យើងក៏អាចជំរុញលើកទឹកចិត្តទារកឲ្យញញឹមដោយវិធីជាច្រើនផងដែរ។ រឿងសាមញ្ញបំផុតគឺនិយាយនឹងកូននេះឯង។ ពេលផ្សេងទៀត យើងអាចធ្វើការសម្លឹងចំភ្នែក ឬញញឹមជាមួយកូនឲ្យបានទៀងទាត់ជាប្រចាំ។ អ្នកខ្លះ ជ្រើសរើសធ្វើសំឡេងគួរឲ្យចង់សើច ដូចជាសំឡេងសត្វ ដើម្បីឲ្យកូនញ្ញឹម។ ការធ្វើទឹកមុខគួរឲ្យអស់សំណើចក៏ជួយឲ្យកូនញញឹមបានដែរ ដូចជាការធ្វើត្រាប់តាមអាកប្បកិរិយាសត្វ ឬលេងពួនហើយពញ្ញាក់ ជាដើម។ ក្នុងអំឡុងការជំរុញឲ្យមានញញឹមទាំងនេះ យើងក៏គួរផ្តល់ឱកាសដល់កូននូវពេលវេលាដើម្បីឆ្លើយតបដែរ។ គ្រាន់តែរឿងដែលត្រូវចងចាំគឺ កុំធ្វើសកម្មភាពទាំងនោះហួសច្រើនពេក។ ការភ្ញោចខ្លាំងពេកធ្វើឲ្យទារកបាត់បង់ចំណាប់អារម្មណ៍ ដោយសារកូនមិនអាចចាត់ចែងដំណើរការអារម្មណ៍ច្រើនបែបនោះឡើយ។
៣.ពេលកូនញញឹមប៉ាម៉ាក់នឹងរំពឹងអ្វីពីកូន?
នៅពេលកូនចាប់ផ្ដើមដឹងរបៀបញញឹម នោះកូននឹងបន្តសើចស្ញាញពីពេលមួយទៅពេលមួយទៀត។ ហេតុអ្វី? ព្រោះរាល់លើកដែលកូនញញឹម យើងនឹងត្រូវមានប្រតិកម្មយ៉ាងវិជ្ជមានជានិច្ច។ អូនៗស្រឡាញ់ចូលចិត្តបែបនេះ ហេតុនេះកូននឹងញញឹមម្តងហើយម្តងទៀត។ ពេលដំបូង កូនអាចបង្ហាញទឹកមុខរីករាយដើម្បីឆ្លើយតបទៅនឹងការជំរុញ ឬការភ្ញោចនានាដើម្បីឲ្យគេញញឹម។ ក្រោយមកទៀតពេលគំហើញរបស់កូនកាន់តែប្រសើរហើយ គ្រាន់តែឃើញអ្វីមួយដែលគេស្រឡាញ់ចូលចិត្តនឹងធ្វើឲ្យគេញញឹមមិនខាន។ មុនពេលកូនយើងចូលដល់អាយុ ៥ខែ កូនអាចនឹងធ្វើឲ្យប៉ាម៉ាក់ភ្ញាក់ផ្អើលដោយការសើចចេញសំឡេងឮៗមិនខាន។