ការថែទាំអនាម័យមានសារៈសំខាន់ណាស់ ជាពិសេសអំឡុងពេលមករដូវតែម្ដង ប៉ុន្តែគ្នាយើងខ្លះប្រហែលជាមានចម្ងល់មិនខាន ថាតើការរក្សាអនាម័យដូចម្ដេចទើបត្រឹមត្រូវ និងអាចបញ្ចៀស ឬកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគផ្សេងៗបាន។ ខាងក្រោមនេះ ជាសំណួរខ្លឹមៗពាក់ព័ន្ធនឹងការថែទាំអនាម័យអំឡុងពេលមករដូវ ដែលស្រីៗមិនគួររំលង។
១. យើងគួរលាងសម្អាតបរិវេណទ្វារមាសអំឡុងពេលមករដូវញឹកញាប់ប៉ុនណា?
ឈាមអាចបង្កភាពងាយស្រួលដល់ការលូតលាស់របស់បាក់តេរី ដូច្នេះហើយ គ្រូពេទ្យជំនាញណែនាំឲ្យស្រីៗយើងលាងសម្អាតបរិវេណទ្វារមាសយ៉ាងហោចណាស់២ដងក្នុងមួយថ្ងៃ គឺនៅពេលព្រឹក និងពេលល្ងាច ប៉ុន្តែយើងអាចលាងសម្អាតញឹកញាប់ជាងនេះបាន។
២. យើងគួរប្រើទឹកអនាម័យអំឡុងពេលមករដូវឬអត់?
ការពិតទៅ ទ្វារមាសជាសរីរាង្គដែលអាចលាងជម្រះខ្លួនឯងបាន ហើយការប្រើសាប៊ូធម្មតា ឬផលិតផលអនាម័យមួយចំនួន អាចប៉ះពាល់ដល់floraធម្មជាតិនៃទ្វារមាសទៅវិញ។ ដូចនេះ យើងគួរលាងជម្រះបរិវេណនោះ ជាមួយទឹកក្ដៅឧណ្ហៗដោយមិនចាំបាច់ប្រើសាប៊ូឡើយ។

៣. ពេលមករដូវ អាចប្រើផលិតផលកម្ចាត់ក្លិនមិនល្អនៃទ្វារមាសបានអត់?
ផលិតផលកម្ចាត់ក្លិននៃបរិវេណទ្វារមាស អាចបង្កឲ្យរលាកទ្វារមាស ដែលមានរោគសញ្ញាដូចជារមាស់ ក្រហម និងធ្លាក់ទឹករម្អិលច្រើនលើសពីធម្មតា។ អីចឹងហើយ យើងគួរកាត់បន្ថយការប្រើប្រាស់ផលិតផលទាំងនេះ ទើបជាការប្រសើរ។
៤. បើប្រើសំឡីអនាម័យនៅពេលគេង យើងគួរក្រោកជារៀងរាល់៤ម៉ោងម្ដង ដើម្បីប្ដូរឬអត់?
នៅពេលដែលយើងបញ្ចេញសកម្មភាពនៅអំឡុងពេលថ្ងៃ លំហូរនៃវដ្ដរដូវរបស់យើងក៏ច្រើន ប៉ុន្តែនៅពេលដែលយើងគេង មុខងាររាងកាយនឹងថយចុះ ហើយលំហូរឈាមក៏ថយចុះ ហេតុនេះហើយ យើងអាចប្រើសំឡីអនាម័យពេញមួយយប់បាន ដោយមិនចាំបាច់ផ្លាស់ប្ដូរ។ ប៉ុន្តែ ស្រីៗយើងមិនគួរប្រើTampons លើសពី៨ម៉ោងឡើយ ពីព្រោះសំឡីអនាម័យប្រភេទនេះ អាចបង្កហានិភ័យនៃការឆ្លងមេរោគធ្ងន់ធ្ងរ ក្នុងករណីដែលប្រើប្រាស់យូរម៉ោង។
ចំណុចសំខាន់
សំណួរខ្លឹមៗពាក់ព័ន្ធនឹងការថែទាំអនាម័យអំឡុងពេលមករដូវ ដែលស្រីៗមិនគួររំលង មានដូចជា៖
- យើងគួរលាងសម្អាតបរិវេណទ្វារមាសអំឡុងពេលមករដូវញឹកញាប់ប៉ុនណា?
- យើងគួរប្រើទឹកអនាម័យអំឡុងពេលមករដូវ ឬអត់?
- ពេលមករដូវ អាចប្រើផលិតផលកម្ចាត់ក្លិនមិនល្អនៃទ្វារមាសបានអត់?
- បើប្រើសំឡីអនាម័យនៅពេលគេង យើងគួរក្រោកជារៀងរាល់៤ម៉ោងម្តង ដើម្បីប្តូរឬអត់?