ប្រការគួរស្វែងយល់សម្រាប់ទារក
ដើម្បីបង្ការបញ្ហាកង្វះជាតិដែកនៅលើទារកអាយុតិចជាង ១២ ខែរួមមាន៖
• ម៉ាក់ៗគួរបរិភោគអាហារដែលសម្បូរជាតិដែកក្នុងអំឡុងពេលមានគភ៌។ សាច់ក្រហមគឺជាប្រភពប្រសើរបំផុតនៃជាតិដែក។
• ធ្វើតេស្តដើម្បីពិនិត្យរកមើលជំងឺស្លេកស្លាំងក្នុងអំឡុងពេលមានផ្ទៃពោះ។ ប្រសិនបើវេជ្ជបណ្ឌិតចេញវេជ្ជបញ្ជាឲ្យញ៉ាំជាតិដែក ម៉ាក់ៗត្រូវលេបដោយគោរពតាមវេជ្ជបញ្ជា។
• បំបៅដោះទារក ឬជ្រើសរើសទឹកដោះម៉្សៅសម្រាប់ទារកដែលមានបន្ថែមជាតិដែក។
• កុំឲ្យទឹកដោះគោដល់ទារក ឬសារធាតុរាវដទៃផ្សេងទៀតមុនអាយុ ១២ ខែ។
• កុំអូសបន្លាយពេលការដាក់បញ្ចូលអាហាររឹង។ នៅប្រហែលអាយុប្រាំមួយខែ ម៉ាក់ៗចាប់ផ្តើមផ្តល់ដល់ទារកនូវអាហារកិនទន់ប៉ិៗ ដូច ជាបបរបាន។
ប្រការគួរស្វែងយល់សម្រាប់កុមារតូច
ដើម្បីបង្ការកង្វះជាតិដែកនៅលើកុមារចេះដើរតេះតះ និងមុនអាយុចូលសាលារៀនយើងត្រូវ៖
• បូកបញ្ចូលសាច់ក្រហមឥតជាប់ខ្លាញ់បីទៅបួនដងក្នុងមួយសប្តាហ៍។ ទាំងនេះគឺជាប្រភពដ៏សំខាន់នៃជាតិដែកនៅក្នុងរបបអាហារប្រចាំថ្ងៃរបស់កូនៗ។ ផ្តល់ជម្រើសផ្សេងជំនួសសាច់ដូចជា៖
– សណ្តែកក្រៀម
– សាច់សត្វស្លាប
– ត្រី
– ស៊ុត
– គ្រាប់រុក្ខជាតិ
ក្រៅពីនេះប៉ាម៉ាក់ក៏គួរបូកបញ្ចូលវីតាមីន C ដោយសារវីតាមីននេះអាចជួយរាងកាយស្រូបយកជាតិដែកបានកាន់តែច្រើន។ អាហារសម្បូរដោយវីតាមីន C មានដូចជា៖
– ផ្លែក្រូច
– ក្រូចឆ្មារ
– ក្រូចឃ្វិច
– ផ្លែប៊ើរី
– ផ្លែគីវី
– ប៉េងប៉ោះ
– ស្ពៃក្តោប
– ម្ទេសប្លោក
– ផ្កាខាត់ណាខៀវ
ប៉ាម៉ាក់ត្រូវចាំថាការរាករូសរ៉ាំរ៉ៃអាចបង្អស់ស្តុកជាតិដែករបស់កូនយើងឲ្យខ្សោះបាន។ ពពួកប៉ារ៉ាស៊ីតពោះវៀនដូចជាព្រូនអាចបង្កនូវបញ្ហាកង្វះជាតិដែកបានដែរ។ យើងត្រូវជួបវេជ្ជបណ្ឌិតដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលឲ្យបានរហ័ស។
ប្រការគួរស្វែងយល់សម្រាប់ក្មេងជំទង់
ដើម្បីបង្ការកង្វះជាតិដែកលើក្មេងជំទង់យើងត្រូវ៖
• ប៉ាម៉ាក់ត្រូវប្រាប់កូនអំពីសារៈសំខាន់នៃជាតិដែក។ ជួយពួកគេឲ្យបានដឹង និងចេះជ្រើសរើសអាហារប្រកបដោយការទទួលខុសត្រូវ។
• ប៉ាម៉ាក់ត្រូវលើកទឹកចិត្តកូនឲ្យញ៉ាំអាហារដែលសម្បូរជាតិដែក ដូចជាគ្រាប់ធញ្ញជាតិ និងនំបុ័ង អាហារពេលព្រឹកដែលមានបន្ថែមជាតិដែក ហើយផ្តល់សាច់ សាច់សត្វស្លាប ឬត្រីក្នុងរបបអាហារ។
• ផ្តល់អាហារសម្បូជាតិដែកផ្សេងទៀតមានដូចជាសណ្តែកស្ងួត សណ្តែកឡង់ទីល សណ្តែកបារាំង ផ្កាខាត់ណាខៀវ បន្លែអេពីណា សណ្តែក គ្រាប់ធញ្ញជាតិ និងនំបុ័ង។ អាហារសម្បូរវីតាមីន C ក៏គួរតែត្រូវដាក់ឲ្យកូនញ៉ាំផងដែរ ដូចជាផ្លែឈើ ឬបន្លែជាក្នុងរបបអាហារ។
• ណែនាំកូនកុំឲ្យផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីនច្រើន ដោយសារសារធាតុនេះអាចជ្រៀតជ្រែករំខានការស្រូបចូលនៃជាតិដែក។
ការធ្វើរោគវិនិច្ឆ័យបញ្ហាកង្វះជាតិដែក
វាជារឿងសំខាន់ណាស់ដែលយើងជាប៉ាម៉ាក់ត្រូវជួបវេជ្ជបណ្ឌិតប្រសិនបើសង្ស័យថាកូនអាចនឹងខ្វះជាតិដែក។ វិធីសាស្ត្ររោគវិនិច្ឆ័យអាចរួមមាន៖
• ការពិនិត្យរាងកាយ
• ការយកប្រវត្តិជំងឺ
• ការធ្វើតេស្តឈាម
រឿងត្រូវចងចាំ
ទារក ទារកចេះដើរតេះតះ កុមារមុនចូលសាលារៀន និងកុមារវ័យជំទង់នៅប្រឈមខ្ពស់នឹងហានិភ័យនៃការកើតមានកង្វះជាតិដែក។ មូលហេតុចម្បងគឺដោយសារតម្រូវការជាតិដែកក្នុងវ័យនេះកើនឡើង ហើយរបបអាហារមានមិនគ្រប់គ្រាន់។
ប៉ាម៉ាក់ត្រូវរក្សាថ្នាំបំប៉នជាតិដែកឲ្យឆ្ងាយពីកុមារ ការប្រើលើសកម្រិតអាចបណ្តាលឲ្យស្លាប់បាននៅលើកុមារវ័យក្មេង និងទារកតូច។