home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ម៉ាក់ៗ បើ​ចេះសម្គាល់ចំណុចទាំងនេះ នឹងដឹងថាកូនបៅបានគ្រប់គ្រាន់ ឬអត់មិនខាន

ម៉ាក់ៗ បើ​ចេះសម្គាល់ចំណុចទាំងនេះ នឹងដឹងថាកូនបៅបានគ្រប់គ្រាន់ ឬអត់មិនខាន

ម៉ាក់ៗ​ដែល​បំបៅ​ដោះ​កូន​ថ្មី​ថ្មោង​អាច​នឹង​មាន​ចម្ងល់​ច្រើន​ទាក់ទង​នឹង​កូន​តូច​ថា​តើ​ធ្វើ​ម៉េច​ទើប​ដឹង​ថា​កូន​តូច​បៅ​ឆ្អែត។ ការ​បំបៅ​ដោះ​គឺ​មាន​លក្ខណៈ​ខុស​គ្នា​ពី​ការ​ឲ្យ​កូន​បៅ​ពី​ដប​ទឹកដោះគោ ​ព្រោះ​ថា​ដប​ទឹក​ដោះ​គោ​មាន​លេខ​សម្គាល់។ ប៉ុន្តែ​ម៉ាក់ៗ​អាច​សម្គាល់​មើល​លើ​ប៉ុន្មាន​ចំណុច​ដើម្បី​ដឹង​ថា​កូន​ទទួល​បាន​ទឹកដោះ​គ្រប់គ្រាន់ឬក៏អត់។

១. ខោ​ទឹក​នោម​

ក្នុង​រយៈពេល​២៤ម៉ោង​ដំបូង​ក្រោយ​ពី​ទារក​កើត ទារក​អាច​នឹង​នោម​សើម​ខោទឹកនោម​ត្រឹម​តែ​មួយ​ទៅ​ពីរ​ដង​។ ប៉ុន្តែ​ក្រោយ​ពី​៣​ទៅ​៤​ថ្ងៃ ក្នុង​មួយ​ថ្ងៃ​កូន​តូច​អាច​នោម​សើម​ខោ​ទឹក​នោម​៦ ដង ឬ​ច្រើន​ជាង​នេះ ហើយ​ទឹក​នោម​មាន​ពណ៌​ថ្លា។ ប្រសិនជា​កូន​​នោម​សើម​ខោ​ទឹក​នោម​តិច​ជាង​៦ ឬ​ទឹកនោម​មាន​ពណ៌​រាង​ក្រមៅ​បញ្ជាក់​ថា​កូន​​បៅ​មិន​​គ្រប់​គ្រាន់។ ក្រៅ​​ពី​​មើល​​លើ​ទឹក​នោម ម៉ាក់ៗ​ក៏​​អាច​សម្គាល់​តាមរយៈ​ការ​បន្ទោរ​បង់​​របស់​​កូន។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​សម្រាល​រួច លាមក​របស់​ទារក​នឹង​មាន​ពណ៌​បៃតង​​ក្រមៅ។ ក្រោយ​៣​ទៅ​៤​ថ្ងៃ លាមក​របស់​ទារក​នឹង​ប្តូរ​ទៅ​ជា​ពណ៌​លឿង និង​អាច​ជុះ​៤ដង ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ។ ប្រហែល​​១​ខែ​​ក្រោយ​​មក ទារក​នឹង​ជុះ​តិច​ជាង​នេះ និង​អាច​អត់​ជុះ​ពីរ​ទៅ​បីថ្ងៃ​ដែល​នេះ​មិន​មាន​បង្ក​ជា​បញ្ហា​អ្វី​ទេ​។

២. ទម្ងន់

ទម្ងន់​របស់​ទារក​អាច​នឹង​ឡើង​ចុះ​នៅ​ប៉ុន្មាន​ថ្ងៃ​ដំបូង ឬ​នៅ​សប្ដាហ៍​ដំបូង។ ទារក​ទើប​នឹង​កើត​អាច​បាត់បង់​ប្រហែល​៥ទៅ​៧%​នៃ​ទម្ងន់​សរុប​របស់​ពួកគេ​នៅ​ថ្ងៃ​ទី​បី ឬ​ទី​បួន ហើយ​នេះ​គឺ​ជា​ធម្មតា​មិន​មាន​បង្ក​ការ​ព្រួយ​បារម្ភ​អ្វី​ទេ។ ប៉ុន្តែ​ប្រសិន​ជា​ទារក​បាត់​បង់​​ទម្ងន់​រហូតដល់​១០% ឬ​ច្រើន​ជាង​នេះ​អាច​មាន​បញ្ហា ដែល​នេះ​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ នៅ​ថ្ងៃ​ទី​១០ ទារក​នឹង​ឡើង​ទម្ងន់​មក​វិញ។ នៅ​ពេល​ទារក​ឡើង​ទម្ងន់​វិញ ទារកត្រូវ​​ឡើង​ប្រហែល ១៧០​ទៅ​២២៦​ក្រាម​ ​ក្នុង​មួយ​សប្ដាហ៍​សម្រាប់​រយៈពេល​​៤​ខែ​ដំបូង បន្ទាប់ពី​នេះ​​គឺ​ ១១៣​ទៅ១៧០ក្រាម ក្នុង​មួយ​សប្ដាហ៍​ចាប់​ពី​ខែ​ទី​៤​ដល់​ខែ​ទី៧។

ទារក​នឹង​ទទួល​បាន​ទឹក​ដោះ​គ្រប់គ្រាន់​ប្រសិន​ជា​ពួកគេបៅ​ដោះ​៨​ទៅ​១២​ដង​ក្នុង​មួយ​ថ្ងៃ មាន​អារម្មណ៍​ល្អ​ក្រោយ​ពី​បៅរួច និង​គេង​លក់​ស្រួល។

យ៉ាង​ណា​មិញ ម៉ាក់ៗ​អាច​សម្គាល់​លើ​សញ្ញា​មួយ​ចំនួន​ដែល​បង្ហាញ​ថា​ទារក​ទទួល​បាន​ទឹក​ដោះ​មិន​គ្រប់គ្រាន់​មាន​ដូចជា៖

  • កូន​បន្ត​ស្រក​គីឡូ
  • នោម​សើម​ខោ​ទឹកនោម​តិច​ជាង​៦​ដងក្នុង​រយៈពេល២៤​ម៉ោង​ក្រោយ​ពី​កើត​បាន​៥​ថ្ងៃ
  • ក្រោយ​៥​ថ្ងៃ កូន​បត់​ជើង​តិច​ និង​មាន​ពណ៌​ក្រមៅ
  • ទារក​មាន​បបូរមាត់ ឬ​ភ្នែក​ស្ងួត
  • គេង​ច្រើន​ និង​មិន​បៅ
  • ក្រោយ​ពី​បៅ​រួច​នៅ​តែ​បន្ត​យំ
  • សុដន់​របស់​ម៉ាក់ៗ​នៅ​រឹង​ក្រោយ​ពី​បំបៅ​កូន។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://kidshealth.org/en/parents/breastfeed-starting.html

https://www.parents.com/baby/care/how-can-i-tell-if-my-newborn-is-getting-enough-milk/

https://www.verywellfamily.com/is-my-baby-getting-enough-milk-while-breast-feeding-2752619

https://www.babycenter.com/0_how-to-tell-whether-your-babys-getting-enough-breast-milk_617.bc

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 04/08/2020
ត្រួតពិនិត្យដោយ គឹម កាណែល