ។ គ្នាយើងខ្លះចូលចិត្តទំពារទឹកកកលេងដោយមិនដឹងពីការខូចខាតដែលធ្មេញទទួលបាននោះទេ។ គ្នាយើងដឹងទេថាដុំទឹកកកគឺរឹងល្មមដែលអាចបំបែកធ្មេញយើងបាន និងថែមទាំងរំខានដល់ជាលិកាទន់នៅក្នុងធ្មេញនិងធ្វើឲ្យឈឺធ្មេញទៀតផង។
អត្ថបទពាក់ព័ន្ធ៖ ចង់ឲ្យអូនៗធ្មេញរឹងមាំល្អពេលធំឡើង? អាចសាកវិធីបាន
២- បៅទឹកដោះគោនៅពេលយប់
ឪពុកម្ដាយមួយចំនួនឧស្សាហ៍បំបៅទឹកដោះគោឬទឹកផ្លែឈើដល់បេប៊ីមុនពេលចូលគេង ដើម្បីកុំឲ្យបេប៊ីឃ្លាននៅពេលយប់អធ្រាត្រ។ ទោះយ៉ាងណាក៏ដោយការបំបៅកូននៅពេលយប់បែបនេះគឺជាការចាប់ផ្ដើមនៃការខូចធ្មេញស្របពេលដែលធ្មេញទារកគ្របដណ្ដប់ទៅដោយជាតិស្ករពេញមួយយប់។
អត្ថបទពាក់ព័ន្ធ៖ មិនចង់ឲ្យកូនឈឺធ្មេញតាំងពីតូច ម៉ាក់ប៉ាគួរធ្វើម៉េច?
៣- ចោះក្រវិលអណ្ដាត
គ្នាយើងខ្លះបានចោះក្រវិលនៅអណ្ដាត ដែលថាមើលទៅគួរឲ្យទាក់ទាញ ប៉ុន្តែនៅពេលដែលយើងចៃដន្យខាំត្រូវកងដែកនោះនឹងធ្វើឲ្យបែកធ្មេញបាន។ ការចោះក្រវិលមាត់ក៏មិនមានសុវត្ថិភាពប៉ុន្មានដែរ។ ស្របពេលដែលកងដែកត្រដុសទៅនឹងអញ្ចាញគឺអាចធ្វើឲ្យមានរបួស និងឈានទៅរកការបាត់បង់ធ្មេញផងដែរ។ ក្នុងមាត់របស់យើងគឺជាជម្រកនៃបាក់តេរីរាប់ពាន់ហើយចំពោះគ្នាយើងដែលធ្វើការចោះក្រវិលនេះអាចនឹងបង្កើតបរិស្ថានដ៏ល្អមួយសម្រាប់បាក់តេរីទាំងនោះរីកលូតលាស់។
៤- ការសង្កៀតធ្មេញ
គ្នាយើងមិនតិចនាក់ទេដែលមានធ្មេញសឹកដោយសារការសង្កៀតធ្មេញ។ ការធ្វើបែបនេះច្រើនតែកើតឡើងដោយសារស្រ្តេស និងអំឡុងពេលគេងលក់ហើយទម្លាប់មួយនេះពិបាកនឹងកែណាស់។ ប្រសិនបើគ្នាយើងមានទម្លាប់នេះជម្រើសដ៏ល្អបំផុតគឺជៀសវាងអាហាររឹង។ ម្យ៉ាងទៀតយើងក៏អាចពាក់ប្រដាប់ការពារមាត់ធ្មេញដើម្បីបង្ការការខូចខាតធ្មេញ។
អត្ថបទពាក់ព័ន្ធ៖ ឧស្សាហ៍ស្រៀវធ្មេញ សាកតិចនិកទាំងនេះលមើល៍
៥- ស្ករគ្រាប់បំបាត់ក្អក
ទោះបីជាស្ករគ្រាប់បំបាត់ក្អកត្រូវបានចាត់ទុកជាថ្នាំក៏ដោយ ប៉ុន្តែស្ករប្រផេទនេះក៏មិនសូវល្អប៉ុន្មានដែរ។ ដើម្បីបង្កើតរសជាតិនៃថ្នាំបានខាងរោងចក្រតែងតែស្រោបថ្នាំក្អកនេះជាមួយស្ករដ៏ច្រើនដែលធ្វើឲ្យមានគ្រោះថ្នាក់ដូចជាស្ករគ្រាប់ធម្មតាដែរ។ ហេតុនេះក្រោយបៀមស្ករគ្រាប់បំបាត់ក្អកកុំភ្លេចដុសសម្អាតធ្មេញផង។
អត្ថបទពាក់ព័ន្ធ៖ ចំណុចមិនគួរមើលរំលង មុនសម្រេចចិត្តជ្រើសរើសច្រាសដុសធ្មេញមកប្រើ
៦- ផឹកទឹកសូដា
ទឹកសូដាមួយកែវអាចមានផ្ទុកជាតិស្កររហូតដល់១១ស្លាបព្រាកាហ្វេ។ បន្ថែមពីនេះទៀតទឹកសូដាគឺសំបូរទៅដោយអាស៊ីដផូស្វរិច និងស៊ីទ្រិចដែលទៅកម្ទេចកាចាធ្មេញរបស់យើងបាន។ កុំគិតថាយើងនឹងមានសុវត្ថិភាពទោះបីយើងផឹកទឹកសូដាសម្រកទម្ងន់ (Diet soda) ក៏ដោយ។ ទឹកសូដាសម្រកទម្ងន់ (Diet soda)ប្រើស្ករសិប្បនិម្មិតច្រើនដែលធ្វើឲ្យមានកម្រិតជាតិអាស៊ីដខ្ពស់។
អត្ថបទពាក់ព័ន្ធ៖ ញ៉ាំបន្លែផ្លែឈើប៉ុន្មានមុខនេះ ជួយឲ្យធ្មេញសបែបធម្មជាតិ
៧- ហែកកញ្ចប់អ្វីមួយដោយប្រើធ្មេញ
វាពិតជាចំណេញពេលវេលាណាស់ក្នុងការប្រើធ្មេញហែកកញ្ចប់អ្វីមួយ។ ប៉ុន្តែការដែលយើងធ្វើបែបនេះគឺមិនបានយូរអង្វែងនោះទេ។ ទង្វើនៃការហែករបស់របរនេះអាចធ្វើឲ្យធ្មេញរបស់យើងបាក់បែក។ គួរប្រើកន្ត្រៃឬប្រដាប់គាស់គម្របដបប្រសើរជាង ព្រោះថាធ្មេញដុះចេញមកសម្រាប់បរិភោគអាហារមិនមែនសម្រាប់ហែកឬបើករបស់របរនោះទេ។
អត្ថបទពាក់ព័ន្ធ៖
- ៨ យ៉ាងពីអនាម័យមាត់ធ្មេញ ជួយធ្មេញមានសុខភាពល្អ
- ធ្មេញលឿង ធ្មេញខ្មៅ មកស្វែងយល់ពីមូលហេតុ និងដំណោះស្រាយទាំងអស់គ្នា!
- សុខភាពមាត់ធ្មេញកុមារសំខាន់ណាស់ ម៉ាក់ប៉ាយកចិត្តទុកដាក់ឲ្យមែនទែន
- អាថ៌កំបាំងជួយអ្នកធ្មេញលឿងៗ ឲ្យសវិញបាន
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]