១- ទំនាក់ទំនងរវាងការគេងរបស់ក្មេង និងភាពធាត់ខ្លាំង
រយៈពេល ៣ ទសវត្សរ៍កន្លងមកនេះ ក្មេងៗមានអាយុពី ២-៥ ឆ្នាំ អត្រាធាត់ខ្លាំង គឺបានកើនឡើងរហូតដល់ទ្វេដង។ សម្រាប់ក្មេងមានអាយុពី ៦-១១ ឆ្នាំ គឺឡើងជិត ៣ដង ហើយក្មេងជំទង់អាយុពី ១២-១៩ ឆ្នាំវិញមានការកើនឡើងទ្វេដងផងដែរ។ ការសិក្សាមួយ បានធ្វើឡើងអំឡុងខែកញ្ញា ឆ្នាំ ២០១០ បង្ហាញថា ទារក និងក្មេងៗ គេងមិនបានគ្រប់គ្រាន់នៅពេលយប់ អាចងាយប្រឈមវិវត្តទៅជាជំងឺធាត់ មុនពេលធំពេញវ័យ។ ដូចគ្នានេះដែរ ការសិក្សាមួយទៀត បង្ហាញថា ការគេងពេលថ្ងៃ គឺមិនអាចជំនួសដល់ការគេងពេលយប់បាននោះទេ។
២- គេងមិនគ្រប់គ្រាន់អាចបណ្តាលឲ្យក្មេងធាត់ខ្លាំង
ដើម្បីមើលឃើញពីទំនាក់ទំនងគ្នារវាងទម្លាប់គេងរបស់ក្មេង និងភាពធាត់ ធ្លាប់មានការសិក្សាមួយ បានធ្វើឡើងដោយលោកវេជ្ជបណ្ឌិត Janice F. Bell រួមជាមួយសាស្ត្រាចារ្យនៅឯសាកលវិទ្យាល័យវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដោយធ្វើការស្រាវជ្រាវលើក្មេងៗ សរុប ១,៩៣០នាក់ មានអាយុរហូតដល់ ១៣ ឆ្នាំ និងបានប្រមូលទិន្នន័យចំនួនពីរដង គឺនៅឆ្នាំ ១៩៩៧ និងឆ្នាំ ២០០២។
គេបែងចែកក្មេងទាំងអស់ជាពីរក្រុម មួយក្រុមសម្រាប់ក្មេងក្រោមអាយុ ៤ឆ្នាំ និងមួយក្រុមទៀតសម្រាប់ក្មេងអាយុពី ៥-១៣ ឆ្នាំ។ ក្រោយពីធ្វើការត្រួតពិនិត្យលើសន្ទស្សន៍ម៉ាស់រាងកាយ (BMI) ក្មេងៗទាំងអស់មក អ្នកស្រាវជ្រាវរកឃើញថា មានក្មេង ៣៣%ក្នុងក្រុមទី ១ និង ៣៦% ក្នុងក្រុមទី ២ មានបញ្ហាលើសទម្ងន់ ឬជំងឺធាត់។