backup og meta

មិនចង់ឲ្យមុខឡើងជាំ ស្រីៗ​គួរចេះតិចនិកទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jan 11, 2022

    មិនចង់ឲ្យមុខឡើងជាំ ស្រីៗ​គួរចេះតិចនិកទាំងនេះ

    ជាទូទៅស្រីៗយើងដែលមានអាយុចាប់ពី ២០ ឆ្នាំឡើងទៅ ជាពិសេសម៉ាក់ៗ​​ដែល​ពពោះ​អាចប្រឈមនឹងការជាំមុខ មាន​នៅ​លើថ្ពាល់ ថ្ងាស និងបបូរមាត់ខាងលើ។ ស្រីៗជាំមុខ​បង្កឡើងដោយមូលហេតុអ្វីខ្លះ ហើយយើងគួរការពារបែបម៉េច?

    ស្រទាប់ស្បែកខាងលើរបស់យើងមានផ្ទុកកោសិកាមេឡាណូស៊ីត  ដែល​មាននាទីស្តុក និងផលិតសារធាតុពណ៌មេឡានីន ​ជា​សារធាតុ​ផ្តល់ពណ៌ដល់ស្បែក។

    នៅពេលស្បែកយើងត្រូវពន្លឺ កម្តៅ កម្តៅព្រះអាទិត្យ កាំរស្មីយូវី (UV) ឬមានការរំញោច​អ័រម៉ូន កោសិកាមេឡាណូស៊ីត​នឹងផលិតសារធាតុ​មេឡានីន​​កាន់តែច្រើន ដែលជាហេតុធ្វើឱ្យស្បែកយើងប្រែជាក្រមៅរហូតដល់ជាំ។

    ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនយើងអាចបង្ការកុំឱ្យជាំមុខ៖

    ១. លាបក្រែមការពារកម្តៅថ្ងៃ

    ដោយសារពន្លឺព្រះអាទិត្យ គឺជាកត្តាចម្បងដែលបង្កឱ្យយើងជាំមុខ យើងត្រូវលាបក្រែម​ការពារកម្តៅថ្ងៃដែលអាចការពារបានទាំងកាំរស្មី UVA និង UVB ដែលមាន SPF ចាប់​ពី ៣០ ឡើងទៅ និងមានធាតុផ្សំពី​ស័ង្កសី​អុកស៊ីត និងទីតានីញ៉ូមអុកស៊ីត។

    យើងគួរលាបក្រែមការពារកម្តៅថ្ងៃយ៉ាងហោចណាស់ ២០ នាទីមុនពេលចេញទៅក្រៅ ហើយត្រូវលាបក្រែមជាថ្មីរៀងរាល់ ២ ម៉ោងម្តង ឬបន្ទាប់​ពី​ហែលទឹក ហាត់ប្រាណ ឬ​បែកញើស។

    ២. ពាក់មួក ឬបាំងឆ័ត្រ

    ពេលចេញក្រៅ យើងគួរពាក់មួកដែលមានគែមធំទូលាយ ឬបាំងឆ័ត្រដើម្បី​ការពារ​កុំឱ្យ​មុខយើងត្រូវពន្លឺព្រះអាទិត្យ ទោះបីជាយើងបានលាបក្រែមការពារកម្តៅថ្ងៃក៏ដោយ។

    ៣. កាត់បន្ថយភាពតានតឹង

    ទោះបីមិន​មាន​ភស្តុតាង​ណា​មួយ​​បញ្ជាក់​ថា​ស្ត្រេស​អាច​បង្ក​ឱ្យយើងជាំមុខក៏ដោយ អ្នក​វិទ្យាសាស្ត្រជឿថា ការមានភាពតានតឹងខ្លាំង​អាចបង្កើន​​ការផលិតសារធាតុពណ៌​ក្នុង​ស្រទាប់​ស្បែក។ យើងអាចកាត់បន្ថយភាពតានតឹងតាមរយៈការធ្វើសមាធិ ហាត់ប្រាណ ឬស្តាប់តន្រ្ តីជាដើម។

    ៤. បញ្ឈប់ការប្រើថ្នាំពន្យាកំណើត

    ថ្នាំពន្យារកំណើតមានផ្ទុកអ័រម៉ូនអ៊ឹស្ត្រូសែន និងប្រូហ្សេស្តេរ៉ូនដែលបណ្តាល​​ឱ្យមាន​ការ​ផលិតសាធាតុមេឡានីនច្រើនក្នុងស្រទាប់ស្បែកខាង​លើ និងបណ្តាលឱ្យយើងជាំមុខ។ បើ​យើង​ឡើង​ជាំ​មុខ​ពេល​ប្រើ​ប្រាស់​ថ្នាំពន្យារកំណើត គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ផ្លាស់​ប្ដូរ​ថ្នាំ ឬ​ជ្រើស​រើស​វិធី​សាស្រ្ត​ផ្សេង។​

    ៥. សម្អាតមុខ

    យើងគួរសម្អាតមុខជាមួយហ្វូមលាងមុខដែលមានកម្រិតស្រាលពីរដងក្នុងមួយថ្ងៃ ជាពិសេសមុនពេលចូលគេង ដើម្បីកម្ចាត់ជាតិកខ្វក់ដែលជាប់នឹងស្បែកមុខរបស់យើង ព្រោះសារធាតុទាំងនេះអាចបំផ្លាញរបាំងការពារស្បែកមុខ និងធ្វើឱ្យស្បែក​មុខងាយ​ខូច។

    លាងមុខ,សម្អាតមុខ

    ចង់គណនា BMI ចុចទីនេះ!

    ៦. ហាត់ប្រាណឱ្យបានទៀងទាត់

    ការហាត់ប្រាណជាប្រចាំអាចជួយបណ្តេញជាតិពុលចេញពីរាងកាយ ជួយ​ឱ្យយើងមាន​តុល្យភាព​ខាងផ្លូវចិត្ត និងអាចកាត់បន្ថយស្ត្រេសទៀត​ផង។

    ៧. លាបក្រែមផ្តល់សំណើម

    ការផ្តល់សំណើមដល់ស្បែកអាចជួយស្តារ និងការពាររបាំងការពារស្បែក (របាំងខ្លាញ់) ពីការខូចខាត។ របាំងការពារស្បែកមាននាទី​ជួយការពារស្បែកពីការបាត់បង់ជាតិ​ទឹក​ ធ្វើឱ្យស្បែកមានសុខភាពល្អ និងមានសំណើម។

    ៨. ជៀសវាងការប្រើគ្រឿងសម្អាងមានសារធាតុគីមី

    ការប្រើប្រាស់គ្រឿងសម្អាង និងផលិតផលថែរក្សាស្បែកដែលមានសារធាតុ​គីមីដូចជា ប៉ារ៉ាបែន អាល់កុល សារធាតុ formaldehydes និងស៊ុលហ្វាត អាចធ្វើឱ្យស្បែក​មុខខ្មៅ​ស្រអាប់ និងប្រែជាជាំ។

    ៩. ញុំាអាហារមានសារធាតុប្រឆាំងអុកស៊ីតកម្ម

    អាហារសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា ផ្លែឈើអម្បូរបឺរី ឬក្រូច​ បន្លែស្លឹក​បៃតងជាដើមអាចជួយកាត់បន្ថយការផលិតសារធាតុពណ៌មេឡានីន។

    យើងក៏គួរញុំាអយស្ទ័រ គ្រាប់ធញ្ញជាតិ និងផលិតផលទឹកដោះ ព្រោះអាហារទាំងនេះ មានផ្ទុកស័ង្កសី និងសេលេញ៉ូម ដែលជាសារធាតុរ៉ែប្រឆាំងអុកស៊ីតកម្ម។

    លើសពីនេះទៅទៀតត្រីដែលមានខ្លាញ់ល្អដូចជា ត្រីសាល់ម៉ុន និង​ត្រីសាឌីន ជាដើមក៏មានផ្ទុកអូមេហ្កា ៣ ដែលសារធាតុប្រឆាំង​អុកស៊ីតកម្ម​ដ៏ល្អឥត​ខ្ចោះ​។

    ផ្លែបឺរ ទំពាំងបារាំង ស្ពៃពួយឡេង មានផ្ទុកសារធាតុ Glutathione ដែល​អាច​ជួយ​កាត់បន្ថយស្នាមជាំលើស្បែក។

    ១០. ពិគ្រោះជាមួយពេទ្យសើស្បែកពេលប្រើថ្នាំមួយចំនួន

    ប្រសិនបើយើងកំពុងប្រើថ្នាំមួយចំនួន (ទាំងលេប និងលាប) ដូចជា ថ្នាំផ្សះ ថ្នាំព្យាបាល​ជំងឺចង្វាក់បេះដូង ថ្នាំបញ្ចុះទឹកនោម ឬក្រមួនលាបប្រឆាំង​ការរលាកជាដើម យើងត្រូវពិគ្រោះជាមួយគ្រូពេទ្យជំនាញខាង​សើ​ស្បែក ព្រោះថ្នាំទាំងនេះអាច​ធ្វើឱ្យ​ស្បែក​យើងជាំ។

    ស្រីៗអាចមានបញ្ហាជាំមុខរយៈពេលបីខែ ឬយូរជាងនេះ ហើយក៏អាចជាំមុខ​មួយ​ជីវិត​ដែរ។ ចំណែកម៉ាក់ៗពពោះដែលជាំមុខអាចនឹងបាត់ជាំបន្ទាប់ពីសម្រាលរួច ដោយសារ​អ័រម៉ូន​អ៊ឹស្ត្រូសែន និងប្រូហ្សេស្តេរ៉ូនកើនឡើងពេលម៉ាក់ៗពពោះ។ ជាំមុខក៏បណ្តាល​មក​ពីកត្តាតំណពូជដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Jan 11, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម