និយមន័យ
១‑ អ្វីជាជំងឺរលាកថ្លើមដោយសារជាតិពុល?
រលាកថ្លើមដោយសារជាតិពុល សំដៅលើការរលាកថ្លើមដោយសារសារធាតុណាមួយយើងបានប៉ះពាល់។ ពេលខ្លះអាចមកពីស្រា សារធាតុគីមី ថ្នាំ ឬពពួកអាហារបំប៉នណាមួយ។
ពេលខ្លះ ការរលាកថ្លើមដោយសារជាតិពុល កើតមានរោគសញ្ញាក្នុងពេលខ្លីត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ តែពេលខ្លះទៀតក៏ត្រូវចំណាយពេលរាប់ខែឯណោះ ទើបលេចចេញរោគសញ្ញា ខណៈរោគសញ្ញាទាំងអស់ នឹងបាត់ទៅវិញពេលយើងឈប់ប៉ះពាល់ ឬប្រើប្រាស់សារធាតុទាំងនេះ។ ប៉ុន្តែ ពុលថ្លើម អាចធ្វើឲ្យខូចថ្លើមជារៀងរហូត មិនអាចត្រលប់មកដូចដើម និងបន្សល់ទុកនូវស្លាកស្នាមត្រង់កន្លែងខូចរហូត (ក្រិនថ្លើម) ហើយអាចវិវត្តជាខ្សោយមុខងារថ្លើម ប៉ះពាល់ដល់អាយុជីវិតបាន។
រោគសញ្ញា
២‑ រោគសញ្ញារលាកថ្លើមដោយសារជាតិពុលមានអ្វីខ្លះ?
រោគសញ្ញាជួបញឹកញាប់រួមមាន៖
– ខាន់លឿង (ស្បែក និងភ្នែកឡើងលឿង)
– អស់កម្លាំងល្ហិតល្ហៃ
– មិនឃ្លាន
– ក្អួត ចង្អោរ
– ឈឺក្បាល
– ចុកពោះ
– ទឹកនោមក្រមៅជាងធម្មតា
– រាក
– លាមកស ឬស្លេកជាងធម្មតា
ជំងឺនេះ អាចមានរោគសញ្ញាផ្សេងៗមិនបានរៀបរាប់នៅខាងលើ។ បើសិនមានក្តីបារម្ភពីរោគសញ្ញាណាមួយ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ។
៣‑ គួរទៅជួបពេទ្យពេលណា?
ទៅជួបគ្រូពេទ្យភ្លាម បើសិនជាមានសញ្ញាណាមួយគួរឲ្យសង្ស័យ។
ការប្រើថ្នាំលើសកម្រិត ដូចជា ពពួកថ្នាំ Acetaminophen (Paracetamol) អាចធ្វើឲ្យមុខងារថ្លើមចុះខ្សោយ។ ត្រូវទៅព្យាបាលភ្លាមៗ បើសិនជាយើងគិតថា កូនយើងបានលេប ឬចាក់ថ្នាំ Acetaminophen លើសកម្រិត។ រោគសញ្ញាប្រើថ្នាំ Acetaminophen លើសកម្រិតរួមមាន៖
– មិនឃ្លានអាហារ
– ក្អួត ចង្អោរ
– ចុកពោះផ្នែកខាងលើ
– សន្លប់។
មូលហេតុបង្ក
៤‑ មូលហេតុបង្កឲ្យរលាកថ្លើមដោយសារជាតិពុល
សារធាតុគីមីយើងស្រូបចូលទាំងដឹងខ្លួន និងមិនដឹងខ្លួនមានពុលលើថ្លើម។ ក្នុងចំណោមសារធាតុគីមីទាំងនេះ មានថ្នាំពុល សារធាតុរំលាយឧស្សាហកម្ម និងសារធាតុបំពុល។ ស្ទើរតែគ្រប់ថ្នាំទាំងអស់ សុទ្ធតែអាចជាមូលហេតុជំងឺរលាកថ្លើម។ ជួនកាល ជាតិពុលអាចបង្កឲ្យមានជំងឺថ្លើមរ៉ាំរ៉ៃ និងក្រិនថ្លើម បើការប៉ះពាល់ជាតិពុលមិនបានបញ្ឈប់ដែរ។
សារធាតុពុលធ្វើឲ្យរលាកថ្លើមទាំងនេះ ត្រូវបានគេចែកជា ២ ក្រុមធំៗ៖
– ក្រុមអាចស្មានទុកមុនបាន៖ សារធាតុយើងអាចដឹងមុនថា ប្រើ ឬប៉ះពាល់តែម្តង ពីរដងប៉ុណ្ណោះ ក្នុងកម្រិតណាមួយ អាចធ្វើឲ្យរលាកថ្លើមបាន រួមមាន សារធាតុសម្អាត ឬរំលាយ ជាតិ Carbon tetrachloride និងថ្នាំបំបាត់ការឈឺចាប់មួយចំនួន។
– ក្រុមមិនអាចស្មានទុកមុនបាន៖ គ្រាន់តែប៉ះពាល់ក្នុងកម្រិតតិចតួចបំផុត ក៏អាចធ្វើឲ្យរលាកថ្លើមបានដែរ ដូចជា ពពួកថ្នាំដែលគេមិនយល់ច្បាស់ពីសកម្មភាពរបស់វា ហើយអាស្រ័យលើអង់ស៊ីមរបស់មនុស្សម្នាក់ដែលប្រើទៅបំបែកសារធាតុនោះ។
ថ្លើមយើង ងាយនឹងរងគ្រោះដោយសារធាតុគីមីណាស់ ដោយសារថ្លើមជាអ្នកបំបែកសារធាតុទាំងនោះ រួមទាំងថ្នាំមួយចំនួនចូលក្នុងចរន្តឈាម ហើយកម្ចាត់វាចេញតាមទឹកប្រមាត់ និងទឹកនោម។ តែក៏មានសារធាតុខ្លះ អាចពុល និងធ្វើឲ្យខូចខាតដល់កោសិកាថ្លើមផ្ទាល់ផងដែរ។
ផឹកស្រាជាប្រចាំ នឹងបង្កើនឱកាសពុលថ្នាំ ជាពិសេសថ្នាំ Acetaminophen (Paracetamol)។ ហេតុនេះ មិនគួរផឹកស្រា ពេលកំពុងប្រើថ្នាំនោះទេ។
អត្ថបទពាក់ព័ន្ធ៖
កត្តាប្រឈម
៥- កត្តាប្រឈមរលាកថ្លើមដោយសារជាតិពុល
កត្តាប្រឈមនាំឲ្យកើតជំងឺរលាកថ្លើមដោយសារជាតិពុលមានដូចជា៖
– ប្រើថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំមួយចំនួន៖ ប្រើថ្នាំបំបាត់ការឈឺចាប់អាចធ្វើឲ្យពុលថ្លើម និងអាចធ្វើឲ្យមានការរលាកថ្លើមដោយសារពុល។ ជាពិសេសពេលប្រើថ្នាំច្រើនមុខចូលគ្នា ឬប្រើច្រើនជាងកម្រិតដែលបានណែនាំ។
– មានជំងឺថ្លើមស្រាប់៖ រឹតតែធ្វើឲ្យថ្លើមងាយពុល។
– មានជំងឺរលាកថ្លើម B ឬ C ឬរលាកថ្លើមប្រភេទផ្សេងៗ៖ ធ្វើឲ្យថ្លើមកាន់តែធ្ងន់ធ្ងរ។
– វ័យចាស់៖ ពេលវ័យកាន់តែចាស់ ថ្លើមនឹងធ្វើការកាន់តែយឺតជាងធម្មតា មានន័យថាសារធាតុពុលទាំងនោះ នឹងនៅក្នុងចរន្តឈាម កាន់តែយូរជាងមុន។
– ផឹកស្រា៖ ផឹកស្រាពេលកំពុងប្រើថ្នាំ បង្កើនការប្រឈមជំងឺរលាកថ្លើមដោយសារជាតិពុល កាន់តែខ្លាំង។
– ភេទស្រី៖ ដោយសារស្រីៗធ្វើការបំបែកសារធាតុពុលមួយចំនួនយឺតជាងប្រុសៗ ហេតុនេះថ្លើមសម្បូរទៅដោយសារធាតុគ្រោះថ្នាក់កាន់តែច្រើន។
– បម្រែបម្រួលហ្សែន៖ ប្រែប្រួលហ្សែន ដែលផលិតអង់ស៊ីមសម្រាប់បំបែកសារធាតុពុលងាយ នឹងបណ្តាលឲ្យមានជំងឺនេះដូចគ្នា។
– ធ្វើការជាមួយសារធាតុក្នុងឧស្សាហកម្ម៖ សារធាតុមួយចំនួន ធ្វើឲ្យយើងប្រឈមមុខខ្ពស់នឹងការរលាកថ្លើមដោយសារពុល។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៦- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ដើម្បីធ្វើរោគវិនិច្ឆ័យ គ្រូពេទ្យនឹងសួរពីប្រវត្តិជំងឺ រួមទាំងថ្នាំយើងបានប្រើប្រាស់ និងកំពុងប្រើប្រាស់ក៏ដូចជាទម្លាប់ផឹកស្រាផងដែរ។ ពេទ្យនឹងពិនិត្យរាងកាយ ជាជំនួយដល់ការសម្រេចថា មាន ឬគ្មានជំងឺរលាកថ្លើមរ៉ាំរ៉ៃ។
ខាងក្រោមនេះជាតេស្តសម្រាប់កំណត់ថាមាន ឬគ្មានជំងឺរលាកថ្លើមដោយសារជាតិពុល និងកំណត់ស្ថានភាពធ្ងន់ធ្ងររបស់ជំងឺ៖
– តេស្តមុខងារថ្លើម៖ ត្រូវពិនិត្យមើលជាច្រើនមុខ ដើម្បីដឹងថាថ្លើមធ្វើការបានគ្រប់គ្រាន់ ឬយ៉ាងណា។ តេស្តនេះ អាចឲ្យយើងដឹងពីទំហំ និងកម្រិតខូចខាតថ្លើមផងដែរ។
– ឆ្លុះអេកូ៖ គឺប្រើសម្លេងកម្រិតហ្វ្រេកង់ខ្ពស់ ដើម្បីបង្កើតជារូបភាពសរីរាង្គផ្សេងៗ រួមទាំងថ្លើមផងដែរ។
– CT Scan៖ គឺប្រើតិចនិកកាំរស្មីអ៊ិច បង្វិលជុំវិញរាងកាយ ដោយឆ្លងកាត់កុំព្យូទ័រ ហើយចងក្រងដើម្បីបង្កើតជារូបភាពក្នុងរាងកាយ។
– ច្រឹបកោសិកាថ្លើម៖ បើសិននៅមិនទាន់អាចសម្រេចច្បាស់ពីប្រភេទ និងភាពធ្ងន់ធ្ងររបស់ជំងឺក្រោយពេលពិនិត្យឈាម និងថតកាំរស្មីរួច ពេទ្យនឹងសុំច្រឹបកោសិកាថ្លើម ដើម្បីបញ្ជាក់ឲ្យច្បាស់។ ម្ជុលតូចមួយ នឹងចាក់ចូលទៅក្នុងពោះ ហើយច្រឹបកោសិកាថ្លើមបន្តិច យកទៅពិនិត្យដោយមានការរៀបចំជាច្រើន និងដាក់ពណ៌ ដើម្បីពិនិត្យក្នុងមីក្រូទស្សន៍។
៧- ព្យាបាលដោយវិធីណា?
ការព្យាបាលជំងឺនេះ គឺត្រូវរកមូលហេតុឃើញ ហើយកម្ចាត់សារធាតុនោះចេញពីក្នុងខ្លួន។ ក្នុងករណីបណ្តាលមកពីផឹកស្រា យើងអាចចូលរួមក្នុងកម្មវិធីអប់រំផ្សេងៗ និងផ្តាច់ស្រា។ ញៀនស្រា ជាបញ្ហាពិបាកផ្តាច់ បើសិនជាគ្មានការគាំទ្រ និងការព្យាបាលត្រឹមត្រូវ ហើយចុះក្រោយ យើងនឹងត្រលប់ទៅញៀនស្រាវិញ។
ព្យាបាលដោយប្តូរថ្លើម
មធ្យោបាយនេះអាចនឹងពិចារណាភ្លាមៗលើគ្នាយើងមានជំងឺរលាកថ្លើមធ្ងន់ធ្ងរ ប៉ះពាល់ដល់អាយុជីវិត បណ្តាលមកពីថ្នាំ ឬឱសថរុក្ខជាតិនានា។
ជំងឺក្រិនថ្លើមដំណាក់កាលចុងក្រោយដោយសារស្រា ក៏អាចពិចារណាក្នុងការធ្វើការដូរថ្លើមនេះផងដែរ។ ប៉ុន្តែត្រូវផ្តាច់ស្រា និងទទួលការព្យាបាលត្រឹមត្រូវយ៉ាងតិច ៦ខែ ទើបអាចអាចរង់ចាំទទួលការប្តូរថ្លើមបាន។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៨- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលតាមផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– ប្រើថ្នាំឲ្យបានត្រឹមត្រូវ៖ ត្រូវប្រើតាមវេជ្ជបញ្ជា និងពេលចាំបាច់តែប៉ុណ្ណោះ។
– ប្រើថ្នាំតាមកម្រិតណែនាំ៖ មិនត្រូវប្រើថ្នាំលើសកម្រិតឡើយ ទោះអាការៈជំងឺមិនបានធូរស្រាលក៏ដោយ។
– ប្រុងប្រយ័ត្នចំពោះឱសថរុក្ខជាតិ និងអាហារបំប៉ន៖ កុំស្មានថាផលិតផលធម្មជាតិគ្មានគ្រោះថ្នាក់នោះ ហើយត្រូវពិគ្រោះជាមួយគ្រូពេទ្យមុនពេលប្រើប្រាស់។
– មិនត្រូវផឹកស្រាជាមួយថ្នាំ៖ មិនត្រូវផឹកស្រាពេលកំពុងប្រើថ្នាំនោះទេ ត្រូវពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការី ពីអន្តរកម្មថ្នាំដែលយើងប្រើ។
– ការពារខ្លួនពីសារធាតុគីមី៖ បើសិនជាយើងធ្វើការជាមួយ ឬប្រើសារធាតុគីមីគ្រោះថ្នាក់ណាមួយនោះ ត្រូវការពារខ្លួនឲ្យបានត្រឹមត្រូវ។ បើមានបញ្ហាឧប្បទ្ទវហេតុណាមួយនោះ សូមទាក់ទងទៅសេវាសង្គ្រោះបន្ទាន់ឲ្យបានលឿនបំផុត។
– ថ្នាំ និងសារធាតុគីមីផ្សេងៗ៖ ត្រូវទុកឲ្យផុតពីដៃក្មេង ចៀសវាងការលេបដោយចៃដន្យ។
[embed-health-tool-bmi]