ការវះកាត់សម្រាលកូន ជាវិធីសម្រាលមួយដែលស្ត្រីពពោះមួយចំនួនជ្រើសរើសយក ក្រៅពីសម្រាលដោយធម្មជាតិ ព្រោះខ្លាចឈឺចាប់ ឬមានឧបសគ្គណាមួយមិនសម្រាលតាមធម្មជាតិបាន។ ក្នុងអំឡុងពេលវះកាត់ សរីរាង្គក្នុងពោះនៅក្បែរស្បូន ដូចជា ពោះវៀន ផ្លូវបញ្ចេញទឹកនោម ប្លោកនោម សរសៃឈាមតូចៗអាចនឹងត្រូវប៉ះទង្គិច និងត្រូវរងរបួស ដំបៅ ជាំ ឬរលាក។
តាមលោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសផ្នែកសម្ភព និងរោគស្ត្រីបានឲ្យដឹងថា ថ្វីបើជាការកម្រក៏ដោយតែការប៉ះពាល់ដល់សរីរាង្គក្បែរស្បូន អាចកើតឡើងបានប្រសិនបើមានការជ្រុលជ្រួសបន្តិច និងជាយថាហេតុណាមួយ។ ម៉ាក់ៗពពោះមួយចំនួនគិតថា ការសម្រាលកូនដោយវះកាត់ស្រួលជាងការសម្រាលកូនដោយធម្មជាតិ ប៉ុន្តែសុខភាពត្រូវប្រឈមនឹងហានិភ័យកើតឡើងដោយការវះកាត់សម្រាលញឹកញាប់ប៉ុន្មាននេះ។
១. ហានិភ័យនៃការហូរឈាមធ្ងន់ធ្ងរ
នៅក្នុងករណីមានការហូរឈាមច្រើនខុសប្រក្រតីចេញពីស្បូនដែលអាចប៉ះពាល់ដល់ជីវិតម៉ាក់ៗឆ្លងទន្លេ។ ២៤ម៉ោងដំបូងជាពេលវេលាដែលមានការឈឺចុកចាប់ខ្លាំងណាស់ និងទាមទារឲ្យមានការផ្ដល់ថ្នាំបំបាត់ការឈឺចាប់។ ម៉ាក់ៗ អាចមានស្នាមជាំ ការបង្ករោគលើស្នាមវះកាត់ហើយរបួសនេះត្រូវការព្យាបាលដិតដល់។
២. ហានិភ័យនៃការរលាកផ្លូវទឹកនោម
ហានិភ័យជួបញឹកញាប់មួយទៀតនោះ គឺស្ត្រីអាចកើតរលាកផ្លូវទឹកនោមបន្តិចបន្តួច ប៉ុន្តែមិនមែនជាជំងឺអ្វីធ្ងន់ធ្ងរគួរឲ្យព្រួយបារម្ភខ្លាំងឡើយគ្រាន់តែត្រូវការថែរក្សាខ្លួន និងប្រុងប្រយ័ត្នខ្លាំងបន្តិចជាងការបង្កើតកូនតាមបែបធម្មជាតិប៉ុណ្ណោះ។
៣. ហានិភ័យដុំកំណកឈាម
ការព្យាបាលមានករណីពិសេសខ្លះ ក្រោយវះកាត់បង្កើតកូនហើយ គ្រូពេទ្យផ្ដល់ថ្នាំព្យាបាលប្រឆាំងនឹងការឆាប់កកឈាមក្នុងរយៈពេលស្នាក់នៅក្នុងមន្ទីរពេទ្យ ដើម្បីកាត់បន្ថយគ្រោះថ្នាក់មានដុំកកឈាមក្នុងសរសៃវែននៅជើង ឬស្ទះសរសៃឈាមនៅសួត។
![](https://cdn.hellokrupet.com/wp-content/uploads/2021/04/សម្រាលកូន៦.jpg)