២. សុខភាពឆ្អឹង
ជាតិកាល់ស្យូមក្នុងល្ងខ្មៅគឺជាជាតិរ៉ែសំខាន់សម្រាប់សុខភាពឆ្អឹង ហើយល្ងខ្មៅក៏មានជាតិរ៉ែផ្សេងទៀតដែលជួយឲ្យឆ្អឹងរឹងមាំដូចជាម៉ាញ៉េស្យូម ផូស្វ័រ ស្ពាន់ ជាតិដែក និងស័ង្កសី។ ការទទួលបានជាតិម៉ាញ៉េស្យូមគ្រប់គ្រាន់អាចកាត់បន្ថយហានិភ័យជំងឺពុកឆ្អឹងនៅលើស្ត្រីក្រោយអស់រដូវ។ រីឯការខ្វះផូស្វ័រក្នុងរាងកាយអាចបង្កឲ្យមានការបាត់បង់កាល់ស្យូមក្នុងឆ្អឹង និងបង្កឲ្យមានជំងឺឆ្អឹងធ្ងន់ធ្ងរ។ ចំណែកឯជាតិស្ពាន់ ជាតិដែក និងស័ង្កសីក្នុងល្ងខ្មៅពាក់ព័ន្ធនឹងការផលិតខូឡាជែនដែលជួយដល់រចនាសម្ព័ន្ធរបស់ឆ្អឹង។
៣. រក្សាលំនឹងសម្ពាធឈាម
ល្ងខ្មៅសម្បូរដោយម៉ាញ៉េស្យូមដែលអាចបង្ការជំងឺលើសសម្ពាធឈាម។ ចំណែកឯជាតិខ្លាញ់ (polyunsaturated fats) និងសារធាតុ sesamin មានក្នុងប្រេងល្ងក៏ជួយក្នុងការរក្សាលំនឹងសម្ពាធឈាមដែរ។
៤. ប្រព័ន្ធរំលាយអាហារ
ជាតិសរសៃគឺជាផ្នែកមួយនៃអាហារដែលរាងកាយមិនអាចរំលាយ ឬស្រូបយកបាន ហើយជាតិសរសៃជួយដល់ការរំលាយអាហារ និងបន្ទន់លាមកដែលនេះជួយបង្ការការទល់លាមក។ ដោយជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរប្រក្រតី ជាតិសរសៃក្នុងល្ងខ្មៅអាចបន្ថយអាការៈបង្កដោយជំងឺរលាកពោះវៀន ជំងឺឫសដូងបាត និងជំងឺពោះវៀនផ្សេងទៀត។ បន្ថែមពីនេះទៀត ជាតិសរសៃត្រូវបានគេរកឃើញថាអាចកាត់បន្ថយហានិភ័យជំងឺមហារីកពោះវៀនធំ។
៥. គេងលក់ស្រួល
កង្វះជាតិម៉ាញ៉េស្យូមអាចបង្កឲ្យមានជំងឺគេងមិនលក់ និងតែងភ្ញាក់ពេលយប់។ ការរក្សាកម្រិតជាតិម៉ាញ៉េស្យូមអាចផ្តល់ប្រយោជន៍ដល់ការឆ្លើយតបទៅនឹងស្ត្រេស និងអ័រម៉ូនដែលជួយដល់ដំណេក។ មូលហេតុដែលជាតិម៉ាញ៉េស្យូមមានឥទ្ធិពលដល់ការគេងយប់អាចមកពីម៉ាញ៉េស្យូមជួយរក្សា GABA (gamma-aminobutyric acid) ក្នុងរាងកាយ។ GABA គឺជា neurotransmitter ដែលបង្កើតអារម្មណ៍ស្ងប់ និងរក្សាវដ្ដដំណេក។