២- វីតាមីន និងសារធាតុរ៉ែ មានមុខងារអ្វីខ្លះ?
មុខងារវីតាមីន និងសារធាតុរ៉ែ គឺដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ សម្រួលការលូតលាស់ និងជួយឲ្យកោសិកា ក៏ដូចជាសរីរាង្គដំណើរការបានល្អ។
– វីតាមីន A៖ ការ៉ុត មានជាតិការ៉ូទីនូអ៊ីត ដែលរាងកាយត្រូវការសម្រាប់សំយោគវីតាមីន A ហើយវីតាមីននេះ អាចជួយដល់ភ្នែក និងសំខាន់ក្នុងការលូតលាស់ឆ្អឹងសម្រាប់ក្មេងៗ រួមទាំងគំហើញផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ សុខភាពរបស់កោសិកាក្នុងរាងកាយយើង ក៏ត្រូវការវីតាមីន A ដើម្បីការពារការបង្ករោគ ខណៈក្មេងអាយុចាប់ពី ៤ ឆ្នាំឡើង ត្រូវការវីតាមីន A យ៉ាងតិច ៤០០ មីក្រូក្រាម/ថ្ងៃ។
– វីតាមីន D៖ វីតាមីននេះ មានសារប្រយោជន៍ជួយដល់ការស្រូបយកជាតិកាល់ស្យូម។ វីតាមីន D ជាអ័រម៉ូនជួយពង្រឹងប្រព័ន្ធភាពស៊ាំ ផលិតអាំងស៊ុយលីន និងការលូតលាស់របស់កោសិកា។ ក្មេងអាយុចាប់ពី ៦ខែ ដល់ ៥ឆ្នាំ ត្រូវការវីតាមីន D ១០ មីក្រូក្រាម/ថ្ងៃ។
– កាល់ស្យូម៖ កាល់ស្យូម សំខាន់សម្រាប់ឆ្អឹង និងជួយធ្មេញរឹងមាំ ជួយដល់កំណកឈាម និងមុខងាររបស់សរសៃប្រសាទ និងសាច់ដុំ។ក្មេងអាយុចាប់ពី ៥ ឆ្នាំឡើងទៅ ត្រូវការជាតិកាល់ស្យូម ៧០០ មីក្រូក្រាម/ថ្ងៃ។
– ជាតិដែក៖ ជាតិដែក ត្រូវការដើម្បីផលិតអេម៉ូក្លូប៊ីន ការពារយើងពីជំងឺស្លេកស្លាំង ដែលជាមូលហេតុបណ្ដាលឲ្យអស់កម្លាំង និងភាពរញ៉ាំរញ៉ូវរបស់ក្មេង។ ប៉ុន្តែប៉ាម៉ាក់ ត្រូវចាំថា ញ៉ាំជាតិដែកច្រើនពេក អាចបណ្ដាលឲ្យក្មេងស្លាប់បាន ដូចនេះថ្នាំបំប៉នផ្សេងៗ ត្រូវដាក់ឲ្យឆ្ងាយពីដៃក្មេង ហើយត្រូវឲ្យកូនញ៉ាំក្នុងកម្រិតត្រឹមតែ ១០ មិល្លីក្រាមប៉ុណ្ណោះ ក្នុងមួយថ្ងៃ។