សារធាតុចិញ្ចឹម ៦ មុខ រាងកាយមនុស្សយើងត្រូវការចាំបាច់រាល់ថ្ងៃ

    សារធាតុចិញ្ចឹម ៦ មុខ រាងកាយមនុស្សយើងត្រូវការចាំបាច់រាល់ថ្ងៃ

    យោង​តាម អង្គការសុខភាព​ពិភពលោក (WHO) ឲ្យ​ដឹង​ថា សារធាតុ​ចិញ្ចឹម​សំខាន់ៗ ចាំ​បាច់​ណាស់​ក្នុង​ការ​ទ្រទ្រង់​ផលិត​ភាព ការ​លូតលាស់ និង​សុខភាព​ល្អ​របស់​មនុស្ស​យើង​ម្នាក់ៗ។ ប៉ុន្តែគ្នា​យើង​មួយ​ចំនួន​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ដែល​រាង​កាយ​ត្រូវ​ការ​ក្នុង​មួយ​ថ្ងៃ​មិន​គ្រប់​គ្រាន់ ឬ​ខ្លះ​មិន​សូវ​យល់​ដឹង​ថា ក្នុង​មួយ​ថ្ងៃ យើង​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​អ្វី​ខ្លះ​ដែល​រាង​កាយ​យើង​ត្រូវ​ការ? ខាង​ក្រោម​នេះ ជា​ពពួក​សារធាតុ​ចិញ្ចឹម​ដែល​រាង​កាយ និង​សុខភាព​យើង​ត្រូវ​ការ​ជា​ប្រចាំ​ថ្ងៃ ដើម្បី​ជួយ​ដល់​ដំណើរការ​ប្រព័ន្ធ​ផ្សេងៗ​ក្នុង​រាង​កាយ​មាន​ដូចជា៖

    ១. វីតាមីន

    ពពួក​វីតាមីន​ជា​មីក្រូសារធាតុចិញ្ចឹមដែល​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​រួម​មាន ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ ការពារ ឬ​ពន្យារ​ពេល​ជំងឺ​មហារីក​មួយ​ចំនួន រក្សា​ស្បែក​ឲ្យ​បាន​សុខភាព​ល្អ ជួយ​ទ្រទ្រង់​ឲ្យឈាមមាន​សុខភាព​ល្អ និង​ជួយ​ដល់​ខួរក្បាល និង​ដំណើរ​ការ​ប្រព័ន្ធ​សរសៃ​ប្រសាទ​ជាដើម។ នៅ​ក្នុង​នោះ​ដែរ មាន​១៣ ​វីតាមីន​ចាំបាច់ ​គឺ៖

    • វីតាមីន A
    • វីតាមីន D
    • វីតាមីន E
    • វីតាមីន K
    • វីតាមីន C
    • វីតាមីន B1 B12 B6 B2 B5 B3 B9 B7។

    ២. ជាតិរ៉ែ

    រ៉ែ​ជា​ប្រភេទ​មីក្រូសារធាតុចិញ្ចឹម ដែល​រាង​កាយ​ត្រូវ​ការ​មាន​ដូច​ជា ម៉ាញេស្យូម កាល់ស្យូម សូដ្យូម ប៉ូតាស្យូម ជាតិ​ដែក ទង់ដែង អ៊ីយ៉ូត។ល។ ហើយ​វា​ផ្ដល់​ជួយ​ទ្រ​ទ្រង់​រាង​កាយ​ដូច​ជា​ផ្នែក៖

    • រក្សា​តុល្យភាព​កម្រិត​ទឹក
    • ពង្រឹង​ឆ្អឹង
    • ជួយ​ថែ​រក្សា​សុខភាព​ស្បែក សក់ និង​ក្រចក
    • ពង្រឹង​សុខភាព​ឆ្អឹង
    • ជួយ​ដល់​សម្ពាធ​ឈាម។ល។

    ៣. ប្រូតេអ៊ីន

    ប្រូតេអ៊ីន ជា​មីក្រូសារធាតុចិញ្ចឹម ដែល​រាល់​ជាលិកា​ក្នុង​រាងកាយ​យើង​ត្រូវការ ដើម្បី​ដំណើរការ​សរីរាង្គ​បាន​ល្អ។ ប្រូតេអ៊ីន​អាច​ផ្ដល់​​ប្រយោជន៍​ច្រើន​ដូចជា៖

    • ធានា​ដល់​ការ​លូតលាស់ និង​អភិវឌ្ឍ​របស់​សាច់​ដុំ ឆ្អឹង សក់ និង​ស្បែក
    • បង្កើត antibodies អ័រម៉ូន និង​សារធាតុ​សំខាន់​ផ្សេងៗ
    • ជា​ប្រភព​ថាមពល​សម្រាប់​ជាលិកា និង​កោសិកា​ក្នុង​ពេល​ត្រូវការ។ល។

    យើង​បន្ថែម​វា​បាន​នៅ​ក្នុង​របប​អាហារ​ប្រចាំ​បាន​តាម​រយៈ​អាហារ​ជា​ប្រភព​ប្រូតេអ៊ីន​មួយ​ចំនួន​រួម​មាន សាច់​ក្រហម ត្រី និង​គ្រឿង​សមុទ្រ សណ្ដែក គ្រាប់​ធញ្ញជាតិ ឬ​សណ្ដែក​សៀង​ជាដើម។

    ៤. សារធាតុ​ខ្លាញ់

    គ្នា​យើង​មួយ​ចំនួន​ច្រើន​គិត​ថា អាហារ​ដែល​ខ្លាញ់​ច្រើន​មិន​ល្អ​សម្រាប់​សុខភាព តែ​មនុស្ស​យើង​ម្នាក់ៗ​ត្រូវ​ការ​ជាតិ​ខ្លាញ់​ខ្លះ ដើម្បី​ធ្វើ​ជួយ​សុខភាព​ឲ្យ​ល្អ។ ជាតិ​ខ្លាញ់​ផ្ដល់​ឲ្យ​រាងកាយ​នូវ​ថាមពល និង​ជួយ​ដល់​ដំណើរ​ការ​ផ្សេងៗ​របស់​រាងកាយ ប៉ុន្តែ​សារធាតុ​ខ្លាញ់​នេះ ជា​ខ្លាញ់​ល្អ​ៗ​សម្រាប់​សុខភាព​ដូចជា monounsaturated និង polyunsaturated និង​ចៀសវាង​រាល់​ជាតិ​ខ្លាញ់​មិន​ល្អ។ សារធាតុ​ខ្លាញ់​ល្អ​ជួយ​ដល់​ដំណើរ​ការ​រាងកាយ​ដូចជា៖

    • ការលូតលាស់​របស់​ជាលិកា
    • បង្កើត​ជាលិកា​ថ្មី
    • កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះ​ដូង និង​ទឹក​នោម​ផ្អែម​ប្រភេទ ២
    • ដំណើរ​ការ​ប្រព័ន្ធ​ភាពស៊ាំ និង​ការ​ផលិត​អ័រម៉ូន

    ៥. កាបូអ៊ីដ្រាត

    កាបូអ៊ីដ្រាត​សំខាន់​សម្រាប់​រាងកាយ ព្រោះ​វា​ជា​ជាតិ​ស្ករ​ដែល​ផ្ដល់​ថាមពល​ដល់​គ្រប់​កោសិកា និង​ជាលិកា​ក្នុង​រាងកាយ។ កាបូអ៊ីដ្រាត​ចែក​ចេញ​ជា​២ប្រភេទ​គឺ ធម្មតា និង​កំផ្លិច។ យើង​គួរ​តែ​កំណត់​ការ​ញ៉ាំ​កាបូអ៊ីដ្រាត​ធម្មតា​ដែល​ដូចជា​ពពួក​នំបុ័ងស បាយ និង​ pasta និង​បំពេញ​តម្រូវ​ការ​កាបូអ៊ីដ្រាត​កំភ្លិច ព្រោះ​វា​ជួយ​ដល់​រាងកាយ៖

    • ប្រព័ន្ធ​ការពារ​រាងកាយ
    • ដំណើរការ​ខួរក្បាល
    • ប្រព័ន្ធ​សរសៃប្រសាទ
    • ដំណើរការ​ប្រព័ន្ធ​រំលាយ​អាហារ ។ល។

    យើង​អាច​រក​កាបូអ៊ីដ្រាត​កំផ្លិច​នៅ​ក្នុង​អាហារ​ដូចជា បន្លែ អង្ករ​សម្រូប ផ្លែឈើ។ល។

    ៦. ទឹក

    ទឹក​ប្រហែល​ជា​សារធាតុ​ចិញ្ចឹម​សំខាន់​បំផុត​ដែល​រាងកាយ​ត្រូវការ។ ដូចដែល​យើង​ដឹង​ថា មនុស្ស​អាច​រស់​បាន​តែ ​២-៣ថ្ងៃ​ប៉ុណ្ណោះ បើ​មិន​បាន​ញ៉ាំ​ទឹក​។ គ្រាន់​តែ​យើង​ញ៉ាំ​ទឹក​មិន​បាន​គ្រប់​គ្រាន់ ក៏​អាច​ធ្វើ​ឲ្យ​ខ្សោះ​ជាតិ​ទឹក​ធ្វើ​ឲ្យ​ឈឺ​ក្បាល ឬ​ប៉ះពាល់​ដល់​សុខភាព​យើង​បាន។ ទឹក​ជួយ​ដំណើរ​ការ​រាង​កាយ​ដូចជា៖

    • កម្ចាត់​ជាតិ​ពុល​ក្នុង​ខ្លួន
    • បញ្ជូន​សារធាតុ​ចិញ្ចឹម
    • ទប់ទល់​បញ្ហា​ទល់​លាមក
    • ផ្ដល់​សំណើម​។ល។

    នៅ​ពេល​ដែល​ស្រេក​ទឹក គ្នា​យើង​គួរ​តែ​ចៀស​វាង​ញ៉ាំ​ភេសជ្ជៈ​ផ្អែម​រួម​មាន​តែ កាហ្វេ សូដា ទឹក​ក្រូច​ឆ្មារ ឬ​ទឹក​ផ្លែ​ឈើ​ដែល​បន្ថែម​ជាតិ​ស្ករ​ក្នុង​នោះ។

    អាហារូបត្ថម្ភ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.medicalnewstoday.com/articles/326132#water

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 22/12/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត