ចំណែកផលប៉ះពាល់នៃការរលាកបំពង់ក អាចធ្វើឲ្យកុមារជួបប្រទះ នឹងបញ្ហាមួយចំនួនក្រោយពេលជា ដូចជាអាចធ្វើឲ្យកុមារមិនស្រួលខ្លួន ក្ដៅខ្លួន រមាស់នៅត្រង់បរិវេណក ពិបាកក្នុងការបៅ និងទទួលទានអាហារជាហេតុនាំឲ្យកុមារប្រឈមមុខចំពោះការចុះស្គម និងកង្វះអាហារូបត្ថម្ភ។ អាការៈទាំងនេះអាចនឹងធូរស្រាល បន្ទាប់ពីកុមារបានជាសះស្បើយត្រឹមត្រូវ។

វេជ្ជបណ្ឌិតរូបនោះបានបន្តទៀត អាការៈរលាកបំពង់ក អាចកើតឡើងសារជាថ្មី ប្រសិនបើការព្យាបាលមិនទាន់បានជាសះស្បើយត្រឹមត្រូវ។ លោកបន្ថែមថា នៅពេលអការៈជំងឺទារក ឬកុមារថយចុះ ម៉ាក់ប៉ាតែងតែបញ្ឈប់ការផ្ដល់ថ្នាំភ្លាម នេះជាការខុសឆ្គង ព្រោះតាមពិតទៅនៅរយៈពេលពីរ ឬបីថ្ងៃដំបូង មេរោគគ្រាន់តែសម្ងំមិនទាន់ងាប់នៅឡើយទេ ទាល់តែប្រើថ្នាំគ្រប់ចំនួនទៅតាមវេជ្ជបញ្ជា ទើបមេរោគត្រូវបានសម្លាប់ទាំងស្រុង។
រីឯវិធីការពាររលាកបំពង់កវិញ គឺម៉ាក់ប៉ាត្រូវការពារមូលហេតុដែលនាំឲ្យមានជំងឺផ្ដាសាយផងដែរ។ នៅពេលមានអាកាសធាតុត្រជាក់ យើងត្រូវចាំបាច់ស្លៀកពាក់ឲ្យកុមារឲ្យបានជិតរាងកាយដោយពាក់អាវដៃវែង។ បើអាចគួរតែមានមួក ឬស្រោមដៃស្រោមជើង នោះរឹតតែប្រសើរ និងគ្របដណ្ដប់រាងកាយធ្វើយ៉ាងណាឲ្យរាងកាយបានកក់ក្ដៅកុំឲ្យខ្លួនទទេ។ សូមព្យាយាម ធ្វើអនាម័យដល់កូនឲ្យបានត្រឹមត្រូវ និងទៀងទាត់កុំដាក់ឲ្យកូនលេងដីផ្ទាល់ និងផ្ដល់ចំណីអាហារឲ្យបានគ្រប់គ្រាន់។ សូមចៀសវាងប្រភេទចំណីអាហារដែលត្រជាក់ ក្លាស្សេ ឬអាហារផ្អាប់ និងកុំឲ្យកូនផឹកទឹកកក។
អត្ថបទពាក់ព័ន្ធ៖