ប្រហែសមិនបាន! អាកាសធាតុត្រជាក់បែបនេះ អាអូនងាយកើតជំងឺរលាកទងសួត២ប្រភេទ

    ប្រហែសមិនបាន! អាកាសធាតុត្រជាក់បែបនេះ អាអូនងាយកើតជំងឺរលាកទងសួត២ប្រភេទ

    ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

    ដោយ​សារ​តែ​ទារក និង​ក្មេង​តូចៗ​នៅ​វ័យ​កំពុង​លូតលាស់​ខ្លាំង ដូច​នេះ​សុខភាព​អា​អូន​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​មិន​សូវ​រឹង​មាំ ជា​ហេតុ​បណ្ដាល​ឲ្យ​កូន​ងាយ​ឈឺ​ជំងឺ​ច្រើន។ ជំងឺ​ដែល​កូន​ក្មេង​ភាគ​ច្រើន​កើត​នោះ គឺ​រលាក​បំពង់​ក ឬ​ជំងឺ​រលាក​ទង​សួត​ជា​ដើម តែ​ជំងឺ​រលាក​ទង​សួត​មាន​២​ប្រភេទ​ដែល​ធ្វើ​ទុក្ខ​ដល់​សុខភាព​កូន។

    លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ពន្យល់​ឲ្យ​ដឹង​ថា ជំងឺ​រលាក​ទង​សួត ជា​ជំងឺ​ផ្លូវ​ដង្ហើម​ដែល​បង្ក​ឡើង​ដោយ​ការ​បង្ក​រោគ​នៅ​ក្នុង​សួត​ដោយ​ពពួក​វីរុស​តាម​រយៈ​បំពង់​ខ្យល់​តូចៗ​ក្នុង​សួត​ដែល​មាន​មេរោគ និង​ស្ទះ។ ជំងឺ​រលាក​ទង​សួត​នេះ ត្រូវ​បាន​ចែក​ចេញ​ជា ​២​ប្រភេទ​គឺ៖

    រលាក​ទង​សួត​ស្រួច​ស្រាល់- ជំងឺ​រលាក​ទង​សួត​ស្រួច​ស្រាល ជា​ជំងឺ​ផ្លូវ​ដង្ហើម ជួប​ប្រទះ​ញឹកញាប់​បំផុត​នៅ​ផ្នែក​ខាង​ចុង​នៃ​ទង​សួត។ ជំងឺ​នេះ​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ទៀត តាម​រយៈ​ខ្យល់​ដង្ហើម​បង្ក​ឡើង​ដោយ​វីរុស RSV ដែល​ប្រភេទ​វីរុស​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេ។

    រលាក​ទង​សួត​រ៉ាំ​រ៉ៃ- ជំងឺ​រលាក​ទង​សួត​រ៉ាំរ៉ៃ​ជា​ប្រភេទ​មួយ​នៃ​ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ (COPD)​ដែល​ជា​អាការៈ​រលាក​ទង​សួត​នាំ​ឲ្យ​មាន​ស្លេស្ម​ច្រើន ក្អក​ញឹកញាប់ និង​ពិបាក​ដក​ដង្ហើម។ ជំងឺ​នេះ​រលាក​ទង​សួត​ប្រភេទ​នេះ​កើត​ឡើង​បណ្ដាល​មក​ពី​វីរុស ប្រហាក់​ប្រហែល​នឹង​វីរុស​ជំងឺ​គ្រុន​ក្ដៅ និង​ផ្ដាសាយ​ដែរ។ ពេល​ខ្លះ វា​ក៏​បង្ក​ឡើង​ដោយ​ការ​ជក់​បារី ធូលី ឬ​ខ្យល់​ពុល​ក្នុង​បរិយាកាស ជាដើម។

    ត្បិត​តែ ជំងឺ​២​ខាង​លើ​ជា​ប្រភេទ​ជំងឺ​រលាក​ទង​សួត​ដូច​គ្នា តែ​រោគ​សញ្ញា​របស់​ជំងឺ​នីមួយៗ​មិន​ដូច​គ្នា​ទេ ដោយ​ការ​ក្អក ស្លេស្ម​ពណ៌​ស លឿង​ក្រាស់ ឬ​បៃតង អស់​កម្លាំង គ្រុន​ក្ដៅ-រងា ពិបាក​ដក​ដង្ហើម មិន​ស្រួល​ក្នុង​ទ្រូង (រោគ​សញ្ញា​រលាក​សួត​រ៉ាំរ៉ៃ) និង​អាការៈ​ដូច​ជំងឺ​ផ្ដាសាយ ក្ដៅ​ខ្លួន រញ៉ាំរញ៉ូវ ថប់​ដង្ហើម (រោគ​សញ្ញា​រលាក​សួត​ស្រួច​ស្រាល)

    វេជ្ជបណ្ឌិត​ឯក​ទេស​ជំងឺ​ទូទៅ​រូប​នេះ​បន្ត​ថា ក្នុង​ករណី​ដែលអា​អូន​មាន​បង្ហាញ​សញ្ញា​ផ្សេង​ទៀត​ក្រៅ​ពី​បាន​រៀបរាប់​ខាង​លើ​ដូច​ជា ក្អួត ដក​ដង្ហើម​ញាប់ សន្លឹមៗ ទន់​ដៃ​ទន់​ជើង ឬ​គ្រុន​ក្ដៅ​លើស​៣៨​អង្សារសេ ដក​ដង្ហើម​មាន​សូរ​សម្លេង ក្អក​រហូត​គេង​មិន​បាន។ល។ ម៉ាក់​ប៉ា​ត្រូវ​ប្រញាប់​យក​កូន​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ឯក​ទេស​កុមារ ចៀស​វាង​សុខភាព​កូន​កាន់​តែ​មាន​គ្រោះ​ថ្នាក់។

    ទោះ​យ៉ាង​នេះ​ក្ដី ជំងឺ​រលាក​ទង​សួត​ក៏​អាច​បង្ការ​មិន​ឲ្យ​កូន​ៗ​យើង​កើត​បាន​ដែរ ដោយ​គ្រាន់​តែ​អនុវត្ត​វិធី​សាស្ត្រ​ប៉ុន្មាន​នេះ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ដូច៖

    មិន​ឲ្យ​កូន​ៗ​នៅ​កន្លែង​មាន​ផ្សែង៖ ផ្សែង​អាច​បណ្ដាល​ឲ្យ​រោគ​សញ្ញា​នៃ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​លេច​ឡើង
    លាង​ដៃ​ឲ្យ​បាន​ស្អាត និង​ញឹក​ញាប់៖ ការ​លាង​ដៃ​ជា​វិធី​ល្អ​មួយ​សម្រាប់​បង្ការ​មេរោគ មិន​ឲ្យ​ឆ្លង
    ចៀស​វាង​កូន​នៅ​ជិត​ក្មេង​ដទៃ៖ កុំ​បណ្ដោយ​ឲ្យ​កូន​នៅ​ជិត​ក្មេងៗ​ដែល​មាន​ជំងឺ​រលាក​ទង​សួត ព្រោះ​វា​អាច​ឆ្លង​តាម​ខ្យល់​ដង្ហើម​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 08/10/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត