ឈឺអ្វីក៏ដោយគឺមិនដែលស្រួលទេ ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម គឺប្រឈមនឹងមានផលពិបាកច្រើនដល់សុខភាព បើអ្នកជំងឺមិនចេះថែទាំសុខភាពទេ ច្បាស់ជាជួបបញ្ហាធ្ងន់ធ្ងរ។ បើកើតទឹកនោមផ្អែម គួរថែសុខភាពបែបណា ទើបអាចជួយការពារមិនឲ្យជំងឺរាលដាលខ្លាំងបាន?
លោកវេជ្ជបណ្ឌិត សេង សេរី ឯកទេសជំងឺទឹកនោមផ្អែមបានឲ្យដឹងថា តាមពិតទៅ ជំងឺទឹកនោមផ្អែមកើតឡើងបាន មិនមែនដោយសារតែការញ៉ាំអាហារផ្អែមមួយមុខទេ នៅមានកត្តាច្រើនទៀតដែលបណ្ដាលឲ្យកើតជំងឺនេះ ហើយបើមិនព្យាបាលត្រឹមត្រូវ ឬអ្នកជំងឺមិនចេះថែសុខភាពឲ្យបានល្អ នឹងប៉ះពាល់ដល់សុខភាពកាន់តែខ្លាំង ដូចជា បេះដូង ក្រពះ ពោះវៀន បណ្ដាលឲ្យដំបៅជើងជាដើម។
អត្ថបទពាក់ព័ន្ធ៖ ផលប៉ះពាល់ពីជំងឺទឹកនោមផ្អែម គួរស្វែងយល់ទាំងអស់គ្នា!
ផ្ទុយទៅវិញ ប្រសិនបើកើតទឹកនោមផ្អែមហើយ ធ្វើតាមការណែនាំប៉ុន្មានចំណុចខាងក្រោមនេះជាប្រចាំ អាចជួយថែរក្សាសុខភាពឲ្យបានល្អដូចជា៖
១. ដើរឲ្យបានយ៉ាងតិច ៣០នាទី/ថ្ងៃ
២. បរិភោគអាហារឲ្យបានយ៉ាងតិច ៣ដង/ថ្ងៃ និងទៀងទាត់ពេលវេលា
៣. លេបថ្នាំឲ្យបានទៀងទាត់ និងតាមពេលវេលាដែលបានកំណត់ និងជាប្រចាំ
៤. មិនត្រូវឈប់លេបថ្នាំដោយចិត្តឯង ពេលឃើញអត្រាស្ករក្នុងឈាមចុះធម្មតា
៥. ពេលមានរោគសញ្ញាឈឺក្បាល ញ័រដើមទ្រូង បែកញើស ពេលល្ងាចមុនបាយ ឬពាក់កណ្ដាលអាធ្រាត្រ ឬជិតភ្លឺ គួរញ៉ាំស្ករគ្រាប់ ទឹកស្ករ ឬផ្លែឈើភ្លាម ព្រោះអត្រាជាតិស្ករក្នុងឈាមយើង អាចចុះហួសធម្មតាម្ដងម្កាលនាពេលនោះ ដោយសារការបរិភោគមិនប្រក្រតី។
៦. កុំញ៉ាំប្រៃពេក អាចបណ្ដាលឲ្យលើសឈាម ខូចតម្រងនោម
៧. កុំជក់បារីឲ្យសោះ អាចបណ្ដាលឲ្យឆាប់ខូចសរសៃឈាម
៨. កុំផឹកស្រាច្រើនហួសកំណត់
៩. កុំដើរជើងទទេ សម្អាតជើងរៀងរាល់ថ្ងៃ ការពារដំបៅតូចតាមផ្សេងៗ
១០. គ្រប់បញ្ហាទាំងអស់ដែលកើតមាន ត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាបន្ទាន់៕
លើសពីនេះ លោកវេជ្ជបណ្ឌិត បន្តថា ចំពោះអ្នកជំងឺទឹកនោមផ្អែម ដើម្បីរស់នៅបានយូរលង់ និងចៀសផុតពីផលវិបាកទាំងឡាយ គឺត្រូវរក្សាកម្រិតជាតិស្ករដែលមាននៅក្នុងឈាមទៅតាមស្តង់ដារដែលខាងគ្រូពេទ្យបានកំណត់ និងត្រូវតាមដានសុខភាពជាប្រចាំ ជាពិសេស៖
– មនុស្សមានអាយុលើសពី៤០ឆ្នាំឡើងទៅ
– លើសទម្ងន់ ធាត់ មានក្បាលពោះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