សញ្ញាទាំងនេះ បង្ហាញថាម៉ាក់ៗបំបៅដោះកូន ខ្វះជាតិទឹកហើយ

    សញ្ញាទាំងនេះ បង្ហាញថាម៉ាក់ៗបំបៅដោះកូន ខ្វះជាតិទឹកហើយ

    ពិត​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​មនុស្ស​យើង​ក្នុង​ការ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​ឲ្យ​បាន​គ្រប់​គ្រាន់ ជាពិសេស​ម៉ាក់​ៗដែល​កំពុង​បំបៅ​ដោះ​កូន​កាន់តែ​សំខាន់​ទៅ​ទៀត។ បើ​ម៉ាក់ៗ​ញ៉ាំទឹក​មិន​គ្រប់​គ្រាន់ មិន​ត្រឹម​តែ​ប៉ះពាល់​សុខភាព​ម៉ាក់ៗ​ទេ តែ​អាច​ប៉ះ​ពាល់​ដល់​កូន​ផង​ដែរ​។

    ​​​​​​​​​​​​​. បរិមាណ​ទឹក​ត្រូវ​ញ៉ាំ

    ម៉ាក់​ៗបំបៅ​ដោះ​កូន​ត្រូវ​ដឹង​ពី​បរិមាណ​ទឹក​ដែល​ខ្លួន​ត្រូវ​ញាំ​ដើម្បី​រក្សា​បាន​ជាតិ​ទឹក​គ្រប់​គ្រាន់​ក្នុង​ខ្លួន និង​ដើម្បី​ជា​ប្រ​យោជន៍​ដល់​ការ​បំបៅ​ដោះ​។ ក្នុង​រយៈ​ពេល​នេះ​ម៉ាក់ៗគួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​ពី​១២​ទៅ​១៣​កែវ​ក្នុង​មួយ​ថ្ងៃ។ ម៉ាក់ៗ​អាច​សង្កេត​មើល​ទឹក​នោម​ខ្លួន​ឯង​ក៏​បាន​ បើ​ឃើញ​ថា​ទឹក​នោម​មាន​ពណ៌​ក្រម៉ៅ នោះ​មាន​ន័យ​ថា​ម៉ាក់​ៗញ៉ាំ​ទឹក​មិន​បាន​គ្រប់គ្រាន់​ទេ ដូចនេះ​ត្រូវ​ញ៉ាំ​ទឹក​បន្ថែម​ហើយ​។​ ការ​ញ៉ាំទឹក​បាន​គ្រប់​គ្រាន់​មិន​ត្រឹម​តែ​ជួយ​ដល់​ការ​ផលិត​ទឹក​ដោះ​ទេ តែ​ថែមទាំង​ជួយ​ម៉ាក់ៗ​កាត់​បន្ថយ​បញ្ហា​ទល់លាមក​ផង​ដែរ​។​

    . រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន

    ម៉ាក់​ត្រូវ​ឧស្សាហ៍​ញ៉ាំ​ទឹក ដើម្បី​ប្រាកដ​ថា​មិន​ខ្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន។ ម៉ាក់​ក៏​អាច​ញ៉ាំទឹក​មុន​ពេល និង​អំឡុង​ពេល​ញ៉ាំ​អាហារ ដើម្បី​ជួយ​សម្រួល​ដល់​ការ​រំលាយអាហារ​ឲ្យ​បាន​កាន់តែ​ប្រសើរ​។ ដូច​គ្នា​ដែរ បើ​ម៉ាក់ៗ​ហាត់​ប្រាណ​ គួរ​តែ​ញ៉ាំទឹក​ខ្លះ​មុន​ពេល និង​បន្ទាប់​ពី​ហាត់​ប្រាណ ដើម្បី​ធានា​ថាក្នុង​ខ្លួន​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់​។

    . ខ្វះ​ជាតិទឹក​ប៉ះពាល់​កូន?

    បញ្ហា​ម្ដាយ​ខ្វះ​ជា​តិ​ទឹក​នឹង​នាំឲ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ​ដល់​ម្តាយ និង​កូន។ ប្រ​សិន​ជា​ម៉ាក់ៗ​ខ្វះ​ជាតិ​ទឹក​ច្រើនជាង​ពីរ​ថ្ងៃ​ជាប់​គ្នា នោះ​សារធាតុ​ក្នុង​ទឹក​ដោះ​ក៏​ប្រែ​ប្រួល​ដែរ ហើយ​បរិមាណ​ទឹក​ដោះ​ក៏​មិន​គ្រប់គ្រាន់​សម្រាប់​កូន​បៅ​ដូច​គ្នា។ ហេតុនេះ អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ​កើត​លើ​កូន​បាន​។ ម៉ាក់​ក៏​ដូច​គ្នា បើ​ខ្វះ​ជាតិ​ទឹក​អាច​ធ្វើ​ឲ្យ​មាន​អាការៈ​រឈឺ​សាច់​ដុំ​ពេល​លើក​កូន​បៅ​។​

    អស់កម្លាំង

    . អាការៈ​ខ្វះ​ជាតិ​ទឹក​ផ្សេងៗ​

    ម៉ាក់ៗ​បំបៅ​ដោះ​កូន ហើយ​ខ្វះ​ជាតិ​ទឹក​នឹង​អាច​មាន​អាការៈ​ដូច​ជា៖​

    • អស់កម្លាំង
    • ឈឺសាច់ដុំ
    • ឈឺក្បាល
    • ស្ងួត​មាត់ និង​ក
    • ចង្អោរ និង​
    • បរិមាណ​ទឹក​ដោះ​ថយ​ចុះ ជាដើម​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://parenting.firstcry.com/articles/does-breastfeeding-cause-dehydration/

    https://parenting.firstcry.com/articles/is-drinking-cold-water-after-delivery-safe/

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 17/12/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត