សាស្ត្រាចារ្យផ្នែកសម្ភព រោគស្ត្រី នៃសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាលបានបន្ថែមទៀតថា ទឹកដោះរបស់ម្ដាយជាអាហារូបត្ថម្ភដ៏វិសេសវិសាល និងជាឱសថទិព្វ ដែលមានប្រព័ន្ធការពាររាងកាយទាំងប៉ុន្មានបានបញ្ជូនទៅឲ្យកូន។ កាលណាកូនបានបោះទឹកដោះម្ដាយជួយឲ្យទារកដែលមានបញ្ហាមិនគ្រប់ខែ មិនគ្រប់គីឡូ មានសុខភាពរឹងមាំ និងអាចជួយទប់ស្កាត់រាល់ជំងឺផ្សេងៗដែលចង់ចូលទៅយាយីក្នុងខ្លួនទារក។
លោកក៏បានបន្ថែមទៀតថា ទោះជាទារកកើតគ្រប់ ឬមិនគ្រប់ខែតែបានបៅដោះម្ដាយ កម្រឈឺថ្កាត់ខ្លាំងណាស់ ប៉ុន្តែបើកូនដែលបៅទឹកដោះគោវិញឈឺច្រើនដូចជារាក រលាកបំពង់ក ក្ដៅខ្លួនជាដើម។ បើនិយាយដល់របៀបបំបៅទៀតសោត សាស្ត្រាចារ្យវេជ្ជបណ្ឌិតរូបនោះបង្ហាញពីភាពងាយស្រួលក្នុងការបំបៅ ដោយគ្រាន់តែមុនពេលកូនបៅ ត្រូវលាងសម្អាតដោះកម្ចាត់បាក់តេរី និងជាតិកខ្វក់ពីដោះជាការស្រេច។
ចំណែកូនបៅទឹកដោះគោវិញ លោកវេជ្ជបណ្ឌិតថា ត្រូវលាងដបជាមួយសាប៊ូ លាងជាមួយទឹកក្ដៅ ត្រូវការជូតសម្អាតឲ្យស្អាតសិន ទើបអាចឆុងឲ្យកូនបៅបាន។ កូនបៅទឹកដោះគោមួយចំនួនច្រើនជួបប្រទះជំងឺញឹកញាប់ គឺមកពីការលាងដុសសម្អាតដបមិនបានស្អាតល្អនេះឯង ហើយចំណាយពេលយូរ ហត់នឿយ និងស្មុគស្មាញច្រើន មិនដូចដោះម្ដាយឡើយ ពេលឃ្លានភ្លាមអាចបៅបានភ្លែត ឬបើត្រូវទៅធ្វើការឆ្ងាយ អាចច្របាច់ស្ដុកទុកបាន។