អ័រម៉ូនជះឥទ្ធិពលដ៏សម្បើមចំពោះសុខភាពរបស់ស្រីៗយើង ហើយនៅពេលដែលយើងប្រឈមនឹងអតុល្យភាពអ័រម៉ូន វាអាចរារាំងដល់មុខងាររាងកាយទាំងមូល។ ជាទូទៅ បញ្ហាអតុល្យភាពអ័រម៉ូននេះ អាចបណ្ដាលមកពីការទទួលបានសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់ បែបបទរស់នៅមិនល្អ និងបញ្ហាស្រ្តេសជាដើម។
លើសពីនេះ បញ្ហាសុខភាពមួយចំនួនដូចជាជំងឺដុំគីសទឹកលើក្រពេញអូវែ (PCOS) ជំងឺទឹកនោមផ្អែម វិបត្តិនៃការញ៉ាំអាហារ ឬកត្តាអាយុជាដើម សុទ្ធតែអាចបង្កឲ្យមានអតុល្យភាពអ័រម៉ូន។ ដើម្បីស្វែងយល់ពីបញ្ហាសុខភាពឲ្យកាន់តែប្រសើរឡើង គ្នាយើងគប្បីយល់ដឹងពីសញ្ញាទូទៅមួយចំនួននៃបញ្ហាអតុល្យភាពអ័រម៉ូន។
ចង់ពិនិត្យសុខភាពឆ្អឹង ចុចទីនេះ!
កម្មវិធីពិនិត្យជំងឺមហារីកមាត់ស្បូនអនឡាញ
កម្មវិធីពិនិត្យជំងឺមហារីកសុដន់អនឡាញ
ការវាយតម្លៃមុន/អំឡុងពេល/និងក្រោយពេលអស់រដូវ
កម្មវិធីពិនិត្យជំងឺមហារីកក្រពេញអូវែអនឡាញ
១. ប្រែប្រួលអារម្មណ៍
ស្រីៗយើងធ្លាប់ជួបប្រទះការប្រែប្រួលអារម្មណ៍ភ្លាមៗដែរឬទេ? កត្តានេះក៏អាចបណ្ដាលមកពីអ័រម៉ូនដំណើរការមិនល្អផងដែរ។ អ័រម៉ូនអឺស្រ្តូហ្សែន ជះឥទ្ធិពលផ្ទាល់ទៅលើប្រព័ន្ធបញ្ជូនសរសៃប្រសាទ នៅក្នុងខួរក្បាល។ កម្រិតអ័រម៉ូនអឺស្រ្តូហ្សែន ដែលមានបញ្ហា ក៏អាចបង្កឲ្យមានរោគសញ្ញាមុនពេលមានរដូវ (PMS) និងធ្វើឲ្យយើងបាក់ទឹកចិត្ត នៅអំឡុងពេលឈានដល់វ័យជិតអស់រដូវ ឬអស់រដូវ។
២. គេងមិនលក់
ជំងឺគេងមិនលក់ជារោគសញ្ញាទូទៅ ដែលកើតឡើងចំពោះស្ត្រីនៅអំឡុងពេលឈានដល់វ័យជិតអស់រដូវ និងអស់រដូវ។ កត្តានេះកើតឡើងនៅពេលដែលកម្រិតអ័រម៉ូន អឺស្រ្តូហ្សែនធ្លាក់ចុះ ដែលបង្កជាផលរំខានដល់ការគេង ព្រមទាំងធ្វើឲ្យយើងអស់កម្លាំង និងគ្មានថាមពល។
៣. ឡើងទម្ងន់
ការឡើងទម្ងន់ភ្លាមៗ ដោយគ្មានមូលហេតុក៏អាចបង្កឡើងដោយអតុល្យភាពអ័រម៉ូន។ បញ្ហាសុខភាពជាច្រើន ដូចជាក្រពេញទីរ៉ូអ៊ីតមិនដំណើរការ ជំងឺដុំគីសទឹកលើក្រពេញអូវែ ក៏អាចបណ្ដាលឲ្យអ័រម៉ូនប្រែប្រួល ដែលកត្តានេះអាចនាំឲ្យយើងឡើងទម្ងន់ដោយគ្មានមូលហេតុ។
៤. បញ្ហាស្បែក
កម្រិតអ័រម៉ូន អឺស្រ្តូហ្សែន និងProgesterone ទាប នៅក្នុងប្រព័ន្ធរាងកាយ អាចបង្កជាបញ្ហាស្បែកផ្សេងៗ ដូចជាស្បែកស្ងួត រមាស់ និងរបកស្បែក។ ចំណែកឯស្រីៗមួយចំនួនដែលប្រឈមនឹងជំងឺដុំគីសទឹកលើក្រពេញអូវែ ក៏អាចកើតមុនផងដែរ។
៥. ឈឺក្បាលញឹកញាប់
ជាមួយគ្នានេះដែរ អតុល្យភាពអ័រម៉ូនក៏អាចនាំឲ្យយើងឈឺក្បាលភ្លាមៗ អំឡុងពេលមករដូវ។ សម្រាប់ស្រីៗដែលឈានដល់វ័យអស់រដូវ ក៏អាចជួបប្រទះបញ្ហាឈឺក្បាលធ្ងន់ធ្ងរ។ ក្នុងករណីនេះ យើងគប្បីទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ដើម្បីបញ្ចៀសផលវិបាកផ្សេងៗ។
៦. ស្ងួតទ្វារមាស
ទន្ទឹមនឹងនេះដែរ ការធ្លាក់ចុះនៃអ័រម៉ូនអឺស្រ្តូហ្សែនក៏អាចធ្វើឲ្យស្រីៗយើងមានបញ្ហាមួយចំនួនបណ្ដាលឲ្យស្ងួតទ្វារមាស ជាពិសេសនៅក្រោយពេលអស់រដូវ និងជិតអស់រដូវ។ មួយវិញទៀត គ្នាយើងក៏អាចប្រឈមនឹងបញ្ហាអតុល្យភាពអ័រម៉ូន ប្រសិនបើយើងប្រើប្រាស់ថ្នាំពន្យារកំណើត ឬថ្នាំប្រឆាំងនឹងជំងឺបាក់ទឹកចិត្ត ។
៧. មិនអាចមានកូនបាន
អតុល្យភាពអ័រម៉ូន ជាមូលហេតុចម្បងមួយដែលធ្វើឲ្យស្រីៗមិនអាចមានកូនបាន។ កត្តានេះកើតឡើងដោយសារតែវារំខានដល់ការបញ្ចេញពងអូវែ ការពារការឡើងក្រាស់នៃស្រទាប់ស្បូន និងបញ្ចៀសការមានផ្ទៃពោះ។
ស្វែងយល់បន្ថែមពីបញ្ហាអ័រម៉ូនស្ត្រី៖
- ចេះតែឆ្ងល់ថារាងស្គមតែដុះក្បាលពោះ នេះអាចមកពីបញ្ហាអ័រម៉ូន
- មានផ្ទៃពោះ ហើយពិនិត្យឃើញអ័រម៉ូនទីរ៉ូអ៊ីត ខ្សោយ កូនប៉ះពាល់ម៉េចខ្លះ?
- អ័រម៉ូនធ្វើឲ្យឡើងមុនច្រើន ពិតអត់?
- អ័រម៉ូន ប្រូហ្គេស្តេរ៉ូន អាចបន្ថយហានិភ័យរលូតកូន
- ក្រែម និងឡេការពារកម្ដៅថ្ងៃ មានជាតិគីមីប៉ះពាល់អ័រម៉ូន?
- លម្អិតពីការព្យាបាលមហារីកសុដន់ដោយប្រើអ័រម៉ូន
[embed-health-tool-ovulation]