តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

សញ្ញា​ទាំង​នេះ​ បញ្ជាក់​ថា​​ប្រើ​​​ផលិតផល​ថែ​សម្រស់​មិន​ត្រូវ​នឹង​ស្បែក​​

    សញ្ញា​ទាំង​នេះ​ បញ្ជាក់​ថា​​ប្រើ​​​ផលិតផល​ថែ​សម្រស់​មិន​ត្រូវ​នឹង​ស្បែក​​

    បច្ចុប្បន្ន​នេះ មាន​ផលិតផល​ថែ​រក្សា​សម្រស់​ជា​ច្រើន​​ប្រភេទ​នៅ​លើ​ទី​ផ្សារ​ ដែល​ធ្វើឲ្យ​យើង​មាន​ការ​ពិបាក​ក្នុង​ការ​ជ្រើសរើស​ថា​តើ​ផលិតផល​ណាមួយ​ដែល​ស័ក្ដិសម​ជាមួយ​នឹង​ប្រភេទ​ស្បែក​របស់​យើង​។​ ពិត​ណាស់​ ដើម្បី​ទទួល​បាន​ភាព​ស្រស់​ស្អាត​ ស្រី​ៗ​គ្នា​យើង​សុខ​ចិត្ត​ចំណាយ​ប្រាក់​ជា​ច្រើន​ដើម្បី​ទិញ​ផលិតផល​ទាំង​នោះ​ ​ប៉ុន្តែ​​​មិន​ថា​វា​មាន​តម្លៃ​ថ្លៃ​ និង​ពេញ​និយម​ប៉ុនណា​នោះ​ទេ​​ ក៏​មិន​ប្រាកដ​ថា​វា​​ត្រូវ​នឹង​ប្រភេទ​ស្បែក​របស់​យើង​ដែរ​។​ ​​ការ​ប្រើប្រាស់​ផលិតផល​ខុស ​គឺ​កើត​ឡើង​ជា​ញឹកញយ​​ ដូច្នេះ​​ហើយ​ ស្រីៗ​យើង​ច្បាស់​ជា​ចង់​ដឹង​ថា​ តើ​យើង​គួរ​ឈប់​ប្រើ​ផលិតផល​ថ្មី​ៗ​ទាំង​នោះ​នៅ​ពេល​ណា​? តើ​មាន​សញ្ញា​អ្វី​ខ្លះ​ ដែល​បញ្ជាក់​ថា​យើង​កំពុង​តែ​ប្រើប្រាស់​ផលិតផល​ខុស​?

    ​​​. ស្បែក​​ប្រែ​ជា​ស្ងួត​ និង​របក​

    នៅ​ពេល​ដែល​យើង​ប្រើ​ផលិតផល​ខុស​ វា​នឹង​ធ្វើ​ឲ្យ​​ស្បែក​របស់​យើង​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ ដូចជា​ស្ងួត​ ឬ​ឡើង​ប្រេង។​ ប្រសិនបើ​យើង​សង្កេត​ឃើញ​ថា​ ​ស្បែក​​មាន​សភាព​​​គ្រើម​ និង​របក​ ​វា​អាច​មក​ពី​យើង​ជម្រុះ​កោសិកា​ចាស់​ជ្រុល​ពេក​ ដែល​​នេះ​ជា​សញ្ញា​ព្រមាន​មួយ​ ដើម្បី​ឲ្យ​មាន​ការ​​ផ្លាស់ប្ដូរ​ផលិតផល​នោះ​ចេញ​។ ផលិតផល​បក​ស្បែក​ និង​ហ្វូម​លាង​មុខ ច្រើន​តែ​មាន​ផ្ទុក​អាស៊ីដ​ខ្លាំង​ ដែល​​ផ្ដល់​ផល​ប៉ះពាល់​ដល់​ស្បែក​របស់​យើង​​។​ ដូច​នេះ​ ចូរ​ព្យាយាម​ជ្រើសរើស​សារធាតុ​ផ្សំ​​ណា​ដែល​មិន​មាន​ជាតិ​កាត់​ច្រើន​ នៅ​ពេល​ដែល​​យើង​ទិញ​ផលិតផល​ប្រើប្រាស់​ចំពោះ​ផ្ទៃ​មុខ​។​

    ​​. ស្បែក​ឡើង​កន្ទួល

    ស្នាម​កន្ទួល​លើ​ស្បែក​ អាច​បណ្ដាល​មក​ពី​កត្តា​ជា​ច្រើន​ ប៉ុន្តែ​​​ប្រតិកម្ម​អាលែកហ្ស៊ី​ គឺ​ជា​ឫសគល់​ចម្បង​ ដែល​នាំ​មក​នូវ​បញ្ហា​នេះ នៅ​រាល់​ពេល​ដែល​យើង​ប្រើប្រាស់​ផលិតផល​ខុស​។​ គ្រឿង​សម្អាង​ និង​ផលិតផល​ថែ​រក្សា​សម្រស់​មួយ​ចំនួន​​ផ្សំ​ឡើង​ពី​គ្រឿង​ផ្សំ​ដែល​មិន​បង្ក​ជា​អាលែកហ្ស៊ី​ ដែល​បង្កើត​បាន​ជា​ក្លិន​ និង​រូបរាង ហើយ​គ្រឿង​ផ្សំ​នេះ​ដែរ​​ ក៏​អាច​ធ្វើ​ឲ្យ​​យើង​មាន​​ស្នាម​កន្ទួល​លើ​ស្បែក​ផង​ដែរ​​។

    . កើត​មុន

    បញ្ហា​មុន​ នឹង​កើត​ឡើង​នៅ​ពេល​ដែល​យើង​ប្រើប្រាស់​ផលិតផល​ខុស​ ជា​ពិសេស​គឺ​ប្រភេទ​មុន​តូច​ៗ​​ ហើយ​ក្រហម​​។​ ​ដើម្បី​កំណត់​ថា​ផលិតផល​​នេះ គឺ​ជា​ដើម​ចម​នៃ​ការ​ឡើង​មុន​ យើង​អាច​ចំណាយ​ពេល​ប្រហែល​ពីរ​ ឬ​បី​សប្ដាហ៍​ ក្នុង​ការ​តាមដាន​លើ​ការ​ប្រែប្រួល​ឲ្យ​បាន​ដិតដល់​នៅ​ពេល​ដែល​ស្បែក​​​ប៉ះពាល់​ជាមួយ​នឹង​ផលិតផល​ថ្មី​​ណា​មួយ​។​ ​

    . ស្បែក​ឡើង​ប្រេង

    នៅ​ក្នុង​ករណី​ដែល​យើង​មាន​ស្បែក​ស្ងួត​ ឬ​ធម្មតា​ ប៉ុន្តែ​បែរ​ជា​ឡើង​ប្រេង​ វា​អាច​​បណ្ដាល​មក​ពី​ផលិតផល​​​ថ្មី​ដែល​យើង​កំពុង​តែ​ប្រើប្រាស់​។​ ជា​ទូទៅ​ ស្បែក​របស់​យើង​មាន​ផ្ទុក​ស្រទាប់​ខ្លាញ់​ធម្មជាតិ​​ដែល​ជា​របាំង​ការពារ​ ដូច្នេះ​ហើយ​​ នៅ​ពេល​ដែល​យើង​ប្រើ​ប្រាស់​ហ្វូម​ និង​ក្រែម​លាប​​មុខ​ដែល​ប៉ុនប៉ង​កម្ចាត់​ចោល​ស្រទាប់​នោះ​ចេញ​ ស្បែក​របស់​យើង​នឹង​ធ្វើការ​ជួសជុល​ដោយ​ខ្លួន​ឯង​ដើម្បី​ការពារ​ស្រទាប់​នោះ​។

    ស្នាមមុនលើផ្ទៃមុខ

    . ផ្ទៃមុខ​របស់​យើង​រលាក​ ឬ​ផ្សា

    ប្រសិនបើ​​ស្បែក​មុខ​របស់​យើង​ងាយ​ប្រតិកម្ម​នៅ​ពេល​ដែល​យើង​ប៉ះ ឬ​ផ្សា និង​រលាក​នៅ​ពេល​ដែល​យើង​លាង​មុខ​ប៉ុន្មាន​​ម៉ោង​ក្រោយ​ពី​ប្រើប្រាស់​ផលិតផល​នេះ​ ឬ​ស្បែក​របស់​យើង​មាន​ពណ៌​ផ្កា​ឈូក​ ឬ​ក្រហម​​លើស​ពី​មួយ​ម៉ោង​​​ក្រោយ​ពេល​​លាប​ផលិតផល​នោះ​ យើង​គួរ​តែ​ឈប់​ប្រើប្រាស់​វា​​ភ្លាម​ៗ​។

    . រមាស់​ស្បែក

    សារធាតុ​ធ្វើ​ឲ្យ​ក្រអូប​ ឬ​Fragrance គឺ​ជា​​សារធាតុ​ផ្សំ​ចម្បង​នៅ​ក្នុង​ផលិតផល​ថែរក្សា​សម្រស់​មួយ​ចំនួន​ ដែល​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​ឡើង​រមាស់​ និង​ក្រហាយ។​ ប្រសិនបើ​ស្បែក​របស់​យើង​ឡើង​​ក្រហម​ និង​រមាស់​ខ្លាំង​ បន្ទាប់​ពី​ប្រើប្រាស់​ហ្វូម​លាង​មុខ ឬ​ក្រែម​លាប​មុខ​ថ្មី​ យើង​ប្រហែល​ជា​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​​ជាមួយ​នឹង​សារធាតុ​ផ្សំ​នោះ​មិន​ខាន​​។​

    . ស្បែក​យើង​ឡើង​តឹង

    ភាព​តឹង​នៃ​ស្បែក​ ក៏​អាច​បង្ហាញ​ថា​ផលិតផល​ថ្មី​ដែល​យើង​កំពុង​ប្រើប្រាស់​នេះ​ គឺ​មិន​ត្រូវ​​នឹង​ស្បែក​របស់​យើង​ដែរ​​។​ ការ​ប្រើ​ហ្វូម​លាង​មុខ​ខុស​ អាច​ធ្វើឲ្យ​ជាតិ​ប្រេង​​ធម្មជាតិ​នៃ​ស្បែក​បាត់បង់​ ​ដែល​អាច​បណ្ដាល​ឲ្យ​ស្បែក​របស់​យើង​ខ្វះ​ជាតិ​ទឹក​ ក្រហាយ​ ក៏​ដូចជា​ស្ងួត​។​ ដើម្បី​កុំ​ឲ្យ​ស្បែក​តឹង​ យើង​អាច​ជ្រើសរើស​ផលិតផល​ណា​ដែល​មាន​តុល្យភាព​pH ដើម្បី​ជួយ​​​​ព្យាបាល​​ស្បែក​របស់​យើង។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 02/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត