មិនចង់ឲ្យកូនតូចឈឺថ្កាត់ញឹក ម៉ាក់ៗគួរដឹងរឿងទាំងនេះ

ដោយ ត្រួតពិនិត្យដោយ ដេត ធន្នី

កូន​តូច​ប្រព័ន្ធ​ការពារ​រាងកាយ​មិន​ទាន់​រឹងមាំ​ល្អ​ដូច​មនុស្ស​ធំ​ឡើយ ដូចនេះ​ងាយ​នឹង​ឈឺ​បន្តិច​ហើយ។ តែ​ដើម្បី​កាត់​បន្ថយ​បញ្ហា​នេះ ម៉ាក់​ៗ​គួរតែ​អនុវត្ត​វិធី ៤ យ៉ាង ដែល​ចែករំលែក​ដោយ​ម៉ាក់​ៗ​មាន​បទ​ពិសោធ​ថែរក្សា​កូន​មិន​ឲ្យងាយឈឺ។

១- កុំឲ្យ​អ្នក​ដទៃ​ព​កូន​ច្រើន​ពេក

បើ​តាម​ការ​ឲ្យ​ដឹង​របស់​ម៉ាក់​ៗ ទី លីកា កាល​កូន​ដំបូង អ្នកនាង​មិន​ដឹង​ពី​បញ្ហា​នោះ​ឡើយ គិត​ថា​ឲ្យតែ​មាន​អ្នក​ព​កូន បាន​ន័យ​ថា​គេ​ស្រលាញ់​កូន ឲ្យ​ប្រឡែង​លេង​បាន​តាម​ចិត្ត និង​បាន​ធូរ​កម្លាំង​ផង។ អតីត​បុគ្គលិក​ផ្នែកលក់​ឡាន បាន​បន្ត​ថា កូន​ខ្លួន​ឧស្សាហ៍​ក្ដៅ​ខ្លួន ផ្ដាសាយ ហៀរ​សំបោរ​ដោយ​មិន​ដឹង​មូលហេតុណាស់ តែក្រោយទៅជួប​ពេទ្យ​ទើប​ដឹង​មូលហេតុ ហើយ​ពេទ្យ​បាន​ប្រាប់​ថា មនុស្ស​ធំ​ដែល​ឈឺ​ជំងឺ​ទាំង​នោះ ពេល​ខ្លះ​អាការៈ​មិន​ធ្ងន់ ទើប​យើង​មើល​មិន​ដឹង តែ​សម្រាប់​ក្មេង​ងាយ​ឆ្លង​ខ្លាំង​ណាស់ ព្រោះ​ប្រព័ន្ធ​ការពារ​រាងកាយ​មិន​រឹងមាំ​ដូច​មនុស្ស​ធំ។ កូន​ទី ២ របស់​ស្រ្តី​វ័យ ២៨ ឆ្នាំរូប​នេះ ​មិន​ឲ្យ​អ្នក​ដទៃ​ក្រៅ​ពី​សាច់ញាតិ​កាន់​កូន​ឡើយ ព្រោះ​មិន​ដឹង​ថានរណាមាន​ជំងឺ​អ្វី​ខ្លះ ហើយ​អ្នក​ដែល​កាន់​គឺ​ត្រូវ​លាង​សម្អាត​ដៃ​ជាមុន​សិន បើ​អ្នក​ខ្លះ​ទៀត គឺ​តម្រូវ​ឲ្យ​ពាក់​ម៉ាស់​តែម្ដង ដើម្បី​ការពារ​កូន។

២- កុំ​នាំ​ទៅ​កន្លែង​មាន​មនុស្ស​ច្រើន

«បើ​ស្រលាញ់​កូន កុំ​ឲ្យ​សោះ​នាំ​កូន​តូច​ទៅ​កន្លែង​មាន​មនុស្ស​ច្រើន​ដូចជា​ផ្សារ​ទំនើប ឬ​កន្លែង​ណា​ដែល​ជុំ​ៗ​មនុស្ស​កកកុញ។ ទង្វើ​បែប​នេះ​ងាយ​ធ្វើឲ្យ​កូន​ឆ្លង​មេរោគ​ផ្សេង​ៗ​ណាស់ ព្រោះ​មនុស្ស​ទាំង​នោះ​មាន​ជំងឺ​ណា​មួយ​ជាប់​ខ្លួន​ហើយ»។ នេះ​ជា​ការ​រៀបរាប់​មនុស្ស​អ្នកស្រី នូ ស្រីពេជ្រ ដែល​មាន​កូន ៣ នាក់​រួច​មក​ហើយ។

ថែទាំកូន

អ្នក​លក់​ដូរ​អីវ៉ាន់​ចាប់ហួយ​នៅផ្ទះ​បាន​ឲ្យ​ដឹង​ថា កាលពី​កូន​ដំបូង និង​កូន​ទី ២ មិន​ដែល​ចេះ​ឈឺ​ផ្ដេសផ្ដាស​ឡើយ ព្រោះ​អ្នកនាង​មិន​ធ្លាប់​ទៅ​ណា តែ​ដល់​កូន​ទី​៣ ស្ត្រី​វ័យ ៣៦ ឆ្នាំ​ថា ឧស្សាហ៍​ឡើង​ទៅ​លេង​ផ្សារ​ទំនើប​គេ​ទើប​បើក​ថ្មី និងកន្លែង​​​តាំង​ពិព័រណ៍​ ហើយ​ពេល​មក​វិញ​កូន​តូច​ឈឺ​រហូត។ បន្ទាប់ពី​កូន​ឈឺ​ច្រើនដង ស្រីពេជ្រ ក៏​ឈប់​នាំ​កូន​តូច​ដើរលេង ហើយ​ក៏​លែង​ឈឺ​ទៀត ទើប​ដឹង​ថា​មកពី​ការ​ដើរ​លេង​ទាំង​នោះ​មាន​ទាំង​បើក​ម៉ាស៊ីន​ត្រជាក់ មនុស្ស​ប្រជ្រៀត​គ្នា ឬ​ហប់​ក្ដៅ​ជាដើម។

៣- កុំនាំកូនដើរលេង​ខេត្ត​ឆ្ងាយ​ៗ

សម្រាប់​អ្នកមាន​កូន​តូច ៦ ខែ​ចុះក្រោម អ្នកនាង ចូវ លាង​ស៊ីម បាន​ណែនាំ​មិន​ឲ្យ​យក​កូន​ទៅ​ដើរលេង​ឡើយ ព្រោះ​ថា​ការ​ធ្វើដំណើរ​ផ្លូវ​រលាក់ អាកាសធាតុ​ត្រជាក់ ក្ដៅ ឬ​ដី​ហុយ សុទ្ធតែ​ធ្វើឲ្យ​កូន​ឈឺ​បាន​ទាំងអស់។ ស្ត្រី​កូន ៣ រូប​នេះ​បាន​បន្ត​ទៀត​ថា បើ​ម៉ាក់​ៗ​ណា​​ដើរលេង អាច​រក​កន្លែង​ជិត និង​ការពារ​កូន​កុំឲ្យ​ត្រូវ​ខ្យល់ ឬ​ភ្លៀង​អី ព្រោះ​ពេល​នេះ​អាកាសធាតុ​កំពុង​ត្រជាក់​កូន​ងាយ​ហៀរ​សំបោរ ក្ដៅ​ខ្លួន តឹងច្រមុះ។ បុគ្គលិក​ផ្នែក​ទីផ្សារ ​ក្រុមហ៊ុន​ភេសជ្ជៈ​រូប​នោះ បន្ត​ទៀត​ថា កូន​តូច​ត្រូវ​ការ​សម្រាកបាន​ច្រើន ការ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​មិន​ងាយស្រួល​ឲ្យ​ទារក​សម្រាក​ឡើយ ដូចនេះ​ផ្អាក​សិន​បាន​ក៏​ល្អ ព្រោះ​ពេល​កូន​ឈឺ​អ្នក​លំបាក​មានតែ​យើង​ហ្នឹង​ហើយ។

៤- របប​អាហារ

អ្នកស្រី លាង សុខា អាជីវករ​មួយ​រូប​នៅ​ផ្សារ​ព្រែក​តាមាក់ បាន​ឲ្យ​ដឹង​ថា ចង់​ឲ្យ​កូន​សុខភាព​ល្អ​ត្រូវតែ​យក​ចិត្ត​ទុកដាក់​ចំពោះ​អាហារ​កូន។ ម៉ាក់​ៗ​វ័យ​ក្មេង​រូប​នេះ​បន្ត​ទៀត​ថា កូន​អ្នកនាង​មិន​ឲ្យ​ញ៉ាំ​ចំណី​កញ្ចប់ ឬ​អាហារ​គេ​លក់​ឡើយ​កាលពី​អាយុ​ក្រោម ២ ឆ្នាំ ព្រោះ​ថា ក្រពះ​ពោះវៀន​កូន​មិន​ទាន់​រឹងមាំ​ល្អ អាច​ទប់ទល់​នឹង​អាហារ​វេច​ខ្ចប់​ដែល​មាន​ផ្ទុក​សារធាតុ​គីមី។ មួយ​វិញ​ទៀត​ចំណី​អាហារ​ដែល​ទិញ​ពី​គេ មិន​ប្រាកដ​ថា​ធ្វើ​ឡើង​មាន​អនាម័យ គ្រឿង​ផ្សំ​វត្ថុ​ធាតុ​ដើម និង​សម្អាត​សម្ភារៈ​បាន​ត្រឹមត្រូវ​ឡើយ។

អត្ថបទពាក់ព័ន្ធម៉ាក់ប៉ាសម័យនេះចូលចិត្តប្រើកាបូបស្ពាយកូន តើជួយបានអីខ្លះ?

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​តុលា 7, 2019 | កែសម្រួលចុងក្រោយ ខែ​តុលា 7, 2019

អ្នកអាចចូលចិត្ត