ខ្យល់ពុលអាចបង្កឱ្យបញ្ញា និងសមត្ថភាពគិតពិចារណាធ្លាក់ចុះ

ដោយ ត្រួតពិនិត្យដោយ ទូច សុខា

ខ្យល់​ពុល មិន​ថា​​ចេញ​​មក​ពី​ផ្សែង​ឡាន​ ម៉ូតូ ឬ​ផ្សែង​ឡ​នៃ​រោង​ចក្រ​ទេ គឺ​សុទ្ធ​សឹង​ជា​ប្រភព​​​ខ្យល់​មិន​ល្អ បង្ក​ទុក្ខ​ទោស​ដល់​សុខភាព ហើយ​ថែម​ទាំង​ ប៉ះ​ពាល់​​ដល់​បញ្ញា និង​សមត្ថភាព​គិត​នៃ​ខួរ​ក្បាល​ទៀត​ផង​។

ការ​សិក្សា​មួយ​ ធ្វើ​ឡើង​នៅ​ប្រទេស​ចិន បាន​បង្ហាញ​ថា ខ្យល់​ពុល​ពិត​ជា​​ធ្វើ​ឱ្យ​មនុស្ស​ថម​ថយ​​​ប្រាជ្ញា​ស្មារតី និង​​​សមត្ថភាព​គិត​ពិចារណា​។ ការ​អះ​អាង​នេះ បន្ទាប់​ពី​​​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ពិនិត្យ​លើ​ទិន្នន័យ​ ធ្វើ​តេស្ត​សមត្ថភាព​គិត ពី​មនុស្ស​ជិត​២​ម៉ឺន​នាក់ ដែល​រស់​នៅ​ក្នុង​តំបន់​ដែល​សម្បូរ​ដោយ​ផ្សែង​​ពុល ពី​រោង​ចក្រ និង​ផ្សែង​យាន​យន្ត​ ដែល​លទ្ធ​ផល​នោះ​គឺ បង្ហាញ​ថា ការ​គិត​របស់​ពួក​គេ​​ទទួល​បាន​ពិន្ទុ​តិច​បំផុត បើ​ធៀប​នឹង​អ្នក​រស់​នៅ ក្នុង​បរិស្ថាន​ពុំ​សូវ​មាន​ផ្សែង​ពុល​។

លោក​សាស្រ្តាចារ្យ​ Xi Chen អ្នក​ចូល​រួម​ក្នុង​ការ​ស្រាវជ្រាវ​​ខាង​លើ បាន​និយាយ​ថា៖ “ខ្យល់​ពុល អាច​ធ្វើ​ឱ្យ​កម្រិត​នៃ​ការ​គិត​ ពិចារណា​ ថយ​ចុះ បើ​យើង​គណនា​ទៅ គឺ​ដូច​នឹង​ការ​មិន​បាន​ហ្វឹក​ហាត់​រៀន​សូត្រ​ពេញ​មួយ​ឆ្នាំ​ អីចឹង”។

ដោយ​ឡែក បើ​តាម​អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន Polytechnic ទី​ក្រុង​ហុងកុង លោក​ Derrick Ho បាន​បង្ហាញ​​ថា ការ​ស្រាវជ្រាវ​​នៅ​វិទ្យាស្ថាន​របស់​លោក ក៏​បាន​រក​ឃើញ​ពី​បញ្ហា​ដូច​គ្នា​នេះ​ដែរ។ លោក​បាន​និយាយ​ថា​៖ “នៅ​ក្នុង​ខ្យល់​ពុល មាន​សមាសធាតុ​​ជា​ច្រើន​ ហើយ​ភាគ​ច្រើន​អាច​ធ្វើ​ឱ្យ​មនុស្ស​ស្រ្តេស រលាក​ជាលិកា​​សរសៃ​ប្រសាទ ឬ​ពេល​ខ្លះ​ថែម​ទាំង​​បាត់​បង់​នូវ​មុខ​ងារ​របស់​សរសៃ​ប្រសាទ​ទៀត​ផង”។

អត្ថបទ​ពាក់​ព័ន្ធ៖ 

ដោយ​ឃើញ​ ពី​ផល​អវិជ្ជមាន ធ្វើ​ឱ្យ​ខាត​បង់​ប្រយោជន៍​ច្រើន​ទៅ​ដល់​សង្គម ក្រុម​អ្នក​ស្រាវជ្រាវ​បាន​អំពាវ​នាវ​ដល់​អាជ្ញាធរ​​ពាក់​ព័ន្ធ​ទាំង​អស់​ គួរ​តែ​មាន​វិធាន​ការ​ដោះ​ស្រាយ។ ការ​ស្រាវ​ជ្រាវ​ខាង​លើ​នេះ​ផ​ងដែរ​បាន​ធ្វើ​​ឡើង​ ដោយ​ក្រុម​ការងារ​ផ្នែក​វេជ្ជសាស្រ្ត ​នៃ​សាកលវិទ្យាល័យ​​ Yale ​សហរដ្ឋអាមេរិក៕ ​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 13, 2020 | កែសម្រួលចុងក្រោយ ខែ​មករា 15, 2020

ប្រភព
អ្នកអាចចូលចិត្ត