WHO៖ Lambda ជាវីរុសកូវីដ-១៩ បំប្លែងថ្មី មានសមត្ថភាពឆ្លងរាលដាលលឿន

    WHO៖ Lambda ជាវីរុសកូវីដ-១៩ បំប្លែងថ្មី មានសមត្ថភាពឆ្លងរាលដាលលឿន

    ក្រៅ​ពី​វីរុស​បំប្លែង Delta អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ទៅ​លើ​វីរុស​កូវីដ-១៩​បំប្លែង​ដទៃ​ទៀត​ដែល​អាច​មាន​សមត្ថភាព​រាលដាល​បាន​លឿន និង​បង្ក​ករណី​ឆ្លង​កាន់​តែ​ច្រើន ពិសេស​នោះ​គឺ​វីរុស​បំប្លែង Lambda។

    អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ចាត់​វីរុស​បំប្លែង Lambda ជា​វីរុស​បំប្លែង​គួរ​ឲ្យ​ចាប់​អារម្មណ៍​រួម​ជាមួយ​នឹង​វីរុស​បំប្លែង​ចំនួន ៣​ទៀត​ដូច​ជា Eta Iota និង​Kappa។ វីរុស​បំប្លែង Lambda ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ដំបូង​នៅ​ប្រទេស​ប៉េរូ នៅ​ខែ​សីហា ឆ្នាំ​២០២០។ ឥឡូវ​នេះ ករណី​ឆ្លង​វីរុស​បំប្លែង​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង ២៩​ប្រទេស​ទូទាំង​ពិភពលោក ប៉ុន្តែ​វា​មិន​ទាន់​រាលដាល​ខ្លាំង​គួរ​ឲ្យ​បារម្ភ​ដូច​វីរុស​បំប្លែង Delta នៅ​ឡើយ។

    អង្គការ​សុខភាព​ពិភព​លោក (WHO) បន្ត​ឲ្យ​ដឹង វីរុស​បំប្លែង Lambda មាន​ភាព​បម្រែបម្រួល​គួរ​ឲ្យ​តាម​ដាន​ខ្ពស់​ដូច​ជា សមត្ថភាព​នៃ​ការ​ឆ្លង​លឿន និង​អាច​ប្រឆាំង​អង្គ​បដិ​ប្រាណ​ក្នុង​រាងកាយ​យើង។ វីរុស​បំប្លែង​នេះ ក៏​ត្រូវ​បាន​សម្គាល់​ថា បណ្ដាល​ឲ្យ​មាន​ករណី​ឆ្លង​ចូល​ក្នុង​សហគមន៍​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ។ ទោះ​យ៉ាង​ណា​មិញ វិសាលភាព​នៃ​ផល​ប៉ះពាល់​ទៅ​លើ​សុខភាព​អ្នក​ឆ្លង​វីរុស​បំប្លែង Lambda នេះ​ធ្ងន់ធ្ងរ​ជាង​អ្នក​ឆ្លង​កូវីដ-១៩ យ៉ាង​ណា​នោះ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ និង​ទាម​ទារ​ឲ្យ​មាន​ការ​សិក្សា​បន្ថែម​ទៀត។

    ចុះ​ប្រសិទ្ធភាព​វ៉ាក់សាំង​កូវីដ-១៩ អាច​ការពារ​ពី​វីរុស​បំប្លែង Lambda បាន​កម្រិត​ណា?

    យើង​ដឹង​ហើយ​ថា រាល់​វ៉ាក់សាំង​កូវីដ-១៩ ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) សុទ្ធ​តែ​មាន​ប្រសិទ្ធភាព​ការពារ​យើង​មិន​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ និង​កាត់​បន្ថយ​ហានិភ័យ​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ-១៩។

    ផ្ទុយ​ទៅ​វិញ នៅ​ក្នុង​ការ​សិក្សា​ដឹក​នាំ​ដោយ​វេជ្ជបណ្ឌិត Soto Rifo និង​វេជ្ជបណ្ឌិត Landua នៃ​សហរដ្ឋអាមេរិក​អំពី​ប្រសិទ្ធភាព​វ៉ាក់សាំង​លើ​វីរុស​បំប្លែង Lambda បង្ហាញ​ឲ្យ​ឃើញ​ថា អង្គ​បដិ​ប្រាណ​បង្កើត​ឡើង​ដោយ​វ៉ាក់សាំង Pfizer និង Moderna មិន​សូវ​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​វីរុស​បំប្លែង Lambda ជាង​វីរុស​កូវីដ-១៩​ធម្មតា​ឡើយ ប៉ុន្តែ​វ៉ាក់សាំង​នៅ​តែ​អាច​ការពារ​សុខភាព​យើង​មិន​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ដោយ​សារ​វីរុស​បំប្លែង​នេះ​បាន។

    បន្ថែម​ពី​លើ​នេះ វេជ្ជបណ្ឌិត​ទាំង​២​ខាង​លើ​បញ្ជាក់​ថា ក្នុង​រាងកាយ​យើង​មិន​មែន​តែ​អង្គ​បដិ​ប្រាណ​ទេ​ដែល​ជួយ​ការពារ​វីរុស​វាយ​លុក​សុខភាព។ បើ​អង្គ​បដិ​ប្រាណ​ជួយ​ទប់​ទល់​នឹង​វីរុស​មិន​បាន នៅ​មាន​សមាសធាតុ​ផ្សេង​ទៀត​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​ដូច​ជា កោសិកា T ជាដើម ក៏​អាច​ជួយ​ផ្ដល់​ការ​ការ​ពារ​ដល់​សុខភាព​យើង​ពី​វីរុស​ដែរ។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព
    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 06/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត