ស្បែក​ពស់ ជំងឺ​ស្បែក​ម៉្យាង​ពី​កំណើត អាច​បង្ក​គ្រោះ​ថ្នាក់​ខ្ពស់​ដល់​ជីវិត​កូន

    ស្បែក​ពស់ ជំងឺ​ស្បែក​ម៉្យាង​ពី​កំណើត អាច​បង្ក​គ្រោះ​ថ្នាក់​ខ្ពស់​ដល់​ជីវិត​កូន

    ធម្មតា យើង​មិន​សូវ​ជា​ចាប់​អារម្មណ៍​ទៅ​លើ​បញ្ហា​ស្បែក​ប៉ុន្មាន​ទេ ព្រោះ​គិត​ថា វា​មិន​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​អី​ទៅ​ដល់​សុខភាព។ ផ្ទុយ​ទៅ​វិញ មាន​ជំងឺ​ស្បែក​មួយ​ប្រភេទ​កើត​លើ​ទារក​ពី​កំណើត​ដែល​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​របស់​អា​អូន​ខ្ពស់​មែន​ទែន។

    បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ​ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​បាន​បកស្រាយ​ឲ្យ​ដឹង​ថា ជំងឺ​ស្បែក​នោះ ជា​ជំងឺ​ពី​កំណើត​ដែល​គេ​ហៅ​ថា Harlequin Ichthyosis ឬ​ប្រជាជន​យើង​ហៅ​ថា ស្បែក​ពស់ ឬ​ស្បែក​ស្រកា​ត្រី។ ជំងឺ​ស្បែក​ពី​កំណើត​នេះ មាន​សភាព​ធ្ងន់ធ្ងរ​ជាងជំងឺ​ស្បែក​ដទៃ​ដែល​កើត​លើ​ក្មេង។

    លោក​បន្ត​ថា ជំងឺ​ស្បែក​ពស់ ឬ​ស្រកា​ត្រី​នេះ កើត​ឡើង​បាន​បណ្ដាល​មក​ពី​កត្តា​ហ្សែន​ពី​កំណើត និង​ការ​បម្រែបម្រួល​ក្រូម៉ូសូម​ដែល​មាន​ជាតិ​ប្រូតេអ៊ីន ជាតិ​ខ្លាញ់ (ឬ​គេ​ហៅ​ថា ខូច​ប្រូតេអ៊ីន A12)។ ស្បែក​របស់​ទារក​ដែល​មាន​ជំងឺ​នេះមាន​សភាព​រឹង តឹង ហើយ​ប្រេះៗ ប្រៀប​បាន​នឹង​ស្រកា​ត្រី​ដែរ។ ភាគ​ច្រើន​ទារក​ដែល​មាន​បញ្ហា​ស្បែក​ពស់​នេះ តែង​កើត​មក​មិន​គ្រប់​ខែ បូក​រួម​ទាំង​បញ្ហា​ស្បែក​តឹង​ផង​នោះ ជា​ហេតុ​ធ្វើ​ឲ្យ​អា​អូន​ងាយ​ប្រឈម​នឹង​បញ្ហា​ផ្សេងៗ​ទៀត​ដូច​ជា៖

    – ភ្នែក​បិទ​មិន​ជិត
    – ពិបាក​បៅ​ដោះ​
    – ដៃ​ជើង​តូចៗ តែ​មាន​សភាព​ហើម
    – ពិបាក​ដក​ដង្ហើម
    – ខ្វះ​ជាតិ​ទឹក
    – ស្បែក​ងាយ​ឆ្លង​មេរោគ
    – មាន​សីតុណ្ហភាព​រាង​កាយ​ទាប។ល។

    លោក​បន្ត​ថា ដោយ​សារ​តែ​ជំងឺ​ស្បែក​ Harlequin Ichthyosis​ នេះ​ធ្ងន់ធ្ងរ មាន​ទារក​តិច​ណាស់​ដែល​កើត​ជំងឺ​នេះ​ហើយ អាច​រស់​នៅ​លូត​លាស់​បាន​ដល់​ធំ​ពេញ​វ័យ។ ត្បិត​តែ​ជំងឺ​នេះ​ជា​ជំងឺ​កម្រ​មែន ប៉ុន្តែ​នៅ​កម្ពុជា​យើង​ក៏​ឧស្សាហ៍​ជួប​ប្រទះ​នៅ​តាម​មន្ទីរពេទ្យ ឬ​សម្ភព​នានា​ដែរ។

    វេជ្ជបណ្ឌិត​ផ្នែក​សម្ភព​រូប​នេះ បញ្ជាក់​ថា អា​អូន​ដែល​មាន​ស្បែក​ប្រភេទ​នេះ ទាម​ទារ​ឲ្យ​មាន​ការ​ថែទាំ និង​ព្យាបាល​ខ្លាំង​មែន​ទែន។ ដោយ​សារ​វិទ្យាសាស្ត្រ​សព្វ​ថ្ងៃ​មាន​ភាព​ជឿន​លឿន ក្មេង​ដែល​កើត​ជំងឺ​ស្បែក​ពស់ ឬ​ស្រកា​ត្រី​នេះ អាច​រស់​រៀន​មាន​ជីវិត​រហូត​ដល់​ធំ​ធម្មតា​បាន ក៏​ប៉ុន្តែ​រូប​រាង​ខាង​ក្រៅ​នឹង​មិន​មាន​សភាព​ដូច​មនុស្ស​យើង​ធម្មតា​ទេ។

    ទោះ​យ៉ាង​នេះ​ក្ដី លោក​បាន​ណែនាំ​ឲ្យ​ម៉ាក់ៗ​ពពោះ​គ្រប់​រូប​ព្យាយាម​ពិនិត្យ​សុខភាព​ឲ្យ​ទៀង​ទាត់​តាម​ការ​ណាត់​ជួប​របស់​គ្រូពេទ្យ និង​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ម៉ត់ចត់​មែន​ទែន។ ក្នុង​ករណី​ដែល ម៉ាក់​ៗ​មាន​អារម្មណ៍​ថា​មិន​ស្រួល​ខ្លួន ឬ​ឈឺ​ត្រង់​ណា​មួយ​លើ​រាង​កាយ យក​ល្អ គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​ឆាប់​បំផុត។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ 25/09/2020

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម