ម៉ាក់ប៉ាគួរប្រយ័ត្ន! កូនដួលរលាត់ជង្គង់ញឹកញាប់ អាចក្លាយជាអាប់សែរ
ក្មេងៗរពឹសណាស់ ចូលចិត្តប្រលែងលេង រត់ប្រដេញគ្នា ជួនកាលម៉ាក់ប៉ាហៅមិនចង់ឮទេ ទម្រាំឈប់រត់។ ជាធម្មតា ក្មេងៗមិនទាន់ចេះទប់លំនឹងខ្លួនបានល្អនៅឡើយទេ ពេលខ្លះរត់ៗក៏ដួល រលាត់ដៃ គ្រលីតជង្គង់ចេញឈាម តាំងស្រែកយំរកម៉ាក់ប៉ាឲ្យជួយ។ តែអ្នកជំនាញថា ក្មេងឧស្សាហ៍ដួលត្រូវជង្គង់ ហើយថែមិនបានល្អ អាចក្លាយជាអាប់សែរលើជង្គង់។

ជុំវិញបញ្ហានេះ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ជំនាញជំងឺទូទៅ និងកុមារ បានពន្យល់ឲ្យដឹងថា ករណីអាប់សែរនៅក្បាលជង្គង់កូនក្មេង ជាករណីជួបញឹកញាប់បំផុត ម៉ាក់ប៉ាដែលមានកូនតូចៗគួរប្រុងប្រយ័ត្ន ព្រោះជង្គង់ក្មេងងាយនឹងរបួស ប៉ះទង្គិច ដួលរលាត់ ដែលជាហេតុធ្វើឲ្យមានផ្លូវសម្រាប់មេរោគចូលក្នុងជង្គង់កូនក្មេង។
វេជ្ជបណ្ឌិតរូបនេះបន្តថា ពីដំបូងបញ្ហានេះមិនសូវមានរោគសញ្ញាអ្វីឲ្យយើងដឹងទេ ទាល់តែវាទៅជាអាប់សែរមានខ្ទុះច្រើនទើបបណ្ដាលឲ្យ អាអូនក្ដៅខ្លួនខ្លាំង(អាចដល់៣៨-៤០អង្សាសេ)។ ក្រៅពីនេះ ម៉ាក់ប៉ាគួរចាំសម្គាល់មើលដុំពកលើជង្គង់ ដែលមានសភាពក្រហមៗ ហើម និងក្ដៅពេលដែលប៉ះទៅ។
បញ្ហាអាប់សែរនេះ បើម៉ាក់ប៉ាមិនចាប់អារម្មណ៍ ទុកចោលយូរមិនព្យាបាលឲ្យបានត្រឹមត្រូវទេនោះ វាអាចបណ្ដាលឲ្យខូចសន្លាក់ជង្គង់ក្មេងទាំងមួលតែម្ដង ហើយបើធ្ងន់ធ្ងរអាចប៉ះពាល់ដល់ឆ្អឹងជង្គង់ទៀតផង។
លោកវេជ្ជបណ្ឌិតដដែលបានណែនាំពីការការពារកុំឲ្យបញ្ហានេះកើតឡើងលើកូន ដោយម៉ាក់ប៉ាអាចទម្លាប់ស្លៀកខោជើងវែងសាច់ក្រាស់ៗ ដើម្បីបន្ថយការប៉ះទង្គិច ហើយពេលមានរបួសត្រូវលាងឲ្យបានស្អាត ឬយកជួបគ្រូពេទ្យ ដើម្បីព្យាបាលឲ្យបានត្រឹមត្រូវ បើសង្ស័យថា អាចមានការបង្ករោគ។
![]()