backup og meta

ប៉ា​ម៉ាក់ត្រូវដឹង​! ក្មេង​ៗ​ខ្វះ​​អាហារូបត្ថម្ភ​​កើត​មាន​ជំងឺ​ច្រើន​មុខ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 03, 2021

    ប៉ា​ម៉ាក់ត្រូវដឹង​! ក្មេង​ៗ​ខ្វះ​​អាហារូបត្ថម្ភ​​កើត​មាន​ជំងឺ​ច្រើន​មុខ

    មនុស្ស​ភាគ​ច្រើន​គិត​ថា​ ក្មេង​ៗ​ដែល​ញ៉ាំ​មិន​គ្រប់គ្រាន់​​អាច​ប្រឈម​នឹង​កង្វះ​អាហារូបត្ថម្ភ​ខ្ពស់​បំផុត​ ប៉ុន្តែ​កង្វះ​​អាហារូបត្ថម្ភ​នេះ​គឺ​អាច​សំដៅ​ទាំង​ការ​ខ្វះ​ ឬ​លើស​អាហារូបត្ថម្ភ​។​ នៅ​ពេល​ដែល​កុមារ​​​​ស្គម​ជ្រុល​ ឬ​ធាត់​ជ្រុល​ ឬ​មិន​បាន​ទទួល​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​គ្រប់គ្រាន់​​ ដូចជា​វីតាមីន​​ និង​សារធាតុ​រ៉ែ​ ពួក​គេ​អាច​នឹង​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​ជំងឺ​ផ្សេងៗ​ និង​បញ្ហា​សុខភាព​ជាច្រើន​។​

    . កង្វះ​វីតាមីន​A

    នៅ​ពេល​ដែល​​កុមារ​ទទួល​បាន​វីតាមីន​A មិន​គ្រប់គ្រាន់​ ពួក​គេ​​អាច​ជួប​បញ្ហា​ស្ងួត​ភ្នែក​ និង​ខ្វាក់​មាន់​ ហើយ​ប្រសិនបើ​វីតាមីន​A មិន​ត្រូវ​បាន​បំពេញ​បន្ថែម​ឲ្យ​ទាន់​ពេលវេលា​ទេ​នោះ​ កុមារ​អាច​នឹង​ពិការ​ភ្នែក​អស់​មួយ​ជីវិត​។​ បន្ថែម​ពី​នេះ​ កង្វះ​វីតាមីន​A ក៏​អាច​ធ្វើ​ឲ្យ​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ ​ដែល​ធ្វើ​​ឲ្យ​កុមារ​ងាយ​កើត​ជំងឺ​ផ្សេង​ៗ​។ យោង​តាម​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា​ កង្វះ​អាហារូបត្ថម្ភ​អាច​ធ្វើ​ឲ្យ​កុមារ​ឈឺ​ និង​ស្លាប់​ដោយ​សារ​ជំងឺ​រាក​រូស​ ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ស្រួច​ស្រាល់​ ជំងឺ​កញ្ជ្រឹល​ និង​គ្រុន​ចាញ់​។​

    . កង្វះ​វីតាមីនB3 និង​អ៊ីយ៉ូត

    ​​​​ជាមួយ​គ្នា​នេះ​ដែរ​ ការ​មិន​ទទួល​បានវីតាមីនB3​ (Niacin​) គ្រប់គ្រាន់​ អាច​ធ្វើ​ឲ្យ​ក្មេង​កើត​​ជំងឺ​រាក​រូស​ កន្ទួល​រមាស់​​លើ​ស្បែក​ ហើយ​ប្រសិនបើ​មិន​មាន​ការ​​ព្យាបាល​ទេ​នោះ វា​នឹង​អាច​បណ្ដាល​ឲ្យ​កុមារ​​កើត​ជំងឺ​ភ្លេចភ្លាំង  ព្រម​ទាំង​អាច​បាត់បង់​ជីវិត​ថែម​ទៀត​ផង​។​ រី​ឯ​កុមារ​ដែល​មិន​ទទួល​បាន​ជាតិ​អ៊ីយ៉ូត​គ្រប់គ្រាន់​ អាច​វិវត្តន៍​ទៅ​ជា​ពក​ក​ឬ​​ក្រពេញ​ទីរ៉ូអ៊ីត​រីក​ធំ​។

    . កង្វះ​វីតាមីន​D

    វីតាមីនD មាន​សារៈសំខាន់​ណាស់​ចំពោះ​កុមារ​ ហើយ​ប្រសិនបើ​ពួក​គេ​ខ្វះ​វីតាមីន​មួយ​នេះ​ វា​នឹង​បណ្ដាល​ឲ្យ​កើត​មាន​ជំងឺ​ដែល​ពាក់ព័ន្ធ​នឹង​ឆ្អឹង​ (rickets) ។​ ជំងឺRickets អាច​ធ្វើ​ឲ្យ​ឆ្អឹង​របស់​ក្មេង​ខ្សោយ​ និង​ងាយ​បាក់​ ការ​ឈឺចាប់​ឆ្អឹង​ ការ​ខូច​ទ្រង់ទ្រាយ​គ្រោង​ឆ្អឹងរមួល​សាច់​ដុំ​ ការ​លូតលាស់​ចុះ​ខ្សោយ​ និង​ការ​ខូច​ទ្រង់ទ្រាយ​ធ្មេញ​ជា​ដើម​។

    កង្វះអាហារូបត្ថម្ភ២

    . កង្វះ​ជាតិ​ដែក

    ​​ជំងឺ​ស្លេកស្លាំង​ដោយ​សារ​កង្វះ​ជាតិ​ដែក ​គឺ​ជា​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ទូទៅ​នៅ​ជុំវិញ​ពិភពលោក។​ ប្រសិនបើ​ក្មេង​ពុំ​ទទួល​បាន​ជាតិ​ដែក​គ្រប់គ្រាន់​ ពួក​គេ​​មិន​អាច​បង្កើត​​អេម៉ូ​ក្លូ​ប៊ីន​ គ្រប់គ្រាន់​សម្រាប់​កោសិកា​ឈាម​ក្រហម​ឡើយ​ ដូច្នេះ​ហើយ​ ក្មេង​ៗ​មិន​អាច​ទទួល​បាន​អុកស៊ីសែន​ច្រើន​​ទៅ​កោសិកា​​របស់​ពួក​គេ​នោះ​ទេ។​ កត្តា​នេះ​ អាច​នាំ​ឲ្យ​ពួក​គេ​កើត​មាន​អាការៈ​នឿយហត់​ អស់​កម្លាំង​ ស្លេកស្លាំង វិលមុខ​ ព្រម​ទាំង​ធ្វើ​ឲ្យ​ចង្វាក់​បេះដូង​​លោត​ញាប់​ ក៏​ដូចជា​ថយ​ចុះ​ចំណង់​អាហារ​។​ លើស​ពី​នេះ​ ​ជំងឺ​ស្លេកស្លាំង​ដោយ​សារ​កង្វះ​ជាតិ​ដែក​​ក៏​អាច​ធ្វើ​ឲ្យ​ខួរ​ក្បាល​លូតលាស់​យឺត​ ព្រម​ទាំង​​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ​ថយ​ចុះ​ផង​ដែរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 03, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម