ឆ្លើយតបនឹងចម្ងល់នេះ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងកុមារ បានពន្យល់ឲ្យដឹងថា យើងអាចធ្វើតេស្ដដឹងបាន តាមរយៈតេស្ដ NS1។ កាលពីច្រើនឆ្នាំមុន យើងមិនទាន់មានតេស្ដនេះប្រើ ដូចនេះគ្រូពេទ្យគឺពឹងផ្អែកទៅលើអាការៈ និងរោគសញ្ញាអ្នកជំងឺ និងមើលគ្រាប់ឈាមអ្នកជំងឺ។
លោកបន្តថា ប៉ុន្តែបើអ្នកជំងឺកើតគ្រុនឈាម ជាទូទៅចាប់ពីថ្ងៃទី៣ឡើង ទើបគ្រាប់ឈាមអ្នកជំងឺមានការប្រែប្រួល (ឈាមឡើងខាប់ ឈាមស និងប្លាកែតធ្លាក់ចុះនៅថ្ងៃទី៣)។ ហេតុនេះហើយ បើគ្រូពេទ្យមិនសូវមានបទពិសោធន៍ មិនស្គាល់សញ្ញាគ្រុនឈាមច្បាស់ ងាយនឹងធ្វើឲ្យមានការធ្វើរោគវិនិច្ឆ័យខុស និងព្យាបាលខុស ជាហេតុបណ្ដាលឲ្យអត្រាស្លាប់ដោយសារជំងឺគ្រុនឈាមពីមុនខ្ពស់ជាងបច្ចុប្បន្ន។
ជំងឺគ្រុនឈាមកម្រិតមធ្យម បណ្ដាលឲ្យយើងគ្រុនក្ដៅខ្លាំង កន្ទួលក្រហម ឈឺសាច់ដុំ និងសន្លាក់។ ក្នុងករណីធ្ងន់ធ្ងរ អាចបណ្ដាលឲ្យហូរឈាមធ្ងន់ធ្ងរ សម្ពាធឈាមធ្លាក់ចុះភ្លាមៗ និងស្លាប់ទៀតផង។