backup og meta

កូនបញ្ចេញអាកប្បកិរិយាព្រហើនកោងកាច ម៉ាក់ប៉ាគួរធ្វើម៉េច?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Dec 28, 2023

កូនបញ្ចេញអាកប្បកិរិយាព្រហើនកោងកាច ម៉ាក់ប៉ាគួរធ្វើម៉េច?

កូនអាចបញ្ចេញអាកប្បកិរិយាកោងកាចដូចជា ស្រែកខ្លាំងៗ ទាត់ ដាល់ ឬខាំ ដោយសារ​មិន​អាចគ្រប់គ្រងអារម្មណ៍ មិនចេះ ឬមិនដឹងពីវិធីរៀបរាប់​អារម្មណ៍ខ្លួន ដើម្បី​ប្រាប់ម៉ាក់ប៉ាតាមសម្រួល។ តើកត្តាអ្វីខ្លះធ្វើឱ្យកូនមិនអាចគ្រប់គ្រងអារម្មណ៍បាន? ម៉ាក់ប៉ាគួរកែអាកប្បកិរិយាកូន​ដោយ​របៀប​ណា?

១. កត្តាដែលបណ្តាលឱ្យកូនបញ្ចេញអាកប្បកិរិយាកោងកាច

ក. កំហឹង ឬភាពច្រណែន

អូនតូចអាចត្រូវបានប្រមាថ​ផ្លូវចិត្តដោយត្រូវបងប្អូន ឬមិត្តភក្តិធ្វើ​បាប ឬច្រណែននឹងប្អូន​ដែលម៉ាក់ប៉ា​ស្រឡាញ់ជាង ហើយ​ក៏កើតជាកំហឹង ឬភាព​ច្រណែនក្នុងចិត្ត រួចបញេ្ចញមកក្រៅតាមរយៈអាកប្បកិរិយា​កោងកាច ដោយសារអូនតូចមិនចេះទប់កំហឹង ឬអារម្មណ៍ និងមិនដឹង​ពីវិធីរៀបរាប់​ប្រាប់ម៉ាក់ប៉ា​ពី​អារម្មណ៍​ខ្លួន។

ខ. ការខកចិត្ត

នៅពេលកុមារមិនបានអ្វីដូចចិត្ត ឬត្រូវបានបង្ខំឱ្យធ្វើអ្វីដែលខ្លួនមិនចូលចិត្ត អូនតូចមិនអាចទប់​អារម្មណ៍​បាន​ក៏បញ្ចេញចរិតប្រហើន​កោងកាច។​ ឧទាហរណ៍ អូនតូចចង់បានឡានជ័រ តែម៉ាក់ប៉ា​មិន​ទិញ​ឱ្យជាដើម​។

គ. បរិយារស់នៅ

បរិយាកាសនៅក្នុងគ្រួសារ ឬសហគមន៍ក៏ជះឥទ្ធិពលដល់អាកប្បកិរិយាកុមារដែរ។ តួយ៉ាង កូន​ដែល​ធំឡើងក្នុងគ្រួសារដែលឪពុកម្តាយតែងតែប្រើពាក្យគំរោះគំរើយ ឈ្លោះប្រកែក ឬវាយតបគ្នា ឬ​ត្រូវឪពុកម្តាយប្រើហិង្សា​ដាក់ស្រែកគំហកដាក់អាចមានអាកប្បកិរិយាកោងកាចដែរ ដោយសារអូនតូចចម្លងគំរូពីឪពុកម្តាយ ឬដោយសារទង្វើរទាំងនេះធ្វើឱ្យអូនតូចមានភាពតាន​តឹងផ្លូវចិត្ត មិនអាចទប់បាន រូចក៏បញ្ចេញ​មក​ក្រៅ​តាមរយៈអាកប្បកិរិយា។

ឈ្លោះគ្នា Hello គ្រូពេទ្យ

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

២. វីធីសាស្រ្តកែប្រែអាកប្បកិរិយាកោងកាចរបស់កូន

ក. បង្រៀនកូនបញ្ចេញអារម្មណ៍

កូនមានអាកប្បកិរិយាកោងកាចដោយសារមិនអាចទប់អារម្មណ៍បាន ដូច្នេះម៉ាក់ប៉ាគួរបង្រៀន​កូន​ពីវិធីបញ្ចេញអារម្មណ៍ជំនួស ឱ្យការបញ្ចេញអាកប្បកិរិយាព្រហើនកោងកាចដោយ ច្របាច់តុក្តតា ឬខ្នើយ លោតចុះឡើង យកក្រដាសមួយសន្លឹកមកហែក ដកដង្ហើមវែងៗ ឬប្រាប់ម៉ាក់ប៉ា​ពីអារម្មណ៍​របស់កូនដើម្បីម៉ាក់ប៉ាអាចជួយដោះស្រាយឱ្យកូនជាដើម។

ខ. បង្វែរអារម្មណ៍កូន

ការបង្វែរកូនឱ្យទៅចាប់អារម្មណ៍លើអ្វីផ្សេងក៏អាចជួយកាត់បន្ថយមិន​ឱ្យ​កូនបញ្ចេញអាកប្បកិរិយាព្រហើនកោងកាចបានដែរ។ តួយ៉ាង ពេលកូនឃ្លាន កូនតែងតែចង់ញុំាអាហារភា្លមបើមិនដូច្នោះ​កូន​នឹងតឿនរក​រឿងម៉ាក់ប៉ាមិនថា ឃ្លានៗ ហើយអាចម៉ួម៉ៅបញ្ចេញអាកប្បកិរិយាមិន​សមរម្យទៀតផង។

ជំនួសឱ្យកូនអង្គុយចាំម្ហូបឆ្អិន ហើយទុកឱ្យត្រជាក់បន្តិច ម៉ាក់ប៉ាអាចប្រាប់កូនឱ្យជួយមើលម៉ោង។ ឧទាហរណ៍ចាំទ្រនិចនាឡិកាវែងចង្អុរដល់​លេខ ១២ កូនប្រាប់ម៉ាក់ប៉ាផង ព្រោះម្ហូបនឹងឆ្អិន​ខ្លាច​ខ្លោច​ម្ហូប។

គ. ផ្តល់ជម្រើសដល់កូន

កូនអាចខឹង ហើយបញ្ចេញអាកប្បកិរិយាព្រហើនកោងកាចដោយសារត្រូវបង្ខំឱ្យធ្វើអ្វីមួយ។ ដូច្នេះ​បើម៉ាក់ប៉ាឃើញកូនមិនពេញចិត្តនឹងអ្វីដែល​ម៉ាក់ប៉ាឱ្យកូនធ្វើ ម៉ាក់ប៉ាអាចផ្តល់ជម្រើសមួយ ឬពីរ​ទៀត​ឱ្យកូនជ្រើសរើសដើម្បីចៀសវាងការបង្ខំកូន។

ឧទាហរណ៍ ជំនួសឱ្យកូនរកអាវរងាមកពាក់​មុនពេលចេញក្រៅ ម៉ាក់ប៉ាអាចប្រាប់កូនឱ្យជ្រើសរើសការងារមួយក្នុងចំណោមពីររួមមាន រកអាវ​រងា​មក​ពាក់ ឬទៅយកសោរផ្ទះមកឱ្យម៉ាក់ប៉ា។

ឃ. ឱ្យកូននៅស្ងៀមស្ងាត់ម្នាក់ឯងមួយភ្លែត

ប្រសិនបើកូននៅតែបញ្ចេញអាកប្បកិរិយាព្រហើនកោងកាច បន្ទាប់ពីម៉ាក់ប៉ាប្រាប់ថាមិនល្អ ឬ​ឱ្យ​បញ្ឈប់ ម៉ាក់ប៉ាត្រូវនាំកូនទៅកន្លែងផ្សេងដើម្បីឱ្យកូននៅស្ងប់ស្ងាត់ម្នាក់ឯងពីរបីនាទី ហើយ​ម៉ាក់ប៉ា​អាច​លួង​លោម​​កូន ពន្យល់ហេតុផលប្រាប់កូន ជួយដោះស្រាយបញ្ហាឱ្យកូន ឬបង្រៀន​​ពីវិធី​បញ្ចេញ​អារម្មណ៍ឱ្យកូន។ ម្យ៉ាងទៀត​ ម៉ាក់ប៉ាគួរតាំងចិត្តឱ្យស្ងប់ និងចៀសវាងខឹង និង​ត្រូវនិយាយជាមួយកូន​តាមសម្រួល​ដើម្បីឱ្យកូន​ដឹងថា ម៉ាក់ប៉ាកំពុងជួយកូន។

ង. សរសើរកូន

ម៉ាក់ប៉ាត្រូវលើកសរសើរកូន ពេលឃើញកូនចេះរំងាប់អារម្មណ៍​ ឬចេះបង្វែរ​​អារម្មណ៍​ដោយ​មិនបញ្ចេញអាកប្បកិរិយាកោងកាចដើម្បីលើក​ទឹកចិត្តកូន​បន្ត​ធ្វើបែបនេះ​ទៀត។

ពេលឃើញកូនបញ្ចេញអាកប្បកិរិយាព្រហើនកោងកាច ម៉ាក់ប៉ាត្រូវព្យាយាមទប់អារម្មណ៍ខ្លួនឯង រួចសួរកូនពីហេតុផលដែលធ្វើឱ្យកូនបញ្ចេញ​​ឫកពារមិនសមរម្យ។ បន្ទាប់មកម៉ាក់ប៉ាអាចលួងលោម​កូន ជួយ​​ដោះស្រាយបញ្ហា​ឱ្យកូន​ដោយ​យុត្តិធម៌​ ឬពន្យល់ហេតុផលប្រាប់កូន។

អត្ថបទគួរអាន៖

ចំណុចសំខាន់

១. កត្តាដែលបណ្តាលឱ្យកូនបញ្ចេញអាកប្បកិរិយាកោងកាច៖
  • កំហឹង ឬភាពច្រណែន
  • ការខកចិត្ត
  • បរិយារស់នៅ
២. វីធីសាស្រ្តកែប្រែអាកប្បកិរិយាកោងកាចរបស់កូន៖
  • បង្រៀនកូនបញ្ចេញអារម្មណ៍
  • បង្វែរអារម្មណ៍កូន
  • ផ្តល់ជម្រើសដល់កូន
  • ឱ្យកូននៅស្ងៀមស្ងាត់ម្នាក់ឯងមួយភ្លែត
  • សរសើរកូន

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Dec 28, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម