បញ្ហារើសចំណីអាហារ យើងសង្កេតឃើញហើយកូនក្មេងភាគច្រើនជួបបញ្ហានេះ ចំណែកក្មេងខ្លះទៀត ចំណីអីក៏មិនរើសដែរ ដាក់បានៗ។ ចំពោះក្មេងញ៉ាំអាហារអីក៏បាន ពីមួយម៉ោងទៅមួយម៉ោង យើងឃើញមាត់មិនទំនេរទេ តែអាអូនញ៉ាំរហូតអ៊ីចឹងអាចប្រឈមនឹងបញ្ហាញ៉ាំច្រើនហួសកំណត់ មិនល្អឡើយ។
ការញ៉ាំច្រើនហួសកំណត់អាចធ្វើឲ្យអូនតូចលើសទម្ងន់ស្តង់ដារ ហើយកាលណាក្មេងលើសទម្ងន់កាន់តែច្រើន អាចប្រឈមនឹងបញ្ហាសុខភាពមួយចំនួនដូចជា ជំងឺបេះដូង ទឹកនោមផ្អែម លើសសម្ពាធឈាម កូលេស្ដេរ៉ូលខ្ពស់ ជំងឺហឺត ការគេងបាត់ដង្ហើម និងប្រឈមកើតជំងឺមហារីកប្រភេទមួយចំនួនផងដែរ។
បើកូនមានបញ្ហាញ៉ាំច្រើនលើសកំណត់ ម៉ាក់ប៉ាគួរដោះស្រាយបែបណា?
ម៉ាក់ប៉ាគួរជំរុញទម្លាប់ញ៉ាំអាហារសុខភាពល្អៗ ដោយក្លាយជាគំរូដ៏ល្អសម្រាប់កូនទៅលើការញ៉ាំអាហារ និងការហាត់ប្រាណ។ បន្ថែមពីលើនេះ យើងអាចមានវិធីមួយចំនួនដើម្បីជួយដោះស្រាយបញ្ហាកូនញ៉ាំអាហារលើសកំណត់ក៏បានដោយ៖
–កុំរំលងអាហារពេល៖ ព្យាយាមកំណត់ម៉ោងអាហារពេល និងអាហារសម្រន់ឲ្យទៀងទាត់ជាប្រចាំ ព្រោះមិនថាចាស់ ឬក្មេងទេ ឲ្យតែពេលឃ្លានរមែងញ៉ាំអាហារលើសកំណត់។
–រៀនញ៉ាំអាហារល្អៗ៖ លើកទឹកចិត្តឲ្យកូនតាមដានអាហារដែលពួកគេញ៉ាំរាល់ថ្ងៃ និងសម្គាល់អារម្មណ៍ពេលដែលញ៉ាំឆ្អែត។
–សម្គាល់មូលហេតុធ្វើឲ្យកូនញ៉ាំលើស៖ ជួយកូនចៀសឆ្ងាយ ឬគ្រប់គ្រងមូលហេតុធ្វើឲ្យអាអូនញ៉ាំលើសកំណត់ ព្រោះស្ត្រេសក៏អាចធ្វើឲ្យកូនញ៉ាំលើសទម្ងន់បានដែរ យកល្អជួយកូនកាត់បន្ថយស្ត្រេសតាមរយៈការលេង ឬស្ដាប់តន្ត្រីជាដើម។
–បង្កើនសកម្មភាពជាគ្រួសារ៖ ការរត់ប្រលែងគ្នាលេង ឬនាំកូនហាត់ប្រាណក៏អាចជួយកូនរក្សាទម្ងន់បានល្អ និងជួយឲ្យសុខភាពទូទៅកូនល្អផងដែរ។
កត្តាមិនគួរមើលរំលង បង្កអតុល្យភាពបាក់តេរីល្អ អាក្រក់ក្នុងពោះវៀនកូនៗ
ក្រពះពោះវៀនកូនសុខភាពល្អ មាននាទីជារនាំងប្រឆាំងនឹងបាក់តេរីអាក្រក់ ពង្រឹងការរំលាយអាហារ និងជួយគាំទ្រដល់ប្រព័ន្ធភាពស៊ាំរបស់អូនៗ។ នៅក្នុងប្រព័ន្ធរំលាយអាហារជាជម្រក ៧០% នៃប្រព័ន្ធការពាររាងកាយ ហើយមានបាក់តេរីរាប់រយលានទាំងល្អ និងអាក្រក់។
កត្តាអ្វីខ្លះបង្កអតុល្យភាពបាក់តេរីល្អ និងអាក្រក់ក្នុងពោះវៀនកូន?
ម៉ាក់ប៉ាត្រូវដឹងថា កូនក្មេងអភិវឌ្ឍមីក្រូសរីរាង្គក្នុងពោះវៀនតាំងពីនៅក្នុងផ្ទៃម្ដាយ និងពេលដំបូងនៃកុមារភាព ហើយគ្រប់ក្មេងទាំងមិនមានបាក់តេរីក្នុងពោះវៀនមិនដូចគ្នាទេ។ កត្តាជាច្រើនអាចបង្កអតុល្យភាព ឬភាពមិនស្មើគ្នានៃបាក់តេរីល្អ និងមិនល្អក្នុងក្រពះពោះវៀនកូនបានដូចជា៖
- ការឆ្លងមេរោគ
- ការប្រើប្រាស់ថ្នាំផ្សះ
- ការមានរបបអាហារគ្មានសុខភាពល្អ
- ការមានភាពតានតឹងខ្ពស់
បន្ថែមពីលើនេះ ការមានភាពមិនស្មើគ្នានៃបាក់តេរីក្នុងពោះវៀនកូន (ពាក្យបច្ចេកទេស Dysbiosis) ក៏មានទំនាក់ទំនងទៅនឹងបញ្ហាសុខភាពទូទៅមួយចំនួនទៀតផងដែរ។ មានការលើកឡើងមួយចំនួនថា ពោះវៀនអតុល្យភាពបាក់តេរីអាចប៉ះពាល់ទៅដល់ប្រព័ន្ធការពាររាងកាយ សុខភាពស្រទាប់ពោះវៀន និងអាចបណ្ដាលឲ្យកើតជាបញ្ហាលើប្រព័ន្ធរំលាយអាហារមួយចំនួនទៀតដូច រលាកពោះវៀន និងលើសទម្ងន់ជាដើម។
ហេតុនេះហើយ ដើម្បីឲ្យពោះវៀនកូនមានសុខភាពល្អ យើងគួរតែរៀបចំរបបអាហារល្អដល់កូនជាប្រចាំថ្ងៃ ការពារកូនពីការឆ្លងមេរោគបង្កជាជំងឺតាមដែលអាចធ្វើទៅបាន កាត់បន្ថយការប្រើប្រាស់ថ្នាំផ្សះលើកូន។ តិចនិកមួយក្នុងការថែសុខភាពក្រពះពោះវៀនកូនបានល្អម៉ាក់ប៉ាចាំបាច់ដឹងនោះគឺ ត្រូវបន្ថែមអាហារមានជាតិកាកសរសៃច្រើនឲ្យកូន មាន Probiotic ឬPrebiotics ឬមួយក៏អាចជ្រើសយកភេសជ្ជៈដូចជា ទឹកដោះគោមានផ្ទុករូបមន្តពិសេស SYNBIOTICS ឲ្យកូនញ៉ាំរាល់ថ្ងៃក៏បាន។
ចំណុចសំខាន់
ម៉ាក់ប៉ាអាចប្រើក្បួនដូចខាងក្រោម ដើម្បីជួយដោះស្រាយបញ្ហាកូនញ៉ាំអាហារហួសកំណត់៖
- កុំរំលងអាហារពេល
- រៀនញ៉ាំអាហារល្អៗ
- សម្គាល់មូលហេតុធ្វើឲ្យកូនញ៉ាំលើសកំណត់
- បង្កើនសកម្មភាពជាគ្រួសារ
កត្តាដែលអាចបង្កអតុល្យភាព ឬភាពមិនស្មើគ្នានៃបាក់តេរីល្អ និងមិនល្អក្នុងក្រពះពោះវៀនកូនមានដូចជា៖
- ការឆ្លងមេរោគ
- ការប្រើប្រាស់ថ្នាំអង់ទីប៊ីយូទិក
- ការមានរបបអាហារគ្មានសុខភាពល្អ
- ការមានភាពតានតឹងខ្ពស់