មុន ជារឿងគួរឲ្យរំខាន ពិសេសអ្នកទើបពេញវ័យ។ អ្នកខ្លះឡើងមុន ហើយក៏បាត់ទៅវិញនៅវ័យណាមួយ អ្នកខ្លះទៀតឡើងហើយ ឡើងរហូតមិនទៅណាសោះ។ កើតមុនជារឿងធម្មតាទេ បើចង់ព្យាបាលមុនឲ្យជាសះស្បើយ ត្រូវដឹងពីឫសគល់ មូលហេតុនាំឲ្យកើតមុនច្បាស់សិន។ “Hello គ្រូពេទ្យ’ នឹងប្រាប់ពីមូលហេតុធំៗទាំង ៥ ធ្វើឲ្យយើងឡើងមុនពេញមុខ។
១- បម្រែបម្រូលអ័រម៉ូនអំឡុងពេលមករដូវ
ចំពោះស្រីៗ មុនជាធម្មតាកើតមានវ័យចន្លោះ ២០-៤០ ឆ្នាំ ព្រោះតែកម្រិតអ័រម៉ូនក្នុងរាងកាយផ្លាស់ប្ដូរ ពេលមករដូវម្ដងៗ។ ជាទូទៅ មុនពេល ឬអំឡុងពេលចាប់ផ្ដើមមករដូវ បញ្ហារលាកស្បែកដោយសារកើតមុន នឹងកាន់តែមានសភាពកាន់តែធ្ងន់ធ្ងរ។ កើតមុនដោយសារបម្រែបម្រួលអ័រម៉ូន ពិបាកទប់ស្កាត់ណាស់ ព្រោះមុនត្រូវបានគ្រប់គ្រងដោយការផលិតអ័រម៉ូនចេញពីរាងកាយ។ យ៉ាងណាក៏ដោយ តាមវិធីវេជ្ជសាស្ត្រមួយចំនួន អាចរារាំងការឡើងមុន។
វិធីព្យាបាល រួមមាន ថ្នាំគ្រាប់ពន្យារកំណើតមានផ្ទុកអ័រម៉ូនអឺស្រ្តូហ្សែន (អ័រម៉ូនភេទញី) ឬអ័រម៉ូន ប្រូហ្គេស្តេរ៉ូនកម្រិតទាប និងថ្នាំប្រឆាំងអ័រម៉ូនភេទឈ្មោល ឬប្រើការព្យាបាលទាំងពីរនេះបញ្ចូលគ្នាមានប្រសិទ្ធភាពបំផុត។ ប្រសិទ្ធភាពព្យាបាលដោយប្រើថ្នាំទាំងពីរមុខបញ្ចូលគ្នា ត្រូវមានវេជ្ជបញ្ជាត្រឹមត្រូវពីគ្រូពេទ្យ។
២- អ័រម៉ូនស្ត្រេស
កម្រិតប្រែប្រួលអ័រម៉ូនស្រ្តេស ក៏ជាមូលហេតុមួយធ្វើឲ្យកើតមុនលើមនុស្សពេញវ័យ។ ពេលយើងថប់បារម្ភ ក្រពេញអេដ្រេណាល នឹងបង្កើតអ័រម៉ូនក័រទីសុល ជាអ័រម៉ូនមួយជួយរាងកាយយើងឲ្យទប់ទល់នូវភាពតានតឹងក្នុងខ្លួន។ ក្នុងដំណើរការនេះ ចំណែកតិចតួចនៃអ័រម៉ូន តេស្តូស្តេរ៉ូន បានលេចធ្លាយជាយថាហេតុ អាចធ្វើឲ្យក្រពេញប្រេងក្នុងខ្លួនស្រីៗ បញ្ចេញប្រេងមកបន្ថែមទៀតនាំឲ្យរលាកស្បែកមុខ។ ដូច្នេះហើយ បើយើងឧស្សាហ៍ស្ត្រេសខ្លាំងពេក អាចឲ្យយើងជួបបញ្ហាកើតមុនជាញឹកញាប់។
អត្ថបទពាក់ព័ន្ធ៖
៣- របបអាហារ
របបអាហារ ក៏រួមចំណែកសំខាន់ធ្វើឲ្យកើតមុន បើធៀបនឹងមូលហេតុផ្សេងទៀត។ អ្នកឯកទេសនិយាយថា ផលិតផលពីទឹកដោះគោ និងជាតិកាបូអ៊ីដ្រាតធម្មតា ជាអាហារទាក់ទងនឹងសុខភាពស្បែក។ តែយ៉ាងណា ពួកគេមិនបានណែនាំឲ្យតមអាហារប្រឆាំងនឹងអាស៊ីដ ឬការរលាកផ្សេងៗ ដោយគ្មានបញ្ជាពីគ្រូពេទ្យនោះដែរ។
ប្រភេទសារធាតុចិញ្ចឹមសាមញ្ញបំផុត បណ្ដាលឲ្យយើងកើតមុន គឺ’អ៊ីយ៉ូដ’ ព្រោះសារធាតុនេះអាចបង្កឲ្យលេចចេញមុនជាច្រើនលើផ្ទៃស្បែកគ្រប់គ្នា បើបរិភោគអាហារមិនគ្រប់គ្រាន់។ ជាតិអ៊ីយ៉ូដ ជាធម្មតាគេរកឃើញនៅក្នុងពពួកសត្វមានសម្បក ដូចជា បង្កង បង្គា ក្ដាម និងបន្លែបៃតងមួយចំនួនទៀត ពិសេសស្ពៃពួយឡេង។ ជាតិអ៊ីយ៉ូដ អាចត្រូវការពេលវេលាច្រើនខែ ជះឥទ្ធិពលលើស្បែក ខុសគ្នារវាងជាតិអ៊ីយ៉ូដ និងអាហារបង្កឲ្យកើតរោគមុន។
ជំងឺមុន ជួនកាល ជារោគសញ្ញាអាលែកហ្ស៊ី ដូចជា អាលែកហ្ស៊ីជាមួយសូកូឡា អាហារចៀន ភីហ្សា ជាតិកាហ្វេអ៊ីន គ្រាប់ធញ្ញជាតិ ព្រមជាមួយផលិតផលពីទឹកដោះគោ។ ជាធម្មតា គ្រូពេទ្យតែងណែនាំឲ្យឈប់ញ៉ាំអាហារដែលបណ្ដាលឲ្យមានប្រតិកម្មលើរាងកាយ។
៤- ផលិតផលថែសម្ផស្ស
គ្រឿងផ្សំក្នុងផលិតផលថែសម្ផស្ស ដូចជា សាប៊ូកក់សក់ លាងមុខ លាបមុខ ជាដើម សុទ្ធតែជាបុព្វហេតុលេចចេញរោគមុនលើផ្ទៃមុខ។ ឧទាហរណ៍ ផលិតផលតុបតែងខ្លួនគ្មានស្លាកសញ្ញាសម្អាតជាតិខ្លាញ់នៅលើស្បែក ផលិតផលទាំងនេះបង្កឲ្យស្ទះរន្ធញើស ហើយបន្ទាប់មកនាំឲ្យមានស្នាមជាំនៅកន្លែងប្រើ។ បើផលិតផលថែរក្សាសម្ផស្សយើងកំពុងប្រើ បង្កឲ្យកើតមុន ឈប់ប្រើផលិតផលទាំងនេះភ្លាម ដើម្បីចៀសវាងចេញមុនលើផ្ទៃមុខកាន់តែច្រើន។ ការព្យាបាលរោគមុនប្រភេទនេះ ច្រើនតែប្រើថ្នាំមានជាតិអាស៊ីដ Glycolic ឬ Salicylic ។
៥- ជាតិពុលក្នុងបរិយាកាស
ការបំពុលបរិយាកាស អាចជាចំណែកមួយយ៉ាងធំចំពោះការកកើតមុន ព្រោះមានបាក់តេរី និងធូលីកខ្វក់ទុំជាប់លើស្បែក ពិសេសការរស់នៅក្នុងទីក្រុងធំៗ មានខ្យល់អាកាសកខ្វក់ខ្លាំង។ យើងអាចប្រើម៉ាស់ជូតមុខ ពេលចេញទៅណាមកណា ដើម្បីរកឲ្យឃើញថា មានអ្វីកើតឡើងនៅលើមុខពេលចេញទៅក្រៅ។ បើយើងចេញទៅក្រៅដោយគ្មានផលិតផលថែរក្សាសម្ផស្សការពារទេ ឱកាសកើតមុន កាន់តែខ្ពស់ដូចគ្នា។
[embed-health-tool-due-date]