ដោយសារបច្ចេកទេសជឿនលឿន ម៉ាក់ៗពពោះ អាចសម្រេចសម្រាលកូនបានទាំងធម្មជាតិ និងដោយការវះកាត់។ ជាទូទៅ ពេទ្យណែនាំថា ការសម្រាលដោយវះកាត់ធ្វើឡើងនៅពេលដែលម៉ាក់ៗមានលក្ខខណ្ឌសម្រាលដោយធម្មជាតិមិនបាន ប៉ុន្តែមានម៉ាក់ៗខ្លះ ទោះមិនមានបញ្ហារារាំងការសម្រាលដោយធម្មជាតិក៏ជ្រើសយកការវះកាត់ដែរ។ តែម៉ាក់ៗមានដឹងអត់ថា ការសម្រាលដោយវះកាត់ អាចប្រឈមនឹងហានិភ័យសុខភាពច្រើន។
ពាក់ព័ន្ធនឹងបញ្ហាសម្រាលដោយវះកាត់នេះ លោកវេជ្ជបណ្ឌិត សឿច័ន្ទ វិសាល ឯកទេសផ្នែកសម្ភព និងរោគស្ត្រី បានឲ្យដឹងថា ការសម្រាលដោយវះកាត់យកកូនក៏មានផលអាក្រក់ជាច្រើនដែលអាចកើតមានរួមមាន៖
ទី១. ស្អិតសរីរាង្គក្នុងពោះ (ស្អិតពោះវៀនជាមួយសរីរាង្គផ្សេងៗនៅក្នុងអាងត្រគាក)
ទី២. ស្នាមវះស៊ីជាប់គ្នាមិនបានល្អលើសាច់ស្បូន។ល។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
លោកបន្តថា ក្នុងករណីដែលស្នាមវះស៊ីជាប់គ្នាមិនបានល្អលើសាច់ស្បូន អាចបណ្ដាលឲ្យស្ត្រីជាម្ដាយជួបបញ្ហាច្រើនពីលើនេះទៀត៖
ពេលមានរដូវ គឺឈាមរដូវយូរថ្ងៃ អាចចុកពោះ វិបត្តិគ្មានកូន កូនកាច់សំបុកត្រង់ចំណុចស្នាមវះ ចាក់ឫសសុកចូលផ្លោកនោម សុកពាំងមាត់ស្បូន មានហានិភ័យបែកស្បូនពេលមានផ្ទៃពោះលើកក្រោយ។ល។ វេជ្ជបណ្ឌិតផ្នែកសម្ភព និងរោគស្ត្រីរូបនេះបញ្ជាក់ថា ចំពោះបញ្ហានេះ បើសិនម៉ាក់ៗមិនមានរោគសញ្ញាអ្វីលេចឡើងមកទេ គឺមិនទាមទារឲ្យមានព្យាបាលទេ ក៏ប៉ុន្តែក្នុងករណីដែលមានការធ្លាក់ឈាម ចុកពោះពេលមករដូវ ឬមានវិបត្តិអត់កូន ខាងក្រុមគ្រូពេទ្យអាចព្យាបាលដោយជួសជុលកន្លែងស្នាមវះមិនស៊ីគ្នា ឬឲ្យប្រើថ្នាំមួយចំនួន ឬមួយក៏ត្រូវកាត់ស្បូនចោលតែម្ដង។
លោកបានណែនាំឲ្យម៉ាក់ៗពពោះពិចារណាការសម្រាលកូនដោយវះកាត់នេះឡើងវិញ ព្រោះវាអាចផ្ដល់ហានិភ័យច្រើនយ៉ាងដល់ខ្លួន យកល្អគួរសម្រាលដោយធម្មជាតិដោយមិនចាំបាច់ខ្លាចខូចទ្រង់ទ្រាយប្រដាប់ភេទ និងសម្រេចសម្រាលដោយវះកាត់លុះត្រាតែមានឧបសគ្គមិនអាចសម្រាលដោយធម្មជាតិ ដោយមានវេជ្ជបញ្ជាច្បាស់លាស់ពីគ្រូពេទ្យជំនាញ។