ម៉ាក់ៗពពោះគ្រប់រូបគួរយកជិតទុកដាក់ថែទាំសុខភាពឲ្យបានល្អមែនទែន ព្រោះកាលណាបើធ្វេសប្រហែសបន្តិច អាចធ្វើឲ្យការពពោះមិនបានរលូន ជាពិសេសអាចធ្វើឲ្យអាអូនក្នុងផ្ទៃជួបបញ្ហាច្រើនទៀតផង។ ស្របគ្នានេះដែរ មានម៉ាក់ៗមួយចំនួនប្រឈមនឹងបញ្ហាកូនក្នុងផ្ទៃដុះលលាដ៍ក្បាលមិនជិត តែមិនដឹងថាបណ្ដាលមកពីកត្តាអីឲ្យប្រាកដនោះទេ។
បញ្ហានេះ លោកវេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ជំនាញផ្នែកសម្ភព និងរោគស្ត្រី បានឲ្យដឹងថា ក្នុងករណីដែលទារកនៅក្នុងផ្ទៃមានបញ្ហាលលាដ៍ក្បាលបិទមិនជិត អាចបណ្ដាលឲ្យកូននោះមានខួរក្បាលតែមួយចំហៀង ឬពេលខ្លះគ្មានខួរក្បាលតែម្ដង។
លោកថា បើតាមការស្រាវជ្រាវ ម្ដាយដែលកង្វះជាតិ អាស៊ីដហ្វូលិក និង វីតាមីន B9 មិនត្រឹមតែធ្វើឲ្យឆ្អឹងលលាដ៍ក្បាលបិទមិនជិតទេ អាចធ្វើឲ្យឆ្អឹងខ្នងរបស់ទារកបិទមិនជិតបានដូចគ្នា ហើយនៅមានកត្តាដែលបណ្ដាលមកម្ដាយច្រើនទៀតដូចជា ប្រើប្រាស់ថ្នាំប្រកាច់ (ក្នុងករណី ម្ដាយមានជំងឺឆ្កួតជ្រូក) ម្ដាយមានជំងឺទឹកនោមផ្អែមប្រភេទទី១។ល។
វេជ្ជបណ្ឌិតផ្នែកសម្ភពរួបនេះបន្តថា ស្ត្រីពពោះត្រូវដឹងថា ប្រសិនបើកូននៅក្នុងផ្ទៃ មានឆ្អឹងលលាដ៍ក្បាលដុះមិនជិត គឺគ្មានវិធីព្យាបាលអីឲ្យឆ្អឹងដុះជិតវិញបានទេ ពោលគឺយើងមិនអាចធ្វើអ្វីបានទាំងអស់ បើកូនមានបញ្ហាដុះលលាដ៍ក្បាលមិនជិតបែបនេះហើយ។