ជាទូទៅ ស្រីៗយើងតែងតែប្រឈមនឹងបញ្ហារោគស្ត្រីមួយចំនួន ដែលអាចប៉ះពាល់ដល់សកម្មភាពប្រចាំថ្ងៃ ការបំពេញការងារ ក៏ដូចជាជីវិតដៃគូ។ យ៉ាងណាមិញ យើងអាចគ្រប់គ្រងបញ្ហារោគស្ត្រីទាំងនេះប្រកបដោយប្រសិទ្ធភាព ដោយអនុវត្តតាមតិចនិកងាយៗខាងក្រោមនេះ។
១. ការឆ្លងមេរោគលើផ្លូវទឹកនោម
ជាក់ស្ដែង ស្រីៗងាយឆ្លងមេរោគដោយសារតែបង្ហួរនោមខ្លី និងបង្ហួរនោមនៅជិតទ្វារមាស។ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគលើផ្លូវទឹកនោម ស្រីៗយើងគប្បីអនុវត្តវិធីសាស្ត្រទាំងនេះ។
- ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ យ៉ាងហោចណាស់ពី២ទៅ៣លីត្រក្នុងមួយថ្ងៃ
- នោម បន្ទាប់ពីរួមភេទរួច
- សម្អាតទ្វារមាសពីខាងមុខទៅខាងក្រោយ
- ពាក់ខោទ្រនាប់ដែលធ្វើពីកប្បាស
២. មករដូវមិនទៀងទាត់
ពិតណាស់ មានស្ត្រីជាច្រើនប្រឈមនឹងបញ្ហារដូវមិនទៀងទាត់ ដោយមករដូវមុន២១ថ្ងៃ ឬយូរជាង៣៥ឆ្នាំ។ មូលហេតុទូទៅបំផុតមួយនៃការមករដូវមិនទៀង គឺបណ្ដាលមកពីអតុល្យភាពអ័រម៉ូនដូចជាគីសទឹកក្រពេញអូវែ វិបត្តិក្រពេញទីរ៉ូអ៊ីត និងលើសកម្រិតប្រូឡាក់ទីនច្រើនក្នុងឈាម។ ជំងឺទាំងនេះអាចបណ្ដាលមកពីអសកម្មរាងកាយ ទម្លាប់ញ៉ាំរបបអាហារមិនត្រឹមត្រូវ ផឹកគ្រឿងស្រវឹង ជក់បារី និងស្រ្តេសជាដើម។ យ៉ាងណាមិញ យើងអាចដោះស្រាយបញ្ហារដូវមិនទៀងតាមតិចនិកទាំងនេះ។
- ញ៉ាំអាហារសុខភាពដែលសម្បូរទៅដោយប្រូតេអ៊ីន ប៉ុន្តែមានជាតិខ្លាញ់ និងស្ករទាប
- ធ្វើលំហាត់ប្រាណយ៉ាងតិច៣០នាទីក្នុងមួយថ្ងៃឲ្យបាន៥ដងក្នុងមួយសប្ដាហ៍
- ញ៉ាំអាហារឲ្យទៀងទាត់ពេលវេលា
- ជៀសវាងការជក់បារី និងចៀសវាងផឹកគ្រឿងស្រវឹង
- គេងឲ្យបាន៨ម៉ោងក្នុងមួយថ្ងៃ
- គ្រប់គ្រងស្រ្តេសឲ្យបានល្អតាមរយៈការធ្វើសមាធិ និងហាត់យូហ្គា
៣. ឆ្លងមេរោគតាមទ្វារមាស
ទម្លាប់ញ៉ាំអាហារហឹរអាចបណ្ដាលឲ្យមានការប្រែប្រួលកម្រិតpHក្នុងទ្វារមាស ធ្វើឲ្យស្រីៗយើងងាយនឹងឆ្លងមេរោគនេះ។ ការធ្លាក់ទឹករម្អិលទ្វារមាសជារឿងធម្មតាប៉ុណ្ណោះ ប៉ុន្តែប្រសិនបើវាមានក្លិនមិនល្អ ព្រមទាំងមានអាការៈរមាស់ មានពណ៌លឿង ឬមានឈាម វាអាចបញ្ជាក់ពីវត្តមាននៃការឆ្លងមេរោគតាមទ្វារមាស ដែលយើងគប្បីពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ទើបជាការប្រសើរ។
ការបង្ករោគនីមួយៗមានវិធីព្យាបាលជាក់លាក់ ប៉ុន្តែប្រសិនបើយើងមិនធ្វើការព្យាបាលឲ្យទាន់ពេលវេលាទេនោះ វាអាចបណ្ដាលឲ្យឆ្លងមេរោគនៅក្នុងស្បូន ឈឺអាងត្រគាករ៉ាំរ៉ៃ និងអាចធ្វើឲ្យយើងគ្មានកូនថែមទៀតផង។
ទាំងនេះជាគន្លឹះខ្លះៗ សម្រាប់ការធ្វើអនាម័យទ្វារមាស ដើម្បីបញ្ចៀសការឆ្លងមេរោគ។
- លាងសម្អាតទ្វារមាសជាមួយសាប៊ូ និងទឹក
- លាងសម្អាតទ្វារមាសពីខាងមុខទៅខាងក្រោយ
- ចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន
- ពាក់ខោទ្រនាប់ដែលមានខ្យល់ចេញចូល
- ញ៉ាំអាហារដែលមានជាតិProbiotics ដើម្បីថែទាំសុខភាពទ្វារមាសឲ្យបានល្អ
- ពិនិត្យទ្វារមាសដោយគ្រូពេទ្យជំនាញជាប្រចាំ ដើម្បីបញ្ចៀសការឆ្លងមេរោគផ្សេងៗ។
[embed-health-tool-ovulation]