អាការៈចង់ញុំាច្រើនមុនមករដូវបណ្តាលមកពីការប្រែប្រួលអ័រម៉ូន ដែលជាហេតុអាចធ្វើឱ្យយើងឡើងគីឡូ។ អ៊ឹចឹងយើងគួរដោះស្រាយបែបណាដើម្បីរក្សាទម្ងន់?
លោកស្រីវេជ្ជបណ្ឌិត Clare Ballingall ឯកទេសរោគទូទៅ និងជាប្រធានមហាវិទ្យាល័យវេជ្ជសាស្រ្ត RACGP Tasmania នៅប្រទេសអូស្រ្តាលីបានលើកឡើងថា មុនមករដូវអ័រម៉ូនអឹស្ត្រូសែន និង ប្រូហ្សេស្តេរ៉ូនកើនឡើង បន្ទាប់មកធ្លាក់ចុះដែលជាហេតុធ្វើឱ្យស្រីៗយើងចង់ញុំាអាហារច្រើន។
ម្យ៉ាងទៀតការប្រែប្រួលអ័រម៉ូនមុនមករដូវធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមប្រែប្រួលក៏បណ្តាលឱ្យយើងចង់ញុំាអាហារច្រើនដែរ។ខាងក្រោមនេះជាតិចនិកមួយចំនួនដែលអាចគ្រប់គ្រងអាការៈចង់ញុំាច្រើនក្នុងអំឡុងពេលមុនមករដូវ កុំឱ្យយើងឡើងគីឡូ៖
១. ញុំាកាបូអ៊ីដ្រាតល្អ
យើងគួរញ៉ាំអាហារសម្បូរជាតិសរសៃដូចជា គ្រាប់ធញ្ញជាតិ អង្ករសម្រូប សណ្តែក និងដំឡូងជ្វាជាដើមដើម្បីរក្សាលំនឹងជាតិស្ករក្នុងឈាម កាត់បន្ថយការប្រែប្រួលអារម្មណ៍ និងអាការៈឃ្លានអាហារ។
២. ញុំាអាហារសម្រន់
ប្រសិនឃ្លាន យើងអាចញុំាអាហារសម្រន់ដែលល្អចំពោះសុខភាពដូចជា ផ្លែឈើ គ្រាប់ផ្លែឈើ ឬដំឡូងជ្វា កុំបណ្តាលឱ្យឃ្លានជ្រុល ព្រោះអាចនឹងបណ្តាលឱ្យយើងញុំាអាហារកាន់តែច្រើន។
៣. ហាត់ប្រាណ
ការហាត់ប្រាណដូចជា ការដើរ ការហាត់យ៉ូហ្កាជាដើមអាចជួយកាត់បន្ថយភាពតានតឹងដែលបណ្តាលឱ្យយើងចង់ញុំាអាហារច្រើន។
៤. ញុំាអាហារសម្បូរកាល់ស្យូម
យើងគួរញ៉ាំអាហារសម្បូរជាតិកាល់ស្យូមដូចជា បន្លែស្លឹកបៃតង កូនត្រីល្អិតៗ និងផលិតផលធ្វើពីទឹកដោះ។ តាមការសិក្សាបានឱ្យដឹងថា កាល់ស្យូមអាចជួយបង្កើនអ័រម៉ូន serotonin (អ័រម៉ូនធ្វើឱ្យយើងមានអារម្មណ៍ល្អ) និងអាចកាត់បន្ថយការឃ្លាន ហើមពោះ និងរមួលក្រពើ។
៤. ញុំាអាហារសម្បូរម៉ាញេស្យូម
ម៉ាញេស្យូមមាននៅក្នុងបន្លែស្លឹកបៃតង គ្រាប់ធញ្ញជាតិ និងគ្រាប់ផ្លែឈើជាដើម។ ម៉ាញេស្យូមអាចជួយកាត់បន្ថយការចាល់ជាតិទឹកក្នុងខ្លួន ហើមពោះ ឈឺសុដន់ និងធ្វើឱ្យយើងមានអារម្មណ៍ល្អ។
៥. ញុំាអាហារសម្បូរអាស៊ីដខ្លាញ់អូមេហ្គា ៣
អាស៊ីដខ្លាញ់អូមេហ្គា ៣ អាចជួយគ្រប់គ្រងអារម្មណ៍របស់យើង កាត់បន្ថយការរលាក និងជួយទប់ស្កាត់ការឃ្លាន។ អាស៊ីដខ្លាញ់អូមេហ្គា ៣ មាននៅក្នុងអាហារដូចជា គ្រាប់ផ្លែឈើ ប្រេងអូលីវ និងត្រីសាល់ម៉ុនជាដើម។
៦. ហាលថ្ងៃ
យើងគួរហាលថ្ងៃនៅចន្លោះម៉ោង ៧ ដល់ ម៉ោង ៩ ព្រឹក ព្រោះពន្លឺព្រះអាទិត្យអាចជួយរាងកាយយើងផលិតអ័រម៉ូន serotonin ដែលធ្វើឱ្យយើងមានអារម្មណ៍ល្អ និងកាត់បន្ថយអាការៈចង់ញុំាច្រើន។
អាការៈចង់ញុំាច្រើនមុនមករដូវងាយធ្វើឱ្យយើងធាត់ណាស់ ដូច្នេះយើងគួរចៀសវាងអាហារមានជាតិខ្លាញ់ ស្ករ និងអំបិលខ្ពស់។ លើសពីនេះទៅទៀត យើងគួរញុំាទឹក បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងគ្រាប់ផ្លែឈើឱ្យបានច្រើន និងចៀសវាងញុំាអាហារកែច្នៃច្រើន។
[embed-health-tool-ovulation]