backup og meta

អាយុ ២១ សប្តាហ៍៖ កំពុងពេញរពឹស ទុកដាក់របស់ទាំងនេះឲ្យផុតដៃក្មេង

អាយុ ២១ សប្តាហ៍៖ កំពុងពេញរពឹស ទុកដាក់របស់ទាំងនេះឲ្យផុតដៃក្មេង

បម្រែបម្រួលរាងកាយ និងអាកប្បកិរិយា

ឈាន​ចូល​ដល់​សប្តាហ៍ទី ២១ កូន​យើង​កាន់​តែចំណាប់ អាអូន​អាច​ទប់​លំនឹង​ក្បាល​ដោយ​ខ្លួន​ឯង​ នៅ​ពេល​យើង​ទ្រ​ដោយ​ដៃ​ទាំង ២។ ម៉ាក់ប៉ា​ត្រូវ​ប្រយ័ត្ន​ប្រយែង​ឲ្យ​មែន​ទែន ទុកដាក់​របស់​តូចៗ​ឲ្យ​ផុត​ពី​ដៃ​កូន ព្រោះ​ពេល​នេះ​អូនតូច​ចាប់​អារម្មណ៍​នឹង​របស់​តូចៗ ថា​មិន​ត្រូវ​ដាក់​ចូល​ក្នុង​មាត់ អាច​បង្ក​ឲ្យ​ស្លាក់​បាន។

នៅ​សប្តាហ៍​​ទី ២១​ កូន​​យើង​អាច​នឹង​៖

– ពេល​​​ផ្អែក​ខ្នង​ត្រង់ ​អាច​ទប់​លំនឹង​ក្បាល​ដោយ​ខ្លួន​ឯង

– ចាប់​អារម្មណ៍​ទៅ​​លើ​​វត្ថុ​តូច​ៗ

– សើច​ឮៗ និងសើច​ពេល​យើង​សើច​

– យំ​ពេល​​ចេញ​ពី​បន្ទប់​ និង​សប្បាយ​ចិត្ត​​​ពេល​យើង​ត្រលប់​មក​វិញ​

– សើច​ពេល​​ឃើញ​កាយវិការ​កំប្លែង

– ឈោង​យក​វត្ថុ​​នៅ​ជិត​ខ្លួន។

១- បង្រៀនកូនពីអីខ្លះ?

វិធី​មួយ​ស្រួល​បំផុត​ធ្វើ​ឲ្យ​ទារក​ចាប់​អារម្មណ៍​ គឺ​ការ​បង្កើត​សំឡេង​ចេញ​ពី​កូនសោរ ឬ​កណ្តឹង​ខ្យល់ ឮសូរ​​គ្រឹកៗ ព្រោះ​អាអូន​អាយុ​ប៉ុណ្ណេះ​អាច​ដឹង​ពី​ប្រភព​នៃ​សំឡេង ហើយ​​ងាក​ទៅ​រក​សំឡេង​នោះ​ភ្លាម​ៗ។

មួយវិញទៀត​ ដើម្បី​អភិវឌ្ឍ​​​ផ្នែក​ភាសា​​ និង​ការ​និយាយ​របស់​កូន ម៉ាក់ប៉ា​គួរ​តែ​​និយាយ​​ជាមួយ​កូន​ដោយ​ផ្ទាល់ ជៀសវាង​ឲ្យ​អាអូន​រៀន​តាម​វិទ្យុ ទូរទស្សន៍ ឬ Youtube ព្រោះ​នៅ​វ័យ​នេះ​កូន​យើង​​ពុំ​អាច​រៀន​តាម​វិធី​នេះ​បាន​ឡើយ។

សុខភាព និងសុវត្ថិភាព

២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?

សប្តាហ៍​នេះ​យើង​មិន​ទៅ​ជួប​គ្រូពេទ្យ​ទេ ដូច្នេះ​យើង​ត្រៀម​សំណួរ​មួយ​ចំនួន​សម្រាប់​ការ​ទៅ​ជួប​គ្រូពេទ្យ​លើក​ក្រោយ។ ទោះ​យ៉ាង​ណា ម៉ាក់ប៉ាត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម បើមាន​សញ្ញា​ណាមួយ​ខុស​ប្រក្រតី។

៣- ត្រូវដឹងពីអីខ្លះ?

ចំណុច​មួយ​ចំនួន​ខាង​ក្រោម​នេះ​គឺ​ជា​អ្វី​ដែល​អ្នក​គួរ​តែ​យល់​ដឹង៖

ជំងឺផ្តាសាយ៖ អាយុ ១ ឆ្នាំ​ដំបូង​នេះ កូន​យើង​​ជៀស​មិន​ផុត​ឡើយ​ពី​ជំងឺ​ផ្តាសាយ ដោយសារ​តែ​មាន​វីរុស​បង្ក​ជំងឺ​ផ្តាសាយ​ជា​ច្រើន​ប្រភេទ។ តាម​រយៈ​ការ​ប៉ាន់​ស្មាន​មួយ​បាន​ឲ្យ​ដឹង​ថា ជា​ទូទៅ​កុមារ កើត​ជំងឺ​ផ្តាសាយ​ យ៉ាងតិច ៨ ដង​/ឆ្នាំ

វីរុស​ទាំងនេះ​ អាច​សាយ​ភាយ​តាមរយៈ​ខ្យល់ និង​តោង​ភ្ជាប់​ទៅ​នឹង​វត្ថុ​ដែល​មាន​មេរោគ​ជាច្រើន​ដូចជា ដៃទ្វារ​ និង​របស់​ក្មេង​លេង។ ដោយសារតែ​ប្រព័ន្ធ​ភាព​ស៊ាំ​នៅ​ខ្សោយ​ក្មេង​ងាយ​​កើត​ជំងឺ​ផ្តាសាយ​ណាស់។ ​អូនតូច​អាច​យក​ដៃទៅ​​ដាក់​នៅ​ជិត​ភ្នែក និង​មាត់​​ញឹក​ញាប់ ដូច្នេះ​រឹត​តែ​​ងាយ​​រង​ការ​វាយ​ប្រហារ​ដោយ​មេរោគ​ផ្តាសាយ។ រោគ​សញ្ញា​ទូទៅ​រួម​មានការ​​ហៀរ​សំបោរ ឬ​ទឹក​ភ្នែក តឹងច្រមុះ ក្អក ក្តៅ​ខ្លួន​តិចៗ។ រោគ​សញ្ញា​ទាំង​នេះ​មាន​រយៈពេល​យ៉ាង​យូរ ១ អាទិត្យ។​

យើង​អាច​ប្រើ​ប្រដាប់​បូម​យក​ស្លេស្មនៅ​ពេល​​តឹង​ច្រមុះ ឬ​ប្រើ​​ឧបករណ៍​សម្រួលការដក​ដង្ហើម ឬ​ឧបករណ៍​បន្សើម​ក្នុង​​​បន្ទប់​គេង​កូន​យើង ដើម្បី​ឲ្យ​អាអូន​​ងាយ​ដក​ដង្ហើម​ជាង​មុន។ ត្រូវ​ចាំ​ថា តឹង​ច្រមុះ​អាច​ធ្វើ​ឲ្យ​អូនតូច​មាន​អារម្មណ៍​មិន​ល្អ ដូច្នេះ​ម៉ាក់ប៉ា​​គួរ​ព្យាយាម​លើក​​ក្បាល​​កូន​​ឲ្យ​ផុត​ពី​ខ្នើយ ២-៣​ សង់ទីម៉ែត្រ​នៅ​ពេល​គេង ឬ​ដាក់​កូន​ឲ្យ​គេង​ក្នុង​ទម្រង់​អង្គុយ ៤៥ ដឺក្រេ ដើម្បី​បន្ថយ​ការ​ស្ទះ​បំពង់​​ក។ យើង​មិន​ត្រូវ​ឲ្យ​កូន​ញ៉ាំថ្នាំ​ដែល​មិន​បាន​ពិគ្រោះ​​ជាមួយ​គ្រូ​ពេទ្យ​នោះ​ទេ។ ការ​ប្រើ​ថ្នាំ​ផ្សះ ពពួកអង់ទីប៊ីយ៉ូទីក​ មិន​​មាន​ប្រសិទ្ធិភាព​ជាមួយ​ជំងឺ​បង្ក​ដោយ​​វីរុស​ទេ។ គ្រូពេទ្យ​នឹង​ប្រាប់​យើង​ឲ្យ​ប្រើ​ថ្នាំ​ប៉ារ៉ាសេតាមុល ប្រសិន​បើ​កូន​​ក្តៅ​ខ្លួន​។

ត្រូវ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម​ បើ​កូន​​មាន​​សញ្ញា​ដូច​ខាង​ក្រោម៖​

– ក្តៅ​ខ្លួន​លើស​ពី​ ៣៨ អង្សារសេ​

– ចង្វាក់​ដង្ហើម​លឿន​ ជាង​ ៦០ ដង​/នាទី

– ក្អក​ខ្លាំង និង​ពិបាក​ដក​ដង្ហើម​

– ភ្នែក​មាន​សភាព​​មិន​ធម្ម​តា​ ឬ​មាន​ហៀរ​សារធាតុ​រាវ

– ទាញ​ត្រចៀក​ យំ​ពេល​ញ៉ាំ​ ឬ​ដាក់​ឲ្យ​គេង។

ការដុះ​ធ្មេញ៖ ជាទូទៅ​ធ្មេញ​របស់​ទារក​ដំបូង​នឹង​លូត​លាស់​ក្នុង​អំឡុង​អាយុ ៧ ខែ ដុះ​ធ្មេញ​លឿន​បំផុត​នៅ​អាយុ ៣ខែ និង​យូរ​បំផុត​ពេល​អាអូន​មាន​អាយុ ១២ ខែ ហើយ​ការ​លូតលាស់​នេះ​នឹង​កើត​មាន​​ទៅ​តាម​ហ៊្សែន​របស់​ម៉ាក់ប៉ា។ យ៉ាងណា​មិញ សញ្ញា​នៃ​ការ​ដុះ​ធ្មេញ ជាទូទៅ​អាច​កើត​មាន ប្រហែល ២​-៣ ខែ​មុន​ ហើយ​មាន​លក្ខណៈ​​​ផ្សេងៗ​គ្នា​ពី​ទារក​ម្នាក់​ទៅ​ទារក​ម្នាក់​។

សញ្ញា​ទាំង​នោះ​រួម​មាន​៖​​

– ​ហូរ​ទឹក​មាត់

– ឡើង​កន្តួល​ គេង​មិនសូវលក់

– ក្អក ញ៉ាំអីពុំបាន

– ចូលចិត្ត​ខាំ

– ឈឺចាប់

– រាក និងគ្រុនក្តៅ

– មាន​កំណក​ឈាម​ នៅ​អញ្ចាញ​ធ្មេញ​

– ទាញ​ត្រចៀក​ និង​ត្រដុស​ថ្ពាល់​ខ្លួន​ឯង​។

គន្លឹះ​ខ្លះៗ​កាត់​បន្ថយ​ការឈឺចាប់​ពេល​កូន​ដុះធ្មេញ៖

– ឱ្យ​កូន​ទំពា​របស់​អ្វី​មួយ

– ត្រដុស​អញ្ចាញ​កូន​នឹង​វត្ថុ​អ្វី​មួយ

– ឱ្យ​កូន​ញ៉ាំ​ទឹក ឬនំ​ចំណី​ត្រជាក់ៗ។

ការព្រួយបារម្ភ

៤- រឿងអីខ្លះត្រូវបារម្ភ?

ធ្វើ​យ៉ាង​ណា​ឲ្យ​កូនស៊ាំ​នឹង​សារធាតុ​រឹង? ម៉ាក់ប៉ា​គ្រប់​រូប​ត្រូវ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទាំង​ពេល​វេលា របប​អាហារ​ក៏​ដូចជា​របស់​ប្រើប្រាស់​ សម្រាប់​អាហារ​កូន​នា​ពេល​អនាគត។

ពេល​វេលា​សមរម្យ​៖​​ ប្រសិន​បើ​យើង​បំបៅ​ដោះ​កូន គួរ​តែ​បំបៅ​នៅ​ពេល​​ទឹក​ដោះ​ចេញ​តិច​បំផុត​ជាពិសេស​នៅ​ពេល​រសៀល​ និង​ល្ងាច​។ ​កូន​ឃ្លាន​​ខ្លាំង​​នៅ​ពេល​ព្រឹក​យើង​គួរ​តែ​ទម្លាប់​ឲ្យ​កូន​ញ៉ាំ​អាហាររឹង ​ចាប់​ផ្តើម​ពី ​​១ពេល/ថ្ងៃ​ បន្ទាប់​មក​អាចឲ្យ​អាហារ​ខ្លះ​ៗ​​នៅ​ក្នុង​អាហារ​ពេល​ព្រឹក​ និង​អា​ហារ​ពេល​ល្ងាច​សម្រាប់​ខែ​ក្រោយៗ។

