ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
សណ្ដែកសៀង អាចចម្រាញ់ដើម្បីយកមកប្រើជាថ្នាំ ព្យាបាលស្ថានភាពជំងឺមួយចំនួន ដូចជា៖
– ឡើងកូលេស្តេរ៉ូលក្នុងឈាម
– ឡើងសម្ពាធឈាម
– ជំងឺលើបេះដូង និងប្រព័ន្ធសរសៃឈាម
– ទឹកនោមផ្អែមប្រភេទ ២
– ជំងឺហឺត
– មហារីកស្រទាប់អង់ដូម៉ែត្រ (Endometrial Cancer)
– មហារីកក្រពេញទីរ៉ូអ៊ីត
– ជំងឺពុកឆ្អឹង (Osteoporosis)
– ជំងឺតម្រងនោមវិវត្តន៍ទៅមុខ
– ទល់លាមក
– រាករូស
– ប្រូតេអ៊ីនក្នុងទឹកនោម (ចំពោះអ្នកជំងឺតម្រងនោម)
– ឈឺសាច់ដុំ ដោយសារការហាត់ប្រាណ
– ឈឺសុដន់
– មហារីកសុដន់
– ឡើងក្ដៅក្រហមដោយសារមហារីកសុដន់
– រោគសញ្ញាអស់រដូវ
– បណ្ដុំរោគសញ្ញាជិតអស់រដូវ (PMS)
សណ្ដែកសៀង អាចនឹងត្រូវប្រើក្នុងករណីផ្សេងទៀត ដូចនេះសូមពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការី ដើម្បីដឹងព័ត៌មានបន្ថែម។
សណ្ដែកសៀង មានសារធាតុ អ៊ីហ្ស៊ូផ្លាវូន (Isoflavones) ហើយពេលសារធាតុនេះចូលទៅក្នុងរាងកាយ នឹងប្រែជា សារធាតុ “Phytoestrogens” វាស្រដៀងនឹងអ័រម៉ូនអឺស្ត្រូជែន (Estrogen) ដូចគ្នា។
សូមពិគ្រោះបន្ថែមជាមួយនឹងគ្រូឱសថបុរាណ ឬគ្រូពេទ្យដើម្បីទទួលបានព័ត៌មានបន្ថែម។
គួរពិភាក្សាជាមួយគ្រូពេទ្យ ឱសថការី ឬគ្រូពេទ្យឱសថបុរាណបើយើងមានបញ្ហាដូចជា៖
- កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន ដោយសារពេលពពោះ ឬបំបៅដោះកូន ត្រូវប្រើប្រាស់ថ្នាំឲ្យត្រូវតាមកម្រិតណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំអ្វីផ្សេង ថ្នាំទាំងនោះរាប់បញ្ចូលទាំងថ្នាំអ្នកទិញខ្លួនឯង និងថ្នាំទិញតាមវេជ្ជបញ្ជា។
– មានប្រតិកម្មជាមួយសណ្តែកសៀង ថ្នាំពេទ្យ ឬមានប្រតិកម្មជាមួយឱសថបុរាណដទៃ។
– កំពុងមានជំងឺប្រចាំកាយ ឬមានបញ្ហាសុខភាពអ្វីមួយ។
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬជាមួយសត្វ។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់លើឱសថបុរាណ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់លើថ្នាំពេទ្យទេ។ ដូចនេះគេត្រូវការ សិក្សាបន្ថែមដើម្បីដឹងពីសុវត្ថិភាពប្រើប្រាស់ឱសថបុរាណ។ ចាំថា គុណសម្បត្តិនៃការប្រើឱសថនេះ ត្រូវច្រើនជាងផលប៉ះពាល់មុនពេលប្រើវា ហើយសូមពិគ្រោះជាមួយអ្នកជំនាញខាងឱសថរុក្ខជាតិ ឬគ្រូពេទ្យ សម្រាប់ព័ត៌មានបន្ថែម។
– ចំពោះក្មេងៗ៖ សណ្ដែកសៀង អាចនឹងមានសុវត្ថិភាព បើប្រើចំពោះក្មេង និងទារក ក្នុងកម្រិតជាចំណីអាហារ និងទឹកដោះគោសម្រាប់ទារក។ មិនត្រូវឲ្យក្មេងប្រើកម្រិតច្រើនជាងកម្រិតរៀបរាប់ខាងលើនេះឡើយ ព្រោះការស្រាវជ្រាវ នៅមិនទាន់ដឹងថា វាមានសុវត្ថិភាព ឬអត់ នៅពេលប្រើក្នុងកម្រិតច្រើន។
– ស្រីៗពពោះ និងបំបៅដោះកូន៖ ប្រូតេអ៊ីនក្នុងសណ្ដែកសៀង មានសុវត្ថិភាពចំពោះស្រីៗពពោះ និងបំបៅដោះកូននៅពេលប្រើក្នុងកម្រិតធម្មតា ឬកម្រិតអាហារប្រចាំថ្ងៃ។ ទោះយ៉ាងនេះក្ដី អាចនឹងមិនមានសុវត្ថិភាព បើប្រើក្នុងកម្រិតជាថ្នាំព្យាបាលអំឡុងពេលពពោះ។ ពេលប្រើលើសកម្រិតអំឡុងពេលពពោះ អាចនឹងមានគ្រោះថ្នាក់ដល់ការវិវត្តរបស់ទារកក្នុងផ្ទៃ។ យ៉ាងណា នៅមិនទាន់មានព័ត៌មានគ្រប់គ្រាន់ ពីសុវត្ថិភាពក្នុងការប្រើកម្រិតខ្ពស់ អំឡុងពេលបំបៅដោះកូននៅឡើយទេ។ ដើម្បីសុវត្ថិភាព សូមចៀសវាងប្រើក្នុងកម្រិតខ្ពស់។
សណ្ដែកសៀង អាចបង្កឲ្យមានផលប៉ះពាល់តិចតួច ដូចជា ទល់លាមក ហើមពោះ និងចង្អោរ អាចបង្កឲ្យមានប្រតិកម្មអាលែកហ្ស៊ី ដូចជា ឡើងកន្ទួលរមាស់ ចំពោះមនុស្សមួយចំនួន។
មិនមែនគ្រប់គ្នា សុទ្ធតែមានផលរំខានទាំងនេះទេ អាចមានផលរំខានផ្សេងទៀតមិនបានរៀបរាប់ខាងលើ ដូចនេះបើមានចម្ងល់ទាក់ទងនឹងផលរំខាន សូមពិគ្រោះជាមួយគ្រូពេទ្យ ឱសថការី ឬគ្រូឱសថបុរាណ។
សណ្ដែកសៀង អាចនឹងមានអន្តរកម្មជាមួយនឹងថ្នាំ ឬស្ថានភាពជំងឺយើងកំពុងមាន។ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬគ្រូឱសថបុរាណមុននឹងប្រើ។ បញ្ហាសុខភាព និងថ្នាំទាំងនោះ ដែលអាចមានអន្តរកម្មជាមួយសណ្តែកសៀង រួមមាន៖
