backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Losartan (ឱសថ Losartan)

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ គឹម កាណែល · កែ Dec 19, 2019

ស្វែងយល់ពីការប្រើប្រាស់

១- ថ្នាំ Lorsartan ប្រើព្យាបាលអីខ្លះ?

Lorsartan ជា​ថ្នាំ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​លើស​ឈាម​ជួយការពារ​ករណី​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល (Strokes) គាំង​បេះដូង និង​បញ្ហា​ខូចតម្រង​នោមដោយសារទឹកនោមផ្អែម។ Lorsartan ស្ថិត​នៅ​ក្នុង​ក្រុម​ថ្នាំ Angiotensin receptor blockers (ARBs) មាន​ប្រសិទ្ធភាព​បន្ធូរ​សរសៃ​ឈាម ជួយ​ឈាម​ហូរ​បាន​ល្អ។

ការ​ប្រើប្រាស់​ផ្សេង​ទៀត៖ ថ្នាំ​នេះ​មិន​បាន​រាប់​បញ្ចូល​ក្នុង​ក្រុមថ្នាំ​សម្រាប់​ព្យាបាល​ជា​ផ្លូវការ​​ទេ​ ប៉ុន្តែ​គ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​បាន មាន​ន័យ​ថា លក្ខខណ្ឌ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​នេះ មាន​តែ​គ្រូពេទ្យ​ដែល​ពិនិត្យ និង​ព្យាបាល​ជំងឺ​យើង​ប៉ុណ្ណោះ អាច​ចេញ​វេជ្ជបញ្ជា​ឲ្យប្រើ​ប្រាស់​ថ្នាំ​នេះ​បាន។

ក្រៅ​ពី​នេះ ថ្នាំ Lorsartan ត្រូវ​គេ​​ប្រើ​ព្យាបាល​ជំងឺ​ខ្សោយ​បេះដូង និង​ជួយ​ការពារ​តម្រង​នោម ​​បញ្ចៀស​ការ​ខូចខាត​ដោយ​សារជំងឺ​ទឹក​នោម​ផ្អែម។

២- គេប្រើថ្នាំនេះយ៉ាងម៉េច?

ត្រូវ​លេប Losartan តាម​ការ​ណែនាំ​របស់​វេជ្ជបណ្ឌិត។ ជាទូទៅ លេប​ម្ដងក្នុង​មួយថ្ងៃ​ជា​មួយ​អាហារ ឬ​ពោះ​ទទេ​ក៏​បាន។​ កម្រិតប្រើ​ថ្នាំ​ អាស្រ័យ​លើ​ស្ថានភាព​ជំងឺ និងការ​ឆ្លើយ​តប​ក្រោយ​ព្យាបាល។

បើ​ប្រើថ្នាំ​ Losartan ក្នុង​ទម្រង់​ទឹក សូម​ក្រឡុកដប​ថ្នាំ​​មុន​នឹង​ប្រើ​ថ្នាំ​ម្ដងៗ។ ត្រូវ​ប្រុង​ប្រយ័ត្ន​វាស់​កម្រិត​ប្រើ ​ជាមួយ​ឧបករណ៍​សម្រាប់​វាស់ (ស្លាបព្រា​ថ្នាំ) តែ​ប៉ុណ្ណោះ ហាម​​វាស់​កម្រិត​ថ្នាំ​ដោយ​ប្រើ​​ស្លាបព្រា​ធម្មតា​ ព្រោះ​​អាច​ធ្វើ​ឲ្យ​កម្រិត​ថ្នាំ​មិន​ត្រឹម​ត្រូវ។

សូម​ប្រើ​ថ្នាំ​នេះ​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ព្យាបាល​ខ្ពស់​ ហើយ​ដើម្បី​ជួយ​ឲ្យ​យើង​ចាំថា​លេប​រួច ឬ​មិនទាន់​ គួរ​លេប​ថ្នាំ​នៅ​ម៉ោង​តែមួយ​រៀង​រាល់​ថ្ងៃ។ សំខាន់​បំផុត​ត្រូវ​បន្ត​ប្រើ​ថ្នាំនេះឲ្យ​ទៀង​ទាត់ ​ទោះ​បី​​មាន​អារម្មណ៍​ស្ថានភាព​ជំងឺ​ប្រសើរ​ហើយ​ក្តី។ មនុស្ស​ភាគច្រើន​មាន​សម្ពាធ​ឈាម​ខ្ពស់​មិន​មាន​បង្ហាញ​អាការៈ​​ឈឺ​ចាប់​ទេ។

ប្រាប់​ទៅ​វេជ្ជបណ្ឌិត ​បើ​ស្ថានភាព​សុខភាព​មិន​ប្រសើរ​ឡើង ឬ​កាន់តែ​ធ្ងន់​ធ្ងរ ពិសេស​សម្ពាធ​ឈាម​កាន់ឡើង​ខ្ពស់។

៣- គួរ​រក្សា​ទុក​របៀប​ណា?

ថ្នាំ Losartan អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច ​មិន​ត្រូវ​ទុកនៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូរ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Losartan ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុនេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព ​គួរ​ថែរក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ​ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវ​ដឹង​អីខ្លះ​មុន​ប្រើ?

មុន​សម្រេច​ចិត្ត​ប្រើ​ថ្នាំ​នេះ​ត្រូវ​ដឹង​កត្តា​មួយ​ចំនួន​ដើម្បី​បញ្ចៀស​ការ​ប្រឈម​ដោយ​សារ​ថ្នាំ Losartan ដូចជា៖

– ប្រាប់​វេជ្ជបណ្ឌិត​ និង​ឱសថការី បើ​យើង​មាន​ប្រតិកម្ម​ជាមួយថ្នាំ​ Losartan និង​ពពួក Losartan ផ្សេង​ទៀត ឬ​សារធាតុ​ផ្សំ​ណា​មួយ​ក្នុង​ថ្នាំ។ សាក​សួរ​ឱសថការី​ ពាក់ព័ន្ធ​បញ្ជី​រាយ​មុខ​​សារធាតុផ្សំ​ក្នុង​ថ្នាំ​នេះ។

– ប្រាប់​វេជ្ជបណ្ឌិត បើ​យើង​មាន​ជំងឺ​ទឹកនោម​ផ្អែម​ និង​កំពុង​លេប​ពពួក​ថ្នាំ Aliskiren (Tekturna in amturnide ថ្នាំ Tekamlo និង Tekturna hct) វេជ្ជបណ្ឌិត​ប្រហែល​ជាអាច​ប្រាប់​យើង​ កុំឲ្យ​ប្រើ​ប្រាស់​ថ្នាំ​នេះ។

– ប្រាប់​វេជ្ជបណ្ឌិត​បើ​យើង​កើត ឬ​ធ្លាប់​កើត ជំងឺ​ខ្សោយ​បេះដូង ជំងឺ​លើ​តម្រង​នោម ឬ​​ជំងឺ​ថ្លើម​ជា​ដើម។

– ប្រាប់​ទៅ​វេជ្ជបណ្ឌិត​បើកំពុង​តែ​បំបៅ​ដោះកូន។

– ត្រូវ​ដឹង​ថា​ថ្នាំ​ Losartan អាច​ធ្វើ​ឲ្យ​ងងុយ​គេង ស្រាល​ក្បាល សន្លប់ តែងកើត​ឡើង​ជា​ទូទៅ ពេល​ចាប់​ផ្ដើម​ប្រើ​ដំបូង។ ដើម្បី​ចៀសវាង​បញ្ហា​នេះ ត្រូវ​ក្រោក​ពី​គ្រែ​គេង​យឺតៗ ដាក់​ជើង​នៅ​លើ​កម្រាល​ប្រហែល ២-៣ នាទី​មុន​ក្រោក​ឈរ។

– ត្រូវ​ដឹង​ថា​អាការៈ រាក ក្អួត ផឹក​ទឹក​មិន​គ្រប់គ្រាន់ បែកញើស​ច្រើន ​សុទ្ធ​តែ​អាច​ធ្វើឲ្យ​សម្ពាធ​ឈាម​ធ្លាក់ចុះ នាំ​ឲ្យ​មាន​អារម្មណ៍​ស្រាល​ក្បាល​ និង​សន្លប់។ ប្រាប់​វេជ្ជបណ្ឌិត​​បើ​មាន​បញ្ហា​ទាំងនេះ ឬ​វិវត្ត​ទៅ​រក​បញ្ហា​នេះ​អំឡុង​ពេល​ព្យាបាល។

– ប្រាប់​វេជ្ជបណ្ឌិត​ ​ឱសថការី​ គ្រប់​ថ្នាំ​កំពុង​ប្រើ ឬ​មាន​គម្រោង​ប្រើ ទាំង​មាន ឬគ្មានវេជ្ជបញ្ជា រាប់​បញ្ចូល​ទាំង​ពពួក​វីតាមីន​ អាហារ​បំប៉ន​ និង​ឱសថ​បុរាណ ពិសេសត្រូវប្រាប់​បើ​យើង​កំពុង​ប្រើថ្នាំ​ដូចជា Aspirin និង​ពពួក​ថ្នាំ Nonsteroidal anti-inflammatory (NSAID) មាន​ថ្នាំ Ibuprofen (advil, motrin) និង​ថ្នាំ Naproxen (aleve, naprosyn) ពពួក​ថ្នាំ Selective cox-2 inhibitors មាន​ថ្នាំ Celecoxib (celebrex) ពពួក​ថ្នាំ​បញ្ចុះ​ទឹកនោម ដូច​ជា​ក្រុម​ថ្នាំ Potassium-sparing មាន​ថ្នាំ Amiloride (Midamor, In hydroride, In moduretic) ពពួក​ថ្នាំ Spironolactone (Aldactone និង In aldactazide) ថ្នាំ Triamterene (Dyrenium, In dyazide, In maxzide) ថ្នាំ Fluconazole (Diflucan) ថ្នាំ Lithium (Eskalith cr, Eskalith, Lithobid) ថ្នាំ Phenobarbital ពពួក​អាហារ​បំប៉ន​មាន​សារជាតិ​ប៉ូតាស្យូម និង​ថ្នាំ Rifampin (Rifadin, Rimactane)។ ករណី​នេះ​វេជ្ជបណ្ឌិត ​អាច​នឹង​ផ្លាស់ប្ដូរ​កម្រិត​ថ្នាំ ឬ​តាមដាន​យ៉ាង​ប្រុង​ប្រយ័ត្ន​លើ​ផល​រំខាន​របស់​ថ្នាំ។

៥- មាន​សុវត្ថិភាព​ចំពោះ​ស្រ្តី​កំពុង​ពពោះ ​និង​បំបៅ​ដោះ​កូន​​ទេ?

មិនមាន​ព័ត៌មាន​គ្រប់គ្រាន់ពីសុវត្ថិភាពការ​ប្រើថ្នាំ​នេះ ទាំងអំឡុងពេលមាន​ផ្ទៃពោះ​ និង​បំបៅដោះ​បេប៊ី។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ គឺ​ជា​រឿង​ចាំបាច់។ យោង​តាម​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​ នៅអាមេរិក (FDA) ថ្នាំ​នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​បញ្ជីថ្នាំ​គ្រោះថ្នាក់​កម្រិត D សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ។

ចំណាត់​ថ្នាក់​កម្រិត​គ្រោះថ្នាក់​នៃ​ថ្នាំ​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​របស់ FDA មាន​ដូច​ខាង​ក្រោម៖

– A = គ្មាន​គ្រោះថ្នាក់

– B = គ្មាន​គ្រោះថ្នាក់ ក្នុង​ការ​សិក្សា​មួយ​ចំនួន

– C = អាច​មាន​គ្រោះថ្នាក់​ខ្លះៗ

– D = មាន​ភស្តុតាងជា​វិជ្ជមាន​ថា​មាន​គ្រោះថ្នាក់

– X = ហាម​ប្រើ

– N = មិន​មាន​ព័ត៌មាន។

ស្វែងយល់ពីផលរំខាន

៦- ផល​រំខាន​មាន​អី​ខ្លះ?

ត្រូវស្វែង​រក​ជំនួយ​បន្ទាន់​ពី​គ្រូពេទ្យ ក្នុង​ករណី​ប្រទះ​អាការៈ​ប្រតិកម្ម​ចំនួន ដូច​ជា កន្ទាល​ត្រអាក ពិបាក​ដក​ដង្ហើម ហើម​មុខ បបូរ​មាត់​ អណ្ដាត ឬ​បំពង់​ក។

ករណី​កម្រ​ថ្នាំ Telmisatan អាច​បណ្ដាល​ឲ្យ​បែក​ជាលិកា​សាច់ដុំ​សន្ធាន (Skeletal muscle) ជាហេតុ​វិវត្ត​ទៅរក​ជំងឺ​ខ្សោយ​តម្រង​នោម។ ហេតុនេះ ទាក់ទង​វេជ្ជបណ្ឌិត​ភ្លាម បើ​មាន​អកាៈ​ឈឺចាប់​សាច់ដុំ ទន់​សាច់ដុំ ខ្សោយ​កំលាំង ពិសេស​បើ​មាន​គ្រុន ក្អួតចង្អោរ និង​ទឹកនោម​ប្រែ​ជា​ពណ៌​ក្រមៅ។

– ទាក់ទង​ទៅ​វេជ្ជបណ្ឌិត​ជា​បន្ទាន់​បើ​យើង​មាន​អាការ៖ ចង់​សន្លប់ ឈឺចាប់ ​ឬ​មាន​អារម្មណ៍ ​រលាក​នៅ​ពេល​នោម ​ស្បែក​ស្លេក ស្រាល​ក្បាល​ ហត់ ចង្វាក់​បេះដូង​ដើរ​ញាប់ ពិបាក​ប្រមូល​អារម្មណ៍ ​ដក​ដង្ហើម​មាន​សំឡេង​ដូច​ហួច ឈឺ​ទ្រូង ងងុយ​ខ្លាំង វង្វេង​វង្វាន់ អារម្មណ៍​មិន​នឹងន ស្រេកទឹក បាត់បង់​ចំណង់​អាហារ ចង្អោរ ក្អួត ហើម ឡើង​ទម្ងន់ នោមតិច ឬ​ច្រើន​ជាង​ធម្មតា មិន​នោម​​សោះ កើន​កម្រិត​ប៉ូតាស្យូម ចង្វាក់​បេះដូង​ធ្លាក់​ចុះ ជីពចរ​ខ្សោយ សាច់ដុំ​ខ្សោយ មាន​អារម្មណ៍​ញ័រ​ចុង​ដៃ ​ចុង​ជើង)។

– ផល​រំខាន​ទូទៅ​អាច​រួម​មាន៖ រោគសញ្ញា​គ្រុនក្ដៅ តឹង​ច្រមុះ កណ្ដាស់ ស្ងួត​បំពង់​ក គ្រុន​ក្ដៅ ក្អក​ស្ងួត រមួល​សាច់ដុំ ឈឺ​ជើង ឬខ្នង ឈឺ​ពោះ រាក ឈឺ​ក្បាល វិល​មុខ មាន​អារម្មណ៍​អស់កម្លាំង ឬ​មាន​បញ្ហា​ពេល​គេង (គេងមិនលក់)។

មនុស្ស​​គ្រប់​គ្នា ​មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេងទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- ​អន្តរកម្ម​ថ្នាំ

Losartan អាច​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ផ្សេង​ទៀតយើង​កំពុងប្រើ ធ្វើឲ្យ​ផ្លាស់ប្ដូរអំពើរបស់​ថ្នាំ ​បង្កើន​គ្រោះ​ថ្នាក់ ​ផល​រំខានទៅ​ដល់យើង។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ​ផ្លាស់ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និងយល់ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

​ពពួកថ្នាំ​អាច​មាន​ប្រតិកម្ម​ជា​មួយ​ថ្នាំ Losartan មាន​ដូច​ជា៖

– ថ្នាំ​បញ្ចុះ​ទឹកនោម

– ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ដទៃទៀត

– ថ្នាំ Lithium

– ថ្នាំ Celecoxib

– ថ្នាំ Aspirin ឬ​ពពួក​ថ្នាំ NSAIDS (non-steroidal anti-inflammatory drugs) ផ្សេងទៀត​ដូចជា ថ្នាំ Ibuprofen (Advil, Motrin) ថ្នាំ Naproxen (Aleve) ថ្នាំ Diclofenac ថ្នាំ Indomethacin ថ្នាំ Meloxicam និងថ្នាំ​ផ្សេងៗ​ទៀត។

៨- អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង

ថ្នាំ Losartan អាច​មាន​ប្រតិកម្ម​ជាមួយ​​អាហារ ឬ​ស្រា ​អាច​ធ្វើ​ឲ្យ​ផ្លាស់​ប្ដូរ​អំពើ​របស់​ថ្នាំ បង្កើន​ហានិភ័យ​ ផល​រំខាន​ធ្ងន់ធ្ងរ។ មុន​នឹង​ប្រើ​ថ្នាំ​នេះ ត្រូវ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ឬ​ឱសថការី ​បើ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ​ ឬ​ស្រា។

៩- អន្តរ​កម្ម​ជាមួយ​សុខភាព​ 

ថ្នាំ Losartan អាច​មាន​អន្តរកម្ម​ជាមួយ​សុខភាព​យើង ​នាំឲ្យ​ស្ថាន​ភាព​​សុខភាព​​កាន់តែ​ដុនដាប ឬ​អាច​ផ្លាស់ប្ដូរ​អំពើ​ថ្នាំ​ទៀត​ផង។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​វេជ្ជបណ្ឌិត​ និង​ឱសថការី​បាន​ដឹង​ពី​ស្ថានភាព​សុខភាព​ទាំង​អស់​របស់​យើង​បច្ចុប្បន្ន​ ពិសេស​ធ្លាប់​មាន​ប្រតិកម្ម Angioedema និង​ជំងឺ​មួយ​ចំនួន​ដូចជា៖

– ជំងឺ​លើ​តម្រងនោម

– ជំងឹ​ខ្សោយ​បេះដូង​ធ្ងន់ធ្ងរ នាំ​ឲ្យមាន​បញ្ហា​ដល់​តម្រង​នោម

– ជំងឺ​ទឹក​នោមផ្អែម កំពុង​ប្រើ​ថ្នាំ​ Aliskiren (Tektuma®)

– ជំងឺ​ដែល​មាន​ជំងឺ​លើ​តម្រង​នោម កំពុង​ប្រើថ្នាំ Aliskiren (Tektuma®) ក៏​មិន​គួរ​ប្រើ​ថ្នាំ Losartan ដូចគ្នា។

អតុល្យភាព អេឡិចត្រូលីត ​(កើន​ខ្ពស់ ឬ​ចុះទាប កម្រិត​ប៉ូតាស្យូម ឬ​សូដ្យូម​ក្នុងរាងកាយ) ហេតុ​នេះ​ត្រូវ​ប្រើ​ដោយ​ប្រុង​ប្រយ័ត្ន ព្រោះ​អាច​បណ្ដាល​ឲ្យ​ស្ថាន​ភាពកាន់​តែ​ធ្ងន់ធ្ងរ។

– ជំងឺថ្លើម រួម​បញ្ចូល​ទាំង​ក្រិន​ថ្លើម (Cirrhosis)​ ដូចនេះ​ត្រូវ​ប្រើ​ដោយ​ប្រុង​ប្រយ័ត្ន ព្រោះ​ផល​ប៉ះពាល់​អាច​កើនឡើង ដោយសារ​ការ​បញ្ចេញ​សារធាតុ​ស្តុក​ក្នុង​ថ្នាំនេះ​ចេញ​ពី​រាង​កាយ​មានសភាព​​​យឺតយ៉ាវ។

– Angioedema (ប្រតិកម្ម​អាលែក្ស៊ី​មួយ​ប្រភេទ) ជាមួយ​នឹង​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ដទៃ​ទៀត ដូចជា​ថ្នាំ Benazepril ថ្នាំ Enalapril ​ថ្នាំ Lisinopril ​ថ្នាំ Lotrel® ​ថ្នាំ Vasotec® ​ថ្នាំ Zestoretic®, និង Zestril®។ បើ​មាន​ប្រវត្តិ​ប្រើ​ថ្នាំ​ទាំង​នេះ​បណ្តាល​ឲ្យ​អាលែកហ្ស៊ី ការ​ប្រើ​ថ្នាំ Losartan ក៏អាច​បណ្ដាល​អាការៈ​នេះ​កើត​ឡើង​ម្ដង​ទៀត​ដែរ។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្ស​ពេញ​វ័យ​ត្រូវ​ប្រើ​​កម្រិត​ណា?

កម្រិត​ប្រើ​ទូទៅ​លើមនុស្ស​ពេញវ័យ​សម្រាប់​ជំងឺ Diabetic Nephropathy

– កម្រិត​ប្រើ​ដំបូង៖ ៥០​មិល្លីក្រាម លេប​មួយថ្ងៃ​ម្តង។

– កម្រិត​ប្រើ​បន្ថែម៖ ២៥-១០០ មិល្លីក្រាម ១-២ ដង/ថ្ងៃ។

កម្រិត​ប្រើ​ទូទៅ​លើមនុស្ស​ពេញវ័យ​សម្រាប់​ជំងឺ​លើស​​សម្ពាធឈាម (Hypertension)

– កម្រិត​ប្រើ​ដំបូង៖ ៥០មិល្លីក្រាម ​លេប​​មួយថ្ងៃ​ម្តង។

– កម្រិត​ប្រើ​បន្ថែម៖ ២៥-១០០ ​មិល្លីក្រាម ​១-២ ដង​/​ថ្ងៃ។

១១- កូន​ក្មេង​ត្រូវ​ប្រើ​កម្រិត​ណា?

កម្រិត​ប្រើថ្នាំ​ Losartan​ លើក្មេងៗ​ជំងឺ​លើសសម្ពាធ​ឈាម (Hypertension)

– ក្មេងៗ​អាយុ ៦ ឆ្នាំឡើង៖ ០,៧ មិល្លីក្រាម/គីឡូ មួយថ្ងៃ​លេប​ម្ដង (កម្រិត​អតិបរមា ៥០ មិល្លីក្រាម)។

១២- ទម្រង់​ថ្នាំដូច​ម្ដេច​ខ្លះ?

Losartan នៅ​លើ​ទីផ្សារ មាន​ទម្រង់ ​និង​កម្រិត​ប្រើ​ដូច​ខាង​ក្រោម៖

– ថ្នាំ​គ្រាប់​សម្រាប់​លេប៖ ២៥មិល្លីក្រាម ៥០មិល្លីក្រាម និង ១០០ មិល្លីក្រាម។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

សញ្ញា​​ប្រើថ្នាំ​លើស​កម្រិត​រួមមាន៖

– វិល​មុខ​ខ្លាំង

– សន្លប់

– ចង្វាក់​បេះដូង​ខុស​ប្រក្រតី។

១៤- ករណី​ភ្លេច​លេប​ថ្នាំ

បើ​ភ្លេច​លេប​ថ្នាំ សូម​លេប​វា​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​លេប​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ លេប​ថ្នាំ​តាម​ពេល​​ត្រូវ​លេប​បន្ត​បាន​ហើយ កុំ​លេប​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ HelloHealth Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ គឹម កាណែល · កែ Dec 19, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម