គ្នាយើងអាចនឹងភ្ញាក់ផ្អើលពេលដឹងថា សុដន់គឺជាកន្លែងទាក់ទាញជាងគេមួយ នៅលើដងខ្លួនរបស់ស្រីៗយើង។ ដូចនេះប្រសិនបើយើងមិនសូវបានខ្វាយខ្វល់អំពីសុដន់ឲ្យបានច្រើន យើងគួរចាប់ផ្ដើមខ្វាយខ្វល់ពីវាឲ្យបានច្រើនចាប់ពីពេលនេះទៅ ដោយសារតែសុដន់របស់យើង អាចប្រាប់អំពីបញ្ហាកើតមានចំពោះសុខភាពរបស់យើងបានជាច្រើនយ៉ាង។
១- សុដន់រីកធំ
ក្នុងសុដន់ភាគច្រើនជាកោសិកាខ្លាញ់ ដូចនេះ ប្រសិនបើថ្មីៗនេះសុដន់គ្នាយើងស្រាប់តែរីកធំជាងមុន បញ្ជាក់បានថា យើងកំពុងតែឡើងគីឡូហើយ ឬបើរួមភេទដោយមិនបានការពារ ក៏អាចបញ្ជាក់គ្នាយើងអាចនឹងកំពុងមានផ្ទៃពោះ ធ្វើឲ្យរន្ធទឹកដោះត្រៀមខ្លួនសម្រាប់ផលិតទឹកដោះ។ ក្រៅពីនេះ នៅមានវិធីពន្យារកំណើត និងបម្រែបម្រួលអ័រម៉ូនពេលមករដូវ សុទ្ធតែអាចធ្វើឲ្យសុដន់រីកធំបានដែរ។
២- សុដន់ស្វិតជាងមុន
សុដន់គ្នាយើងអាចនឹងរួមតូចពេលយើងស្រកគីឡូ ឬនៅពេលអ័រម៉ូនអឺស្រ្តូហ្សែនក្នុងខ្លួនថយចុះ។ ប៉ុន្តែបើសង្កេតឃើញថា សុដន់រួមតូចទាំងមិនបានស្រកគីឡូ ឬមិនទាន់អស់រដូវនោះ គួរតែទៅមន្ទីពេទ្យធ្វើតេស្តរកជំងឺគីសក្នុងក្រពេញអូវែ (PCOS)។ ក្រៅពីជំងឺគីសក្នុងក្រពេញអូវែ នៅមានការផឹកកាហ្វេច្រើនក៏អាចធ្វើឲ្យសុដន់រួមតូចដូចគ្នា។
[embed-health-tool-due-date]
៣- ប្ដូររូបរាង
ជាទូទៅ សុដន់ស្រីៗ គឺសុទ្ធតែមានរូបរាងមកស្រាប់តាមហ្សែនរៀងៗខ្លួន ហើយអាចនឹងប្រែប្រួលតាមអាយុ។ ការប្រែប្រួលនេះបណ្ដាលមកពីសរសៃចំណង និងជាលិកាតភ្ជាប់ចាប់ផ្ដើមខូចខាត និងបាត់បង់ភាពយឺតនៅលើស្បែក។ រឿងសំខាន់គ្នាយើងត្រូវធ្វើមិនត្រូវឲ្យទម្ងន់ប្រែប្រួលខ្លាំងភ្លាមៗពេកទេ ត្រូវហាត់ប្រាណជាប្រចាំ និងពាក់អាវទ្រនាប់ត្រូវជាមួយទំហំសុដន់យើង កុំឲ្យមើលទៅយារធ្លាក់ខ្លាំងពេក។
៤- ដុំរឹងពកលើសុដន់
អំឡុងពេលកំពុងមករដូវ គ្នាយើងប្រហែលជាចាប់អារម្មណ៍ឃើញថាសុដន់មានឡើងដុំរឹង នេះដោយសារតែអ័រម៉ូនកើនឡើង ដើម្បីឲ្យមានសារធាតុរាវចូលមកបំពេញថង់ក្នុងសុដន់។ ដុំពកកើតឡើងពេលមករដូវនេះជាដុំធម្មតាទេ ហើយនឹងបាត់ទៅវិញពេលវដ្ដរដូវបញ្ចប់។ ប៉ុន្តែបើនៅមានការបារម្ភជាមួយដុំទាំងអស់នោះ អាចទៅពិគ្រោះជាមួយគ្រូពេទ្យបន្ថែមបាន ដើម្បីឲ្យប្រាកដថាសុដន់យើងមិនមានបញ្ហាអ្វីកើតឡើងទេ។
៥- ឈឺសុដន់
ឈឺចាប់ក្នុងសុដន់ អាចបណ្ដាលមកពីបញ្ហាជាច្រើន អាចបណ្ដាលមកពីអតុល្យភាពអ័រម៉ូន ដោយសារអាវទ្រនាប់ ផឹកការហ្វេច្រើនពេក ឬអាចបណ្ដាលមកពីត្រូវរបួសនៅលើទ្រូង។ ពេលខ្លះសូម្បីតែកាបូបស្ពាយធ្ងន់បន្តិច ក៏អាចធ្វើឲ្យសុដន់ឈឺដូចគ្នា ហើយការឈឺចាប់ទាំងនេះអាចនៅជាមួយយើងក្នុងរយៈពេលយូរ រហូតដល់ពេលខ្លះឈឺយូរខ្លាំងពេក ធ្វើឲ្យឡើងស្នាមអុជៗទៀតផង។ មានករណីខ្លះ អាការៈឈឺក្នុងសុដន់ អាចបណ្ដាលមកពីកង្វះជាតិអ៊ីយ៉ុងក្នុងខ្លួនបណ្ដាលមកពីក្រពេញទីរ៉ូអ៊ីតធ្វើការមិនបានល្អ។ ការសិក្សារកឃើញថា ស្រីៗអាចបាត់ឈឺក្នុងសុដន់ពេលលេបថ្នាំជំនួយជាតិអ៊ីយ៉ូត ព្រោះប្រសិទ្ធភាពថ្នាំនឹងទៅជួយដល់មុខងារក្រពេញទីរ៉ូអ៊ីតឲ្យធ្វើការបានល្អវិញ។
៦- ចុងសុដន់លឹបចូលក្នុង
បើគ្នាយើងកើតមកមានចុងសុដន់រលឹបចូលក្នុងស្រាប់ មិនចាំបាច់បារម្ភទេ។ ប៉ុន្តែបញ្ហាយើងត្រូវខ្វាយខ្វល់ពាក់ព័ន្ធចុងសុដន់លឹបចូលក្នុងមានតែមួយគត់ គឺអាចជាសញ្ញាជំងឺមហារីកសុដន់។ បើសង្កេតឃើញថា ចុងសុដន់យើងលឹបចូលក្នុង ត្រូវប្រាកដថាមិនមែនមកពីអាវក្នុងរបស់យើងរឹបពេកទេ ហើយបើមិនអស់ចិត្ដ ត្រូវប្រញាប់ទៅជួបជាមួយគ្រូពេទ្យឲ្យបានលឿន។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី