ស្វែងយល់ពីការប្រើប្រាស់
១- ថ្នាំ Captopril + Hydrochlorothiazide ព្យាបាលជំងឺអីខ្លះ?
ថ្នាំ Captopril + Hydrochlorothiazide ជាទូទៅប្រើដើម្បីព្យាបាលលើសសម្ពាធឈាម (Hypertension) កាត់បន្ថយសម្ពាធឈាម ជួយការពារករណីដាច់សរសៃឈាមខួរក្បាល (Strokes) គាំងបេះដូង (Heart Attacks) និងបញ្ហាតម្រងនោម (Kidney Problems) ជាដើម។
ផលិតផលគឺមានថ្នាំ ២មុខ រួមបញ្ចូលគ្នា មានថ្នាំ Captopril និង Hydrochlorothiazide។ Captopril ជាថ្នាំស្ថិតក្នុងក្រុម ACE inhibitors។ អំពើរបស់ថ្នាំ ជួយសម្រួលសរសៃឈាមដើម្បីឲ្យចលនាឈាមរត់ងាយស្រួលជាងមុន ខណៈថ្នាំ Hydrochlorothiazide ជាថ្នាំបញ្ចុះទឹកនោម (Diuretic) ជួយឲ្យបរិមាណទឹកនោមពេលជុះច្រើនជាងមុន ជួយឲ្យរាងកាយ បញ្ចេញសារធាតុអំបិល និងទឹកលើសមកក្រៅបាន។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
ជាថ្នាំសម្រាប់លេបដោយពោះទទេ មួយម៉ោងមុនពេលបាយ ប្រើជាទូទៅ ១ដង/១ថ្ងៃ នៅពេលព្រឹក ឬអាស្រ័យការណែនាំរបស់វេជ្ជបណ្ឌិត។ កាន់តែល្អ សូមលេបមុនពេលម៉ោងចូលគេងយ៉ាងតិច ៤ម៉ោង ដើម្បីការពារកុំឲ្យក្រោកជុះនោមច្រើនដងពេក។ សូមពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬឱសថការី បើមានសំណួរទាក់ទង កម្រិតប្រើថ្នាំ និងការប្រើប្រាស់។
ផឹកទឹកឲ្យបានច្រើន ដើម្បីការពារករណីបាត់បង់ជាតិទឹកច្រើន (Dehydration) ពីរាងកាយ។ បើត្រូវគ្រូពេទ្យដាក់កម្រិតកុំផឹកទឹកច្រើន ត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិតសម្រាប់ការណែនាំបន្តទៀត។
ករណីកំពុងប្រើថ្នាំផ្សេងទៀត ដូចជា Cholestyramine ឬ Colestipol សូមលេប Captopril + hydrochlorothiazide យ៉ាងហោច ៤-៦ ម៉ោងក្រោយលេបថ្នាំទាំងនោះ។
កម្រិតប្រើថ្នាំអាស្រ័យលើស្ថានភាពសុខភាព និងលទ្ធផលក្រោយការព្យាបាល។ រោងចក្រផលិតបានណែនាំកម្រិតប្រើប្រចាំថ្ងៃ មិនគួរលើសពី ១៥០មិល្លីក្រាម នៃថ្នាំ Captopril និង ៥០មិល្លីក្រាម នៃថ្នាំ Hydrochlorothiazide ឡើយ។
សូមប្រើថ្នាំនេះឲ្យទៀងទាត់ ដើម្បីទទួលបានប្រសិទ្ធិភាពព្យាបាលខ្ពស់ ហើយដើម្បីជំនួយការចងចាំយើង សូមលេបថ្នាំនេះ នៅម៉ោងតែមួយរៀងរាល់ថ្ងៃ។ សូមកុំភ្លេច ឬឈប់លេបថ្នាំ លុះត្រាមានការណែនាំពីគ្រូពេទ្យ។ បន្តប្រើថ្នាំនេះឲ្យបានទៀងទាត់ ទោះបីយើងមានអារម្មណ៍ បានប្រសើរហើយក៏ដោយ។ មនុស្សភាគច្រើន មានសម្ពាធឈាមខ្ពស់មិនមានបង្ហាញអាការៈឈឺចាប់ទេ។ ប្រើថ្នាំនេះអាចចំណាយពេលពី ៦-៨ សប្ដាហ៍ ដើម្បីទទួលបានប្រសិទ្ទិភាពព្យាបាលពេញលេញ។
សូមប្រាប់ទៅវេជ្ជបណ្ឌិតជាបន្ទាន់ បើស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរ ពិសេសសម្ពាធឈាមកាន់តែកើនឡើងខ្ពស់។
៣- រក្សាទុកដោយវិធីណា?
Captopril + Hydrochlorothiazide អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូរទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Captopril + Hydrochlorothiazide ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាព គួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤- ត្រូវដឹងអ្វីខ្លះមុនប្រើ?
មុនប្រើថ្នាំនេះ សូមប្រាប់វេជ្ជបណ្ឌិត ឬឱសថការី បើយើងធ្លាប់មានប្រតិកម្មជាមួយថ្នាំ Captopril ឬថ្នាំ Hydrochlorothiazide ក៏ដូចជាក្រុមថ្នាំ ACE inhibitors មានថ្នាំ Enalapril និង Lisinopril ឬក្រុមបញ្ចុះទឹកនោមប្រភេទ Thiazides ដទៃទៀត មានថ្នាំ Chlorothiazide ហើយ បើមានប្រតិកម្មអាលែកហ្ស៊ីផ្សេងទៀត រួមបញ្ចូលទាំងប្រតិកម្ម បន្ទាប់ពីប៉ះពាល់ទៅនឹងផ្នែកខ្លះនៃភ្នាសសម្រាប់ប្រើច្រោះឈាម Blood filtration។ ថ្នាំប្រភេទនេះ អាចមានផ្ទុកសារធាតុមិនសកម្ម (Inactive) បណ្ដាលឲ្យមានប្រតិកម្មអាលែកហ្ស៊ី ឬក៏បញ្ហាផ្សេងទៀត។ សួរឱសថការី ដើម្បីបានព័ត៌មានលម្អិត។
មិនត្រូវប្រើថ្នាំនេះ បើមានស្ថានភាពសុខភាពមិនអំណោយផលមួយចំនួន។ មុនប្រើ សូមពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬឱសថការី បើយើងមានប្រវត្តិធ្លាប់ប្រតិកម្មអាលែកហ្ស៊ី នាំឲ្យហើមមុខ បបូរមាត់ អណ្ដាត បំពង់ក (Angioedema) ឬមិនអាចជុះនោមចេញ។
មុនប្រើ សូមប្រាប់ទៅវេជ្ជបណ្ឌិត ឬឱសថការី ពីប្រវត្តិជំងឺ ពិសេសបញ្ហាតម្រងនោម ជំងឺថ្លើម ជំងឺប្រគ្រីវ (Gout) មិនបានព្យាបាល គ្មានតុល្យភាពសារធាតុអំបិល រ៉ែ ដូចជា សូដ្យូម ប៉ូតាស្យូម ម៉ាញ៉េស្យូម កាល់ស្យូម បាត់បង់ជាតិទឹកក្នុងខ្លួនច្រើន (Dehydration) ក្រុមជំងឺ Collagen Vascular មានជំងឺ Lupus ជំងឺ Sclerodema ទើបវះកាត់ថ្មីៗលើសរសៃប្រសាទ (Sypathectomy) ជាដើម។
ថ្នាំនេះធ្វើឲ្យងងុយ ហេតុនេះមិនត្រូវបើកបរ ឬបញ្ជាម៉ាស៊ីនធំៗឡើយ គួរប្រុងប្រយ័ត្នគ្រប់សកម្មភាពអាចបង្កគ្រោះថ្នាក់រហូតទាល់តែច្បាស់ថា យើងអាចធ្វើសកម្មភាពទាំងនោះដោយមានសុវត្ថិភាព។ ហើយត្រូវកាត់បន្ថយផឹកស្រាផងដែរ។
ដើម្បីកាត់បន្ថយហានិភ័យវិលមុខខ្លាំង និងអារម្មណ៍ស្រាលក្បាល ត្រូវក្រោកឡើងយឺតៗទាំងពេលអង្គុយ ឬដេក។
ថ្នាំនេះ អាចធ្វើឲ្យបាត់បង់ជាតិទឹកខ្លាំង បើមិនពិសារទឹកអោយគ្រប់គ្រាន់ទេ ឬដោយសារតែ រាគខ្លាំង ក្អួត ឬបែកញើសច្រើន។ សូមចៀសវាងហាត់ប្រាណខ្លាំងជ្រុល និងរក្សាសីតុណ្ហភាពរាងកាយឲ្យត្រជាក់ បើនៅកន្លែងមានអាកាសធាតុក្ដៅ។ ទាក់ទងទៅវេជ្ជបណ្ឌិតភ្លាមប្រសិនបើ មិនអាចផឹកទឹកបាន ឬមានអាការៈរាក ឬក្អួតខ្លាំង។
អាចប៉ះពាល់កម្រិតសារធាតុប៉ូតាស្យូមក្នុងខ្លួន ហេតុនេះមុនប្រើប្រាស់អាហារបំប៉នមានជាតិប៉ូតាស្យូម ឬអំបិល ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីជាមុន។
មុនពេលវះកាត់ ប្រាប់ទៅវេជ្ជបណ្ឌិត ឬទន្តពេទ្យយើងកំពុងប្រើថ្នាំប្រភេទនេះ។
ថ្នាំនេះ អាចធ្វើឲ្យយើងមានប្រតិកម្មជាមួយពន្លឺព្រះអាទិត្យ ត្រូវកំណត់ពេលវេលានៅក្រោមពន្លឺព្រះអាទិត្យ ចៀសវាងការប្រើម៉ាស៊ីនបញ្ចេញកម្តៅសប្បនិម្មិតដូចជា Tanning booths និង Sunlamps។ ប្រើក្រែមការពារពន្លឺថ្ងៃ ពាក់ខោអាវការពារពេលចេញទៅក្រៅ ប្រាប់វេជ្ជបណ្ឌិតភ្លាមបើមានរលាកកម្ដៅថ្ងៃ (Sunburned) ឬមានពងបែក ក្រហមនៅលើស្បែក។
បើមានជំងឺទឹកនោមផ្អែម ថ្នាំ Hydrochlorothiazide អាចធ្វើឲ្យប៉ះពាលកម្រិតជាតិស្ករក្នុងឈាម ហេតុនេះត្រូវពិនិត្យកម្រិតជាតិស្ករឲ្យបានទៀងទាត់ តាមការណែនាំ និងប្រាប់លទ្ធផលទៅកាន់វេជ្ជបណ្ឌិត។ ប្រាប់វេជ្ជបណ្ឌិត បើមានរោគសញ្ញាឡើងជាតិស្ករ ដូចជានោមច្រើន ស្រេកទឹកខ្លាំង ដើម្បីឲ្យគាត់កែតម្រូវថ្នាំទឹកនោមផ្អែម ណែនាំវិធីហាត់ប្រាណ និងតមអាហារមួយចំនួន។
មនុស្សចាស់ អាចមានផលរំខានច្រើនជាង ពិសេសវិលមុខខ្លាំង និងផ្លាស់ប្ដូរបរិមាណទឹកនោម (បញ្ហាតម្រងនោម)។
ថ្នាំនេះត្រូវបានណែនាំឲ្យប្រើអំឡុងពេលមានផ្ទៃពោះទេ ព្រោះអាចគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃ និងអាចឆ្លងចូលទឹកដោះបាន។ ដូចជាបើកំពុងមានផ្ទៃពោះ ឬបំបៅដោះបេប៊ី គួរប្រឹក្សាជាមួយវេជ្ជបណ្ឌិតព័ត៌មានលម្អិត។
៥- មានសុវត្ថិភាពចំពោះស្រ្តីកំពុងពពោះ និងបំបៅដោះកូនដែរទេ?
គ្មានការសិក្សាគ្រប់គ្រាន់លើស្ត្រីកំពុងមានផ្ទៃពោះ ឬកំពុងបំបៅដោះកូន ពាក់ព័ន្ធហានិភ័យ ប្រើថ្នាំ Captopril + Hydrochlorothiazide នេះនៅឡើយទេ។ ពិភាក្សាជាមួយវេជ្ជបណ្ឌិត ដើម្បីថ្លឹងថ្លែងពីគុណប្រយោជន៍ និងហានិភ័យមុនពេលប្រើថ្នាំ។ យោងតាមរដ្ឋបាលចំណីអាហារ និងឱសថ នៅអាមេរិក (FDA) ថ្នាំ Captopril + Hydrochlorothiazide នេះត្រូវបានចាត់ថ្នាក់គ្រោះថ្នាក់កម្រិត D សម្រាប់ស្រ្តីមានផ្ទៃពោះ។
ណាត់ថ្នាក់នៃកម្រិតគ្រោះថ្នាក់ទៅលើស្ត្រីមានផ្ទៃពោះ FDA មានដូចខាងក្រោម៖
– A = មិនមានគ្រោះថ្នាក់
– B = មិនមានគ្រោះថ្នាក់ ផ្អែកលើការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = រកឃើញភស្តុតាងថាមានគ្រោះថ្នាក់
– X = ហាមប្រើប្រាស់
– N = មិនមានព័ត៌មាន។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអ្វីខ្លះ?
វិលមុខខ្លាំង មានអារម្មណ៍ស្រាលក្បាល ងងុយ ឈឺក្បាល អស់កម្លាំង ស្រវាំងភ្នែក បាត់បង់រសវិញ្ញាណ ឬក្អកស្ងួត និងអាចធ្លាក់ចុះសមត្ថភាពផ្លូវភេទផងដែរ។ ប្រសិនបើផលរំខានទាំងនេះកើតឡើងរយៈពេលយូរ ឬក៏កាន់តែធ្ងន់ធ្ងរទៅៗ សូមប្រាប់វេជ្ជបណ្ឌិត ឬឱសថការីជាបន្ទាន់។
ចាំថាគ្រូពេទ្យចេញវេជ្ជបញ្ជាអោយប្រើឱសថនេះ ព្រោះយល់ឃើញថាថ្នាំនេះមានគុណប្រយោជន៍ ច្រើនជាងហានិភ័យ និងផលរំខាន។ មនុស្សភាគច្រើនប្រើថ្នាំនេះ មិនមានផលរំខានដែលធ្ងន់ធ្ងរឡើយ។
ថ្នាំនេះ ក៏អាចបណ្ដាលឲ្យយើងបាត់បង់ជាតិទឹកក្នុងខ្លួន (Dehydration) និងសារធាតុអំបិល រ៉ែ ជាដើម។ បើមានរោគសញ្ញាបាត់បង់ជាតិទឹក ឬសារធាតុរ៉ែ ដូចជាស្រេកទឹកខ្លាំង មាត់ស្ងួត រមួលសាច់ដុំ សាច់ដុំចុះខ្សោយ បេះដូងលោតមិនប្រក្រតី ញាប់ពេក យឺតពេក វងេ្វងវង្វាន់ ត្រូវប្រាប់គ្រូពេទ្យជាបន្ទាន់។
នៅមានសញ្ញាគ្រោះថ្នាក់ និងផលរំខាន កម្រមួយចំនួនទៀត ដូចជា ក្ដៅខ្លួន ឡើងកន្ទួល ឈឺករយៈពេលយូរ ងាយមានរបួស ងាយហូរឈាម កើនឡើងកម្រិតប៉ូតាស្យូមក្នុងឈាម (សាច់ដុំចុះខ្សោយ ចង្វាក់បេះដូង យឺត ឬមិនប្រក្រតី) ស្ពឹក ញ័រ ហើម ដៃ ឬជើង ឈឺសាច់ដុំ ឬសន្លាក់ មើលមិនច្បាស់ ឈឺភ្នែក ត្រូវប្រាប់គ្រូពេទ្យដូចគ្នា។
យ៉ាងណា ថ្នាំនេះកម្របង្កបញ្ហាលើថ្លើមធ្ងន់ធ្ងរណាស់ ប៉ុន្តែបើជួយបញ្ហានេះ ប្រញាប់ស្វែងរកជំនួយផ្នែកវេជ្ជសាស្រ្តភ្លាម ដូចជាប្រទះរោគសញ្ញាផលរំខាន ឡើងលឿងលើស្បែក និងភ្នែក ទឹកនោមប្រែពណ៌ក្រមៅ ឈឺពោះខ្លាំង អស់កម្លាំង ចង្អោរ ក្អួតមិនអាចបញ្ឈប់បាន ឬនៅពេលមានផលរំខានលើបញ្ហាតម្រងនោម (ប្រែប្រួលបរិមាណទឹកនោម) ជាដើម។
សញ្ញាប្រតិកម្មធ្ងន់ធ្ងរកម្រមានណាស់ ក្នុងករណីប្រទះរោគសញ្ញា កន្ទួលរមាស់ រមាស់ស្បែក ហើម ពិសេសលើមុខ អណ្ដាត បំពង់ក ដៃ ជើង) ងងុយខ្លាំង និងពិបាកដកដង្ហើម ត្រូវរកគ្រូពេទ្យភ្លាម។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំ
ថ្នាំមួយចំនួន អាចមានអន្តរកម្មជាមួយថ្នាំ Captopril + Hydrochlorothiazide ដូចជា Aliskiren ថ្នាំ Cisapride ថ្នាំ Diazoxide និង Dofetilide រួមនឹងថ្នាំខ្លះអាចធ្វើអោយប្រព័ន្ធភាពស៊ាំចុះខ្សោយ បង្ករោគ ពិសេសថ្នាំ Everolimus និង sirolimus។ ពពួកថ្នាំ Lithium Probenecid សុទ្ធតែអាចបង្កើនកម្រិតសារធាតុប៉ូតាស្យូមក្នុងឈាម ដូចជាក្រុមថ្នាំ ARBs រួមមានថ្នាំ Lorsartan និង Valsartan ពពួកថ្នាំពន្យារកំណើតមានសារធាតុ (Drospirenone) ថ្នាំបញ្ចុះទឹកនោមផ្សេងទៀត ដូចជា Amiloride ថ្នាំ Furoemide ថ្នាំ Triamterne ថ្នាំរលាកសន្លាក់ Gold Injections និង Sacubitril ផងដែរ។
ប្រតិកម្មធ្ងន់ធ្ងរ កើតមានប្រសិនបើចាក់ថ្នាំបន្សាបពិស ឃ្មុំ ឪម៉ាល ហើយលេបថ្នាំ Captopril + Hydrochlorothiazide រួមជាមួយ។
ថ្នាំមានសារធាតុធ្វើឲ្យសម្ពាធឈាមកើនខ្ពស់ កាន់តែនាំឲ្យបេះដូងចុះខ្សោយ។ សូមប្រាប់គ្រូពេទ្យពីថ្នាំយើងកំពុងប្រើ និងសួរពីរបៀបប្រើឲ្យបានត្រឹមត្រូវ ពិសេសថ្នាំផ្ដាសាយ ក្អក ថ្នាំបាយបាន ពពួកថ្នាំ NSAIDs ដូចជា Ibuprofen និង Naproxen។
ថ្នាំនេះក៏អាចរំខានដល់ការធ្វើតេស្តមួយចំនួន ហេតុនេះត្រូវប្រាកដថា គ្រូពេទ្យឯកទេសមន្ទីរពិសោធន៍ និងគ្រូពេទ្យផ្សេងទៀត ដឹងថាយើងបានប្រើថ្នាំនេះ។
Captopril + Hydrochlorothiazide អាចមានប្រតិកម្មនឹងថ្នាំផ្សេងទៀតកំពុងលេប ផ្លាស់ប្ដូរអំពើរបស់ថ្នាំ ឬបង្កើនគ្រោះថ្នាក់ ផលរំខានផ្សេងទៀត។ ដើម្បីចៀសវាងអន្តរកម្មឱសថ គួររក្សាទុក បញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា ក៏ដូចជាផលិតផលពីរុក្ខជាតិ ឲ្យបានច្បាស់ និងប្រគល់ឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យ។ ដើម្បីសុវត្ថិភាព សូមកុំចាប់ផ្ដើមប្រើ ឈប់ ឬក៏ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការយល់ព្រមពីវេជ្ជបណ្ឌិត។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
Captopril + Hydrochlorothiazide អាចមានប្រតិកម្មជាមួយអាហារ ស្រា ធ្វើឲ្យផ្លាស់ប្ដូរអំពើថ្នាំ កើនឡើងហានិភ័យ ផលរំខានធ្ងន់ធ្ងរ។ ពិភាក្សាជាមួយវេជ្ជបណ្ឌិត បើធ្លាប់មានប្រតិកម្មជាមួយអាហារ ឬស្រា មុននឹងប្រើថ្នាំនេះ។
៩- អន្តរកម្មជាមួយសុខភាព
Captopril + Hydrochlorothiazide អាចនឹងមានអន្តរកម្មជាមួយសុខភាពយើង ធ្វើឲ្យស្ថានភាពសុខភាពកាន់តែដុនដាប ហេតុនេះសំខាន់បំផុតត្រូវឲ្យវេជ្ជបណ្ឌិត និងឱសថការីដឹងពីស្ថានភាពសុខភាពបច្ចុប្បន្នរបស់យើង។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?
កម្រិតប្រើទូទៅលើមនុស្សពេញវ័យមានជំងឺលើសម្ពាធឈាម (Hypertension)
– កម្រិតប្រើដំបូង៖ Captopril ២៥មិល្លីក្រាម Hydrochlorothiazide ១៥មិល្លីក្រាម មួយថ្ងៃលេបម្ដង ១ម៉ោង មុនពេលអាហារ។
– កម្រិតប្រើអតិបរមា៖ Captopril ១៥០មិល្លីក្រាម Hydrochlorothiazide ៥០មិល្លីក្រាម មួយថ្ងៃម្តង។
– មតិយោបល់៖ ប្រសិទ្ធិភាពកម្រិតថ្នាំដំបូងនេះ អាចមិនទាន់ពេញលេញ នៅចន្លោះពេល ៦-៨ សប្តាហ៍ ដូចនេះគួរកែតម្រូវកម្រិតនៅចន្លោះសប្ដាហ៍ទី ៦ លើកលែងតែការព្យាបាលតម្រូវ កែកម្រិតថ្នាំលឿនជាងធម្មតាប៉ុណ្ណោះ។
– ការប្រើប្រាស់៖ ព្យាបាលជំងឺលើសឈាម ទាំងព្យាបាលដំបូង ឬបន្តព្យាបាល ប្រើជំនួសថ្នាំផ្សេង ត្រូវពិនិត្យមើលកម្រិតសារធាតុនីមួយៗ។
កែប្រែកម្រិតប្រើសម្រាប់ជំងឺបញ្ហាតម្រងនោម
– ខ្សោយតម្រងនោមស្រាលទៅមធ្យម (CrCl ៣០ ឬតិចជាង ៩០ មិល្លីលីត្រ/នាទី)៖ ពេលទទួលបានប្រសិទ្ធិភាពព្យាបាលហើយ ត្រូវបង្កើនគម្លាតកម្រិត ឬបន្ថយកម្រិតថ្នាំប្រើសរុបប្រចាំថ្ងៃ ដល់កម្រិតទាបបំផុត និងមានប្រសិទ្ធភាពអាចបានទទួល។
– ខ្សោយតម្រងនោមធ្ងន់ធ្ងរ (CrCl តូចជាង ៣០ មិល្លីលីត្រ/នាទី) ហាមប្រើ ករណីខូចតម្រងនោមកាន់តែវិវឌ្ឍទៅមុខ អាចដឹងបានតាមរយៈកំណើន BUN ឬ Non-protein nitrogen៖ អាចនឹងពិចារណាផ្អាក ឬឈប់ប្រើតែម្តង។
កែប្រែកម្រិតប្រើសម្រាប់អ្នកជំងឺមានបញ្ហាថ្លើម
ត្រូវប្រើដោយប្រុងប្រយ័ត្ន
– ការណែនាំឲ្យប្រើទូទៅ៖ គួរលេប ១ ម៉ោងមុនបាយ
– វិធីរក្សាទុក៖ ការពារកុំឲ្យត្រូវពន្លឺថ្ងៃ
ការត្រួតពិនិត្យ
– Metabolic៖ ត្រួតពិនិត្យ សេរ៉ូមអេឡិចត្រូលីតឲ្យទៀងទាត់
– Hematologic៖ មានជំងឺខូចមុខងារតម្រងនោម ត្រូវពិនិត្យ កោសិកាឈាមស ចំនួនគ្រាប់ឈាម មុនពេលចាប់ផ្ដើមការព្យាបាល ធ្វើរៀងរាល់ ២សប្តាហ៍ សម្រាប់ ៣ ខែដំបូង បន្ទាប់មកពិនិត្យរៀងរាល់ខែ។
ការណែនាំសម្រាប់អ្នកជំងឺ
– ត្រូវរាយការណ៍ភ្លាមៗពី សញ្ញា រោគសញ្ញាជំងឺ Angioedema ដូចជា (ពិបាកដកដង្ហើម ហើមមុខ ភ្នែក អណ្ដាត) និងត្រូវបញ្ឈប់ប្រើថ្នាំនេះ រហូតមានការពិភាក្សាជាមួយវេជ្ជបណ្ឌិត។
– ត្រូវរាយការណ៍ភ្លាមៗ បើមានឆ្លងរោគសញ្ញាណាមួយកើតឡើង ដូចជាឈឺក គ្រុនក្ដៅ អាចជាសញ្ញាធ្លាក់ចុះកោសិកាឈាមស Neutrophile (Neutropenia)។
– ត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត បើអ្នកជំងឺបែកញើសខ្លាំង បាត់បង់ជាតិទឹក ក្អួត រាក នាំឲ្យសម្ពាធឈាមធ្លាក់ចុះ។
– ត្រូវប្រាប់អ្នកជំងឺ មិនត្រូវប្រើពពួកថ្នាំបញ្ចុះនោមប្រភេទ Potassium-sparing diuretics ថ្នាំបំប៉នមានសារធាតុប៉ូតាស្យូម ឬអំបិលមានជាតិប៉ូតាស្យូម ទាំងមិនបានពិភាក្សាជាមួយវេជ្ជបណ្ឌិតនោះទេ។
១១- ក្មេងត្រូវប្រើកម្រិតណា?
មិនទាន់មានការណែនាំកម្រិតសម្រាប់កុមារនៅឡើយទេ ព្រោះអាចមិនមានសុវត្ថិភាពសម្រាប់ក្មេងៗ។ ហេតុនេះ សំខាន់បំផុតត្រូវដឹងពីសុវត្ថិភាពថ្នាំមុនប្រើ តាមរយៈពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី។
១២- មានទម្រង់បែបណាខ្លះ?
ថ្នាំ Captopril + Hydrochlorothiazide នៅលើទីផ្សារមានទម្រង់ជាថ្នាំគ្រាប់សម្រាប់លេប។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរស័ព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចប្រើថ្នាំ
បើភ្លេចលេបថ្នាំ សូមលេបវាភ្លាម ប៉ុន្តែបើកៀកពេលត្រូវលេបថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ លេបថ្នាំតាមពេលត្រូវលេបបន្តបានហើយ កុំលេបថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនា។ HelloHealth Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]