យើងសុទ្ធតែដឹងហើយថាបញ្ហាធាត់លើសទម្ងន់ គឺមិនមែនល្អសម្រាប់សុខភាពយើងនោះទេ។ បញ្ហាធាត់លើសទម្ងន់អាចប្រឈមជាមួយនឹងជំងឺបេះដូង ស្ទះសរសៃឈាម និងទឹកនោមផ្អែម នឹងប្រឈមកាន់តែខ្ពស់នៅពេល BMI របស់យើងកាន់តែកើនឡើង។ ដូចគ្នាដែរបញ្ហាឈឺតាមសន្លាក់ដែលតែងតែកើតឡើងជារើយៗនោះ ក៏មានទាក់ទងជាមួយការឡើងទម្ងន់នេះដែរ ហើយមួយទៀតនោះវាមិនមែនកើតតែលើសន្លាក់ដែលទ្រទម្ងន់នោះទេ។
១-តើទម្ងន់ធ្វើឲ្យប៉ះពាល់ដល់សន្លាក់ដូចម្ដេច?
សន្លាក់មានតួនាទីសំខាន់ដើម្បីឲ្យខ្លួនរបស់យើងធ្វើចលនាបានពេញលេញ។ ប៉ុន្តែមានធ្លាប់ឆ្ងល់ទេថា តើទម្ងន់ខ្លួនរបស់យើងអាចមានឥទ្ធិពលដល់ការធ្វើចលនារបស់ដងខ្លួនបានដូចម្ដេច? ពេលយើងដើរលើដីរាបស្មើ ជង្គង់នឹងទ្រទម្ងន់១ដងកន្លះនៃទម្ងន់សរុបនៃដងខ្លួនរបស់យើង។ បានន័យថា បើមនុស្សម្នាក់មានទម្ងន់ ៨០គីឡូក្រាម នោះជង្គង់របស់យើងត្រូវទ្រទម្ងន់រហូតដល់ ១២០គីឡូពេលមនុស្សយើងបោះជំហានម្ដងៗ។
ក្នុងករណីយើងដើរលើកន្លែងមិនរាបស្មើវិញ ទម្ងន់ដែលជង្គង់ត្រូវទ្រគឺកាន់តែខ្លាំងទៅទៀត។ កម្លាំងដែលជង្គង់ត្រូវទ្រនឹងឡើងដល់ ២ ទៅ ៣ដងនៃទម្ងន់សរុបរបស់ដងខ្លួន នៅពេលដើរឡើងទីខ្ពស់ និងពេលយើងចុះជណ្ដើរ ឬឱនចងខ្សែស្បែកជើង ហើយបើពេលឱនរើសរបស់ជ្រុះវិញ កម្លាំងនោះនឹងឡើងដល់ ៤ ទៅ ៥ ដងនៃទម្ងន់ដងខ្លួនឯណោះ។