ធ្វើ​ឲ្យ​កូន​សប្បាយ​ចិត្ត៖ យើង​មិន​គួរ​ផ្តល់​អាហារ​​នៅ​ពេល​កូនមិនទាន់​ចង់​ញ៉ាំ ឬមិន​សប្បាយ​ចិត្ត​​ទេ​។ គួរ​រៀបចំ​អាហារ​ពេល​​កូន​​ភ្ញាក់​ពី​គេង​ ឬពេល​សប្បាយ​ចិត្ត ហើយក៏​មិន​ត្រូវ​ឲ្យ​អាហារ​កូន​ច្រើន​ពេក​ដែរ។

មិន​ត្រូវ​ឲ្យ​កូន​​​​ញ៉ាំ​ច្រើន​ពេក​​ទេ៖ ដំបូង​យើង​គួរ​ឲ្យ​អាហារ​ដែល​ធ្វើ​ឲ្យ​កូន​​ចង់​ញ៉ាំ​​ជាមួយ​ទឹកដោះគោ។ វិធី​នេះ​អាច​ជួយ​ឲ្យអាអូន​ស្គាល់​អាហារ​ថ្មីៗ ហើយ​មិន​ធុញ​ទ្រាន់​ជាមួយ​នឹង​​របស់​អស់​ទាំង​នេះ។

ត្រៀម​រួចរាល់​សម្រាប់​បញ្ចុក​អាហារ​កូន៖ ព្រោះ​តែ​រវល់​យើង​មិន​គួរ​ចម្អិន​ម្ហូប​លឿន​ពេក​ទេ ដោយសារ​ការ​ចិញ្ចឹម​កូន គឺ​ជា​ដំណើរ​ការ​មួយ​ដែល​ប្រើ​រយៈ​ពេល​យូរ ដូច​នេះ​គួរ​តែ​ចំណាយ​ពេល​ឲ្យ​បាន​ច្រើន​លើ​សកម្មភាព​នេះ​។

ដឹង​​ពេល​ដែល​ត្រូវ​ឈប់​៖​ ​មិន​ត្រូវ​បង្ខំ​កូន​ឲ្យ​ញ៉ាំ​បន្ត​ទៀត​ទេ​ នៅ​ពេល​ដែល​អូនតូចមិន​ចង់​ញ៉ាំ ដែល​សញ្ញា​មិន​ចង់​ញ៉ាំទាំង​នោះ​រួមមាន យំ ងាក​ចេញ បិទ​មាត់ ឬខ្ជាក់​អាហារ​ចេញ​ពី​មាត់។

ការផ្តាច់​ដោះ​៖ ទឹកដោះ​ម្តាយ​ ជា​សារធាតុ​រាវ​មួយ​ដែល​គ្រប់​គ្នា​ដឹង​ថា​​ល្អ និង​ចាំ​បាច់​បំផុត​។​ ប៉ុន្តែ​ តើ​អាហារ​ដំបូង​ប្រភេទ​ណា​ដែល​ល្អ​បំផុត​សម្រាប់​ទារក​​បន្ទាប់​ពី​ផ្តាច់​ទឹក​ដោះ​ម្តាយ​រួច​?​​​ ជា​ការ​ពិត​ណាស់​ យើង​អាច​ឲ្យ​អាហារ​ដូច​ជា​ គ្រាប់ធញ្ញជាតិ​ បន្លែ​ និង​ផ្លែឈើ។ ប៉ុន្តែ ​ចូរ​យើង​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​កុមារ​ ដើម្បី​សុំ​ការ​ណែនាំ​ក្នុង​ការ​ជ្រើសរើស​អាហារ​ដំបូង​ដែល​ល្អ​បំផុត​សម្រាប់​ទារក​នៅ​ពេល​ផ្តាច់​ដោះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Murkoff, Heidi. What to Expect, The First Year. New York: Workman Publishing Company, 2009. Print version. Page 311-344.

កំណែ​ប្រែបច្ចុប្បន្ន

23/01/2019

អត្ថបទ​ដោយ Chorn Sophearom

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

គ្រោះថ្នាក់នៃមីក្រូប្លាស្ទិក (Microplastics) ក្នុងដបទឹកដោះគោ លើទារក និងកុមារតូចៗ

ម៉េចបានទារកទើបកើតខ្លះមានបញ្ហាផ្ចិតលៀន? អាចបាត់ទៅវិញខ្លួនឯងអត់?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Chorn Sophearom · កែ Jan 23, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម