ជាទូទៅ ការមានផ្ទៃពោះបង្កឲ្យមានការប្រែប្រួលរាងកាយ និងអ័រម៉ូនសំខាន់ៗរបស់ស្ត្រីដែលធ្វើឲ្យមុខងារក្រពេញទីរ៉ូតអ៊ីតផ្លាស់ប្ដូរ។ នេះមានន័យថា ក្នុងពេលពពោះ អ័រម៉ូនទីរ៉ូអ៊ីតអាចចុះខ្សោយ ឬលើស ហើយចំពោះករណីលើសអ័រម៉ូនទីរ៉ូអ៊ីតពេលពពោះ អាចបណ្ដាលឲ្យទាំងម៉ាក់ៗ និងកូនក្នុងផ្ទៃប្រឈមនឹងបញ្ហាជាច្រើន។
 
ទាក់ទងនឹងបញ្ហានេះ មន្ទីរពេទ្យ កាល់ម៉ែត បានបកស្រាយឲ្យដឹងថា អ័រម៉ូនទីរ៉ូអ៊ីតត្រូវបានបញ្ចេញចោលពីក្រពេញទីរ៉ូអ៊ីតដែលមានរាងដូចមេអំបៅ ស្ថិតនៅផ្នែកខាងមុខនៃដើមក ដើម្បីទ្រទ្រង់ជីវិតមនុស្ស។ ការកើនឡើងលើសពីប្រក្រតីនៃអ័រម៉ូននេះ បង្កឲ្យមានវិបត្តិសុខភាពធ្ងន់ធ្ងរ។ បញ្ហាលើសអ័រម៉ូនទីរ៉ូអ៊ីតពេលពពោះ មានអត្រារហូតដល់ ០,២% នៃស្ត្រីមានផ្ទៃពោះ និងអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ម្ដាយ និងទារកក្នុងផ្ទៃ បើមិនបានព្យាបាលត្រឹមត្រូវ ឬទាន់ពេលវេលា។
ផលពិបាកលើម្ដាយ
- រលូតកូន
 - កូនកើតមិនគ្រប់ខែ
 - ឡើងសម្ពាធឈាមពេលពពោះ
 - កើតជំងឺបម្រុងក្រឡាភ្លើង
 - ខ្សោយបេះដូង។
 
ផលពិបាកលើគភ៌
- រូបរាងមិនប្រក្រតី
 - ការលូតលាស់យឺតយ៉ាវ
 - កូនស្លាប់ក្នុងផ្ទៃ
 - លើសអ័រម៉ូនទីរ៉ូអ៊ីតលើកូន។
 
មន្ទីរពេទ្យ កាល់ម៉ែត បានបន្ថែមថា មូលហេតុដែលបណ្ដាលឲ្យលើសអ័រម៉ូនទីរ៉ូអ៊ីតពេលពពោះ អាចបង្កឡើងដោយជំងឺ Basedow ដុំពកកច្រើន និងការរលាកក្រពេញទីរ៉ូអ៊ីតផ្សេងៗទៀត។ រោគសញ្ញានៃបញ្ហាលើសអ័រម៉ូនទីរ៉ូអ៊ីតពេលពពោះមានដូចជា៖
- ស្រកទម្ងន់ ឬមិនឡើងទម្ងន់អំឡុងពេលពពោះ
 - ក្អួតខ្លាំង (ចាញ់កូនខ្លាំង)
 - ហត់ អស់កម្លាំង
 - បេះដូងដើរញាប់
 - ឆាប់ខឹង ឆាប់មួម៉ៅ ៕
 

[embed-health-tool-due-date]




















