មកពីបែបនេះ ទើបអ្នកជាជំងឺរបេងហើយ អាចលាប់ឡើងវិញបាន

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

អង្គការ​សុខភាព​ពិភពលោក​បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា ជំងឺ​របេងនៅ​តែ​ជា​ឃាតករ​ឆ្លង​ដ៏​សាហាវ​បំផុត​របស់​ពិភពលោក។ ក្នុង​មួយ​ថ្ងៃ​មាន​មនុស្ស​ជាង ៤.០០០ នាក់​បាន​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​របេង ហើយ​មនុស្ស​ជិត ៣០.០០០ នាក់​ធ្លាក់​ខ្លួន​ឈឺ​ដោយសារ​ជំងឺ​ដែល​អាច​បង្ការ​ និង​ព្យាបាល​បាន​មួយ​នេះ។

យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត  ឯកទេសជំងឺទូទៅ ជំងឺ​របេង​អាច​កើត​ឡើង​ម្តង​ទៀត ឬ​លាប់​ឡើង​វិញ​បាន ហើយ​វា​មាន​កត្តា​២​ដែល​ជា​ហេតុ​បង្ក​ឲ្យ​កើត​ឡើង​វិញ​បាន​នោះគឺ៖

ទី១. ការ​ដំណើរ​ការ​ឡើង​វិញ (Reactivation)៖​ សូម្បី​តែ​ក្រោយ​ពេល​ព្យាបាល​ជំងឺ​របេង​ពេញលេញ​ក៏​ដោយ បាក់តេរី​អាច​រស់​នៅ​ដោយ​ស្ងៀមស្ងាត់​នៅ​ក្នុង​ខ្លួន​របស់​យើង​។ បាក់តេរី​អសកម្ម​ទាំង​នេះ​អាច​រីក​សាយ​ភាយ​​នៅ​ពេល​ណា​ដែល​ស្ថានភាព​សុខភាព​មិន​អំណោយ​ផល​ដូច​ជា ប្រព័ន្ធ​ភាពស៊ាំមិនល្អ​ ហើយ​អាច​បណ្តាល​ឱ្យ​មាន​ជំងឺ​របេង​ម្តង​ទៀត​។

ទី២.​ ការ​ឆ្លង​មេរោគ​ឡើង​វិញ (Re-infection)៖ កត្តា​ទូទៅ​មួយ​ទៀត គឺ​ការ​ឆ្លង​មេរោគ​បាក់តេរី​របេង​ឡើងវិញ​ដែល​បណ្តាល​ឱ្យ​កើត​ជំងឺ​នេះ​។ ដូចគ្នា​នឹង​កត្តា​ទីមួយ​ដែរ ការ​ឆ្លង​មេរោគ​ឡើងវិញ​ក៏​ត្រូវ​បាន​កំណត់​យ៉ាង​ធំ​ដោយ​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​របស់​យើង​ផង​ដែរ។

យើងមិន​អាច​ការពារ​ជំងឺ​របេង​បាន​រហូត​នោះ​ទេ​ ប៉ុន្តែ​យើង​អាច​ចាត់​វិធានការ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ក្នុង​ការ​កើត​ឡើង​បាន។​ វិធី​ល្អ​បំផុត​ដើម្បី​បង្ការ​ជំងឺ​របេង​ពី​ការ​​កើតឡើង​ម្តង​ទៀត​បាន គឺ​ត្រូវ​ប្រើ​ថ្នាំ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការ​ណែ​នាំ​របស់​វេជ្ជបណ្ឌិត ហើយ​ជាក់​ស្តែង ​ការ​នៅ​ឆ្ងាយ​ពី​​មនុស្ស​ដែល​មាន​ផ្ទុក​ជំងឺ​របេង ក៏​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ឡើង​វិញ​ផង​ដែរ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​មីនា 24, 2020 | កែសម្រួលចុងក្រោយ ខែ​មីនា 24, 2020

អ្នកអាចចូលចិត្ត