ការចិញ្ចឹមកូនតែឯង តែងជួបប្រទះនូវបញ្ហាផ្សេងៗជាច្រើន ជាពិសេសចំពោះម៉ាក់ៗតែម្ដង ដែលត្រូវដើរតួនាទីជាប៉ាផង និងជាម៉ាក់ផងក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូន ក៏ដូចជារកចំណូលផ្គត់ផ្គង់គ្រួសារ។ ពិតណាស់ ការចិញ្ចឹមកូនតែឯង អាចធ្វើឲ្យសេចក្ដីសុខ និងភាពរីករាយរបស់យើងត្រូវថមថយ ប្រសិនបើយើងមិនអាចរកដំណោះស្រាយឲ្យបានសមស្របទៅនឹងបញ្ហាអស់ទាំងនោះបាន។ យ៉ាងណាមិញ ខាងក្រោមនេះ ជាបញ្ហាទូទៅដែលប៉ា ឬម៉ាក់ចិញ្ចឹមកូនតែឯង តែងប្រឈម ក៏ដូចជាគន្លឹះដោះស្រាយប្រកបដោយប្រសិទ្ធភាព។
១. ភាពឯកា
ផលវិបាកមួយដែលប៉ា ឬម៉ាក់ចិញ្ចឹមកូនតែឯង ឧស្សាហ៍ជួបប្រទះ គឺភាពឯកា និងពុំមានអ្នកដែលអាចពឹងពាក់បាន។ ជាមួយគ្នានេះដែរ ការចងចាំល្អៗពីមុនក៏អាចធ្វើឲ្យយើងពិបាកចិត្តដោយមិនដឹងខ្លួនផងដែរ។
ដំណោះស្រាយ៖ ការផ្លាស់ប្ដូរគំនិតអវិជ្ជមាន ទៅជាការគិតវិជ្ជមានវិញ អាចផ្ដល់ពេលវេលាឲ្យយើងស្គាល់ខ្លួនឯងកាន់តែច្បាស់។ ប៉ា ឬម៉ាក់គួរប្រើថាមពលក្នុងការធ្វើសកម្មភាពដែលមានប្រយោជន៍ផ្សេងៗ និងចំណាយពេលនៅជាមួយកូនតាមដែលអាចធ្វើទៅបាន។ យើងត្រូវចាំថា កូនៗក៏ត្រូវការយើងជាកម្លាំងជំរុញចិត្តរបស់ខ្លួន ដូចទៅនឹងប៉ា ឬម៉ាក់ដែរ។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
២. កូនខ្វះវិន័យ
ដោយសារតែស្រ្តេស ក្មេងមួយចំនួនអាចបញ្ចេញឥរិយាបថមិនសមរម្យ ដើម្បីទាមទារការចាប់អារម្មណ៍ពីប៉ា ឬម៉ាក់ ដែលទង្វើនេះ អាចធ្វើឲ្យយើងមានអារម្មណ៍នឿយហត់ខ្លាំង ក្នុងការបំពេញកិច្ចការផ្សេងៗ។ បញ្ហាមួយទៀត គឺទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុ ដែលតម្រូវឲ្យយើងត្រូវកាត់បន្ថយពេលវេលានៅជាមួយកូន ទើបធ្វើឲ្យក្មេងចាប់ផ្តើមមានអាកប្បកិរិយារឹងរូស និងមិនស្ដាប់បង្គាប់ប៉ា ឬម៉ាក់។
ដំណោះស្រាយ៖ ក្នុងករណីលែងលះគ្នា យើងចាំបាច់ត្រូវពិគ្រោះជាមួយនឹងដៃគូជារឿយៗ អំពីការបង្រៀនវិន័យសីលធម៌ដល់កូន មុនពេលដែលអ្វីៗហួសពេល។ ប៉ុន្តែ ក្នុងករណីដែលដៃគូបាត់បង់ជីវិត ប៉ា ឬម៉ាក់ អាចសុំជំនួយពីសមាជិកគ្រួសារ ឲ្យជួយអប់រំណែនាំ ក៏ដូចជាតាមដានឥរិយាបថរបស់កូនជាញឹកញយ។
៣. ការមិនផ្ដល់តម្លៃ
បញ្ហាមួយទៀតដែលប៉ា ឬម៉ាក់តែងជួបប្រទះក្នុងសង្គមសព្វថ្ងៃ គឺការវាយតម្លៃមិនល្អពីមជ្ឈដ្ឋានខាងក្រៅ ជំនួសឲ្យការគាំទ្រទៅវិញ។ ពិតណាស់ ប្រសិនបើយើងទទួលបានការវិនិច្ឆ័យមិនល្អ ពីសមាជិកគ្រួសារ និងមិត្តភ័ក្ដិ យើងអាចនឹងបាត់បង់ទំនុកចិត្ត និងភាពជឿជាក់ចំពោះខ្លួនឯង។
ដំណោះស្រាយ៖ ប៉ា ឬម៉ាក់គួរនៅជាមួយនឹងក្រុមអ្នកដែលជឿជាក់ និងយល់ពីយើងច្បាស់ ដោយមិនវិនិច្ឆ័យបែបអវិជ្ជមានណាមួយ។ បន្ថែមពីនេះ យើងគួរចូលរួមក្នុងសកម្មភាពផ្សេងៗ ដែលអាចបង្កើនទំនុកចិត្តដល់ខ្លួនឯង ទើបជាការប្រសើរ។
![ចិញ្ចឹមកូនតែឯង](https://cdn.hellokrupet.com/wp-content/uploads/2022/09/ចិញ្ចឹមកូនតែឯង៦.jpg)
៤. មានអារម្មណ៍ខុសឆ្គង
ជាទូទៅ ប៉ា ឬម៉ាក់អាចនឹងមានអារម្មណ៍ខុសឆ្គង ក្រោយពេលលែងលះរួច ដោយយល់ថាកំហុសគ្រប់យ៉ាងគឺមកពីយើងតែម្នាក់គត់។
ដំណោះស្រាយ៖ ជាជាងការស្ដីបន្ទោសឲ្យខ្លួនឯង ប៉ា ឬម៉ាក់គួរតែព្រមទទួលយកការពិត និងមានភាពជឿជាក់លើការសម្រេចចិត្តរបស់ខ្លួន។ លើសពីនេះ យើងគួរចំណាយពេលគិតពីចំណុចវិជ្ជមាន និងរស់នៅជាមួយនឹងបច្ចុប្បន្នទើបជាការប្រសើរ។