– ថ្នាំព្យាបាលជំងឺបាក់ទឹកចិត្ត (ពពួកថ្នាំ MAOIs)៖ ផលិតផលពីសណ្ដែកសៀងដែលផ្អាប់ ដូចជា តៅហ៊ូ និងទឹកស៊ីអ៊ីវ មានផ្ទុកសារធាតុទីរ៉ាមីន (Tyramine) ដែលសារធាតុនេះ ជាអាមីណូអាស៊ីដមួយ រួមចំណែកក្នុងដំណើរការសម្ពាធឈាម។ សារធាតុទីរ៉ាមីន នឹងត្រូវបំបែកដោយអង់ហ្ស៊ីមម៉ូណូអាមីន អុកស៊ីដាស (Monoamine Oxidase)។ ពពួកថ្នាំព្យាបាលជំងឺបាក់ទឹកចិត្ត (ពពួកថ្នាំ MAOIs) មួយចំនួន អាចធ្វើឲ្យកាត់បន្ថយដំណើរការបំបែកសារធាតុទីរ៉ាមីននេះ។ ញ៉ាំសារធាតុទីរ៉ាមីនច្រើនជាង ៦មិល្លីក្រាម ជាមួយថ្នាំណាមួយក្នុងចំណោមក្រុមថ្នាំនេះ អាចបង្កើនហានិភ័យ ផលរំខានធ្ងន់ធ្ងរមួយចំនួន ដូចជា សម្ពាធឈាមឡើងខ្ពស់ខ្លាំង។
កម្រិតសារធាតុទីរ៉ាមីន នៅក្នុងផលិតផលសណ្ដែកសៀងផ្អាប់ ជាទូទៅ មានកម្រិតទាបទេ ភាគច្រើនតិចជាង ០,៦ មិល្លីក្រាម ក្នុងមួយចំណែកប្រើម្ដងៗ ប៉ុន្តែនៅតែអាចមានកម្រិតខុសគ្នា អាស្រ័យលើផលិតផលនីមួយៗ ពិសេសការរក្សាទុក និងរយៈពេលរក្សាទុក។ ការរក្សាទុកផលិតផលតៅហ៊ូមួយប្រភេទ រយៈពេល ១អាទិត្យ អាចបង្កើនជាតិ ទីរ៉ាមីន ពី ០,២៣-៤,៨ មិល្លីក្រាម ក្នុងការប្រើម្ដងៗ។ បើយើងត្រូវប្រើថ្នាំព្យាបាលជំងឺបាក់ទឹកចិត្ត សូមចៀសវាងប្រើផលិតផលសណ្ដែកសៀងផ្អាប់ ដែលមានជាតិទីរ៉ាមីនក្នុងកម្រិតខ្ពស់ ខណៈថ្នាំទាំងនោះរួមមាន ថ្នាំ Phenelzine (Nardil) ថ្នាំ Tranylcypromine (Parnate) និងថ្នាំផ្សេងៗទៀត។
– ថ្នាំផ្សះ ថ្នាំផ្សះ អាចយកាត់បន្ថយបាក់តេរីល្អនៅក្នុងពោះវៀន ហើយបាក់តេរីទាំងនោះ អាចជួយបង្កើនប្រសិទ្ធិភាពរបស់ថ្នាំបំប៉នពីសណ្ដែកសៀង។ នៅពេលបាក់តេរីល្អបាត់បង់ដោយសារតែថ្នាំផ្សះ នោះប្រសិទ្ធិភាពថ្នាំបំប៉នពីសណ្ដែកសៀង ក៏ធ្លាក់ចុះប្រសិទ្ធិភាពដូចគ្នា។
– ពពួកថ្នាំអ័រម៉ូនអឺស្ត្រូសែន៖ ប្រើសណ្ដែកសៀងក្នុងកម្រិតខ្ពស់ អាចធ្វើឲ្យមានប្រសិទ្ធិភាពដូចនឹងអ័រម៉ូនអឺស្ត្រូសែន ដែរ ប៉ុន្តែវាមិនមានប្រសិទ្ធិភាពខ្លាំងដូចថ្នាំគ្រាប់អ័រម៉ូនអឺស្ត្រូសែនទេ។ ការញ៉ាំឱសថរុក្ខជាតិនេះ ជាមួយនឹងថ្នាំគ្រាប់អ័រម៉ូនអឺស្ត្រូសែន អាចនឹងកាត់បន្ថយប្រសិទ្ធិភាពថ្នាំអ័រម៉ូននេះ ខណៈថ្នាំអ័រម៉ូនអឺស្ត្រូសែន រួមមាន ថ្នាំ Conjugated equine estrogens (Premarin) ថ្នាំ Ethinyl estradiol, ថ្នាំ Estradiol និងថ្នាំផ្សេងៗទៀត។
– ថ្នាំ Tamoxifen (Nolvadex)៖ ជំងឺមហារីកខ្លះ អាចប៉ះពាល់ដល់អ័រម៉ូនមួយចំនួនក្នុងរាងកាយ។ ជំងឺមហារីកដែលប្រតិកម្មនឹងអ័រម៉ូនអឺស្ត្រូសែន ធ្វើឲ្យប៉ះពាល់កម្រិតអ័រម៉ូននេះនៅក្នុងខ្លួន។ ថ្នាំ Tamoxifen (Nolvadex) ប្រើដើម្បីជួយការពារ និងព្យាបាលប្រភេទមហារីកប្រភេទទាំងនោះ។ សណ្ដែកសៀង អាចនឹងធ្វើឲ្យប៉ះពាល់ដល់កម្រិតអ័រម៉ូនអឺស្ត្រូសែននៅក្នុងរាងកាយ ហើយដោយសារការប៉ះពាល់នេះ សណ្ដែកសៀង អាចនឹងកាត់បន្ថយប្រសិទ្ធិភាពថ្នាំ Tamoxifen បាន។ មិនត្រូវប្រើសណ្តែកសៀងទេ បើយើងកំពុងប្រើថ្នាំ Tamoxifen (Nolvadex)។
– ថ្នាំ Warfarin (Coumadin)៖ ថ្នាំ Warfarin (Coumadin) ប្រើដើម្បីកាត់បន្ថយកំណកឈាម។ មានរបាយការណ៍បង្ហាញថា ឱសថពីរុក្ខជាតិនេះ អាចកាត់បន្ថយប្រសិទ្ធិភាពថ្នាំនេះ នាំឲ្យកើនឡើងគ្រោះថ្នាក់ ដោយសារកំណកឈាម។ ត្រូវប្រាកដថា យើងបានពិនិត្យមើលឈាមទៀងទាត់ ហើយកម្រិតថ្នាំ Warfarin អាចនឹងតម្រូវឲ្យមានការប្រែប្រួលក្នុងការប្រើ។
– ថ្នាំប្រែប្រួលដោយសារថ្លើម៖ ថ្នាំយមួយចំនួន អាចនឹងប្រែប្រួល បំបែកដោយសារថ្លើម។ សណ្តែកសៀង អាចនឹងបង្កើនសកម្មភាពថ្លើមបំបែកថ្នាំទាំងនោះ។ ប៉ុន្តែគេមិនទាន់ច្បាស់ថា ប្រតិកម្មនេះ អាចកើតមានចំពោះមនុស្សគ្រប់គ្នាឬយ៉ាងណា ឬអាចប៉ះពាល់ដល់សកម្មភាពថ្នាំផ្សេងទៀតនៅឡើយទេ។ ថ្នាំមួយចំនួនផ្លាស់ប្ដូរដោយសារថ្លើម រួមមាន ថ្នាំ Carvedilol (Coreg) ថ្នាំ Fluvastatin (Lescol) ថ្នាំ Losartan (Cozaar) ថ្នាំ Phenytoin (Dilantin) និងថ្នាំជាច្រើនផ្សេងទៀត។
ត្រូវប្រាប់គ្រូពេទ្យដែរ បើសិនមានបញ្ហាសុខភាពខាងក្រោមនេះ៖
– ជំងឺ Cystic fibrosis៖ ទឹកសណ្ដែកសៀង (Soy) អាចធ្វើឲ្យប៉ះពាល់ដល់ការផលិតប្រូតេអ៊ីនចំពោះក្មេង មានជំងឺនេះ។ សូមកុំឲ្យក្មេងមានជំងឺនេះ ញ៉ាំផលិតផលចម្រាញ់ពីសណ្តែកសៀង។
– ជំងឺមហារីកសុដន់៖ នៅមិនទាន់មានព័ត៌មានអាចជឿទុកចិត្ត ពីប្រសិទ្ធិភាពឱសថរុក្ខជាតិនេះ ចំពោះស្រីៗមានជំងឺមហារីកសុដន់ ធ្លាប់មានមហារីក ឬមានប្រវត្តិគ្រួសារ មានជំងឺនេះនៅឡើយទេ។ គួរចៀសវាង ប្រើឱសថរុក្ខជាតិពីសណ្តែកសៀង រហូតទាល់តែដឹងកាន់តែច្បាស់ពីគុណសម្បត្តិ និងផលប៉ះពាល់។
– ជំងឺមហារីកស្រទាប់អង់ដូមែ៉ត្រ (Endometrial cancer)៖ ការប្រើសណ្តែកសៀង ជាប្រភេទថ្នាំគ្រាប់ មានកំហាប់សារធាតុអ៊ីហ្សូផ្លាវូន (Isoflavone) សុទ្ធ អាចបង្កើនការផ្លាស់ប្ដូរយ៉ាងលឿន លើជាលិកាស្រទាប់ខាងលើស្បូន។ សូមកុំប្រើថ្នាំបំប៉ននេះ ដែលមានកំហាប់សារធាតុ Isoflavon បើយើងមានជំងឺមហារីកស្រទាប់អង់ដូមែ៉ត្រ។
– ខ្សោយតម្រងនោម៖ សណ្ដែកសៀង មានផ្ទុកសារធាតុគីមីមួយហៅថា Phytoestrogens។ កម្រិតខ្ពស់សារធាតុនេះ អាចបង្កឲ្យពុលបាន។ គ្នាយើងមានបញ្ហាខ្សោយតម្រងនោម បើប្រើផលិតផលពីរុក្ខជាតិនេះ អាចប្រឈមនឹងការមានសារធាតុ Phytoestrogens នៅក្នុងឈាម កម្រិតខ្ពស់។ ដូចនេះបើយើងមានជំងឺខ្សោយតម្រងនោម ចៀសវាងការប្រើរុក្ខជាតិនេះក្នុងកម្រិតច្រើន។
– ក្រូសតម្រងនោម៖ ផលិតផលសណ្ដែកសៀង អាចធ្វើឲ្យយើងប្រឈមមានគ្រួសក្នុងតម្រងនោម ព្រោះវាមានផ្ទុកក្រុមសារធាតុគីមីមួយ ហៅថាអុកសាឡាត (Oxalates) ក្នុងកម្រិតខ្ពស់។ មានការព្រួយបារម្ភចំពោះគ្នាយើងមានជំងឺតម្រងនោមធ្ងន់ធ្ងរ មិនអាចបញ្ចេញសារធាតុគីមីមួយចំនួនដែលមានក្នុងសណ្ដែកសៀងបាន។ ហេតុនេះ ទើបអាចនាំឲ្យមានគ្រោះថ្នាក់ បើសារធាតុគីមីទាំងនោះមានកម្រិតខ្ពស់។ បើធ្លាប់មានក្រួសក្នុងតម្រងនោមពីមុន សូមចៀសវាងកុំប្រើផលិតផលពីរុក្ខជាតិនេះ ក្នុងកម្រិតច្រើន។
– មហារីកប្លោកនោម៖ ផលិតផលពីសណ្ដែកសៀង អាចបង្កើនឱកាសកើតមានជំងឺមហារីកប្លោកនោម។ សូមចៀសវាងអាហារធ្វើពីសណ្ដែកសៀង បើយើងមានជំងឺនេះ ឬប្រឈមខ្ពស់កើតជំងឺនេះ (ធ្លាប់មានប្រវត្តិគ្រួសារមានជំងឺនេះ)។
– ជំងឺទឹកនោមផ្អែម៖ សណ្ដែកសៀង អាចបង្កើនគ្រោះថ្នាក់ដោយសារកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះទាបពេកពិសេសគ្នាយើងមានជំងឺទឹកនោមផ្អែម និងកំពុងប្រើប្រាស់ថ្នាំគ្រប់គ្រងជាតិស្ករ។
– ជំងឺផ្សេងៗ៖ បញ្ហាក្រពេញទីរ៉ូអ៊ីតមិនសូវសកម្ម ជំងឺហឺត អាលែកហ្ស៊ីរលាកច្រមុះ (Hey Fever) សុទ្ធតែអាចមានប្រតិកម្មជាមួយថ្នាំចម្រាញ់ចេញពីសណ្តែកសៀងទាំងអស់។ ហេតុនេះ មុនប្រើថ្នាំបុរាណនេះ គួរប្រឹក្សាជាមួយគ្រូពេទ្យជាមុន។
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
– ចំពោះករណីឡើងជាតិកូលេស្តេរ៉ូល៖ កម្រិតណែនាំឲ្យប្រើប្រូតេអ៊ីនសណ្ដែកសៀង ពី ២០-៥០ ក្រាម/ថ្ងៃ។
– ដើម្បីការពារជំងឺពុកឆ្អឹង (osteoporosis)៖ កម្រិតណែនាំឲ្យប្រើប្រូតេអ៊ីនសណ្ដែកសៀង គឺ ៤០ ក្រាម/ថ្ងៃ ដែលមានជាតិ Isoflavones ២-២,២៥ មិល្លីក្រាម ក្នុងសណ្តែកសៀងមួយក្រាម។
– ចំពោះរោគសញ្ញាអស់រដូវ៖ កម្រិតណែនាំឲ្យប្រើប្រូតេអ៊ីនសណ្ដែកសៀង គឺ ២០-៦០ ក្រាម/ថ្ងៃ ដែលមានជាតិ Isoflavones ៣៤-៧៥ មិល្លីក្រាម។
– ចំពោះបញ្ហាមានប្រូតេអ៊ីនក្នុងទឹកនោមដោយសារជំងឺតម្រងនោម៖ កម្រិតរបបអាហារ ពី ៧០០-៨០០ មិល្លីក្រាម/នៃប្រូតេអ៊ីនសណ្ដែកសៀង ប្រើប្រចាំថ្ងៃ។
– ចំពោះទារករាករូស៖ កម្រិតណែនាំឲ្យប្រើទឹកដោះគោមានបញ្ចូលសារធាតុសរសៃសណ្ដែកសៀង ត្រូវមានប្រូតេអ៊ីនសណ្ដែកសៀង ពី ១៨-២០ ក្រាម/លីត្រ។
– ជំងឺទឹកនោមផ្អែមប្រភេទ ២៖ កម្រិតណែនាំឲ្យប្រើសារធាតុចម្រាញ់ពី Touchi (អាហារប្រពៃណីរបស់ជនជាតិចិន ដែលធ្វើពីសណ្ដែកសៀង) គឺ ៣០០ មិល្លីក្រាម/ថ្ងៃ។
– ស្រីៗជិតអស់រដូវមានជំងឺទឹកនោមផ្អែមប្រភេទ ២៖ កម្រិតណែនាំឲ្យប្រើប្រូតេអ៊ីនសណ្ដែកសៀង គឺ ៣០ ក្រាម/ថ្ងៃ ដែលមានជាតិ Phytoestrogens ១៣២មិល្លីក្រាម ប្រើរៀងរាល់ថ្ងៃ រហូតដល់ ១២ សប្ដាហ៍ ។
កម្រិតប្រើប្រាស់ឱសថរុក្ខជាតិនេះអាច អាចមានលក្ខណៈខុសគ្នាសម្រាប់អ្នកជំងឺម្នាក់ៗ។ កម្រិតប្រើប្រាស់អាស្រ័យលើកត្តាអាយុ សុខភាព និងស្ថានភាពរាងកាយមួយចំនួនទៀត។ ឱសថរុក្ខជាតិ មិនមែនតែងមានសុវត្ថិភាពទាំងអស់នោះទេ ហេតុនេះ សូមប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យជំនាញជាមុនសិន។
ឱសថរុក្ខជាតិនេះ អាចមានទម្រង់ជាថ្នាំដូចខាងក្រោម៖
– ថ្នាំគ្រាប់
– ថ្នាំគ្រាប់មានសម្បក (ខេបស៊ុល)
– ម្សៅ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